ធ្វើចិត្តឱ្យខ្លាំងដូចជាសត្វតោក្នុងការប្រមាញ់គោលដៅ

3243

សត្វតោ គឺជាសត្វដ៏ខ្លាំងជាងគេក្នុងចំណោមសត្វសាហាវៗដទៃទៀតនៅក្នុងព្រៃ។ វាគឺជាសត្វដែលចេញប្រមាញ់ហើយកម្រនិងទទួលបរាជ័យ។ ប៉ុន្តែនៅពេលដេញប្រហារមិនបានសម្រេច ភាពខកបំណងរបស់វាមានខ្លាំងជាងមនុស្សទៅទៀត ព្រោះវាដឹងថាវាមិនងាយមានឱកាសល្អជាលើកទីពីរទេ។

បើទោះជាបរាជ័យប៉ុន្មានលើកក៏ដោយ សត្វតោ គឺមិនបោះបង់ការតស៊ូ និងគោលដៅរបស់វាក្នុងប្រមាញ់ជាដាច់ខាត។ ជីវិតមនុស្សក៏មិនខុសពីសត្វតោប៉ុន្មានដែរនៅក្នុងការព្យាយាមសម្រេចគោលដៅ។ បើសិនជាអ្នកមានអារម្មណ៍បាក់ទឹកចិត្តពីការដេញតាមគោលដៅរបស់អ្នក អ្នកគួររៀនចំណុចទាំង ៦ នេះពីសត្វតោ៖

អ្នកមានគោលដៅតែមួយគត់

កំណត់គោលដៅឱ្យបានច្បាស់ រួចត្រូវប្រាកដថា អ្នកគ្មានជម្រើសអ្វីផ្សេងក្រៅពីធ្វើវាឱ្យសម្រេចជោគជ័យឡើយ។ ឧទាហរណ៍ដូចជាសត្វតោដែលកើតមកដើម្បីប្រមាញ់និងធ្វើជាស្តេចសត្វលើអស់សត្វទាំងឡាយ ហើយអ្នកក៏ដូចគ្នា។ អ្នកកើតមកគឺដើម្បីសម្រេចគោលដៅក្នុងជីវិត។ ទោះជាត្រូវទទួលបរាជ័យប៉ុន្មានដងក៏ដោយ អ្នកនៅតែបន្តដំណើរទៅមុខរហូតសម្រេចក្តីប្រាថ្នារបស់អ្នក។

សម្រាក តែមិនឈប់

ដំណើរឆ្ពោះទៅរកគោលដៅគេចមិនផុតពីការបរាជ័យ បាត់បង់ទំនុកចិត្ត ប៉ុន្តែ  បើអ្នកសាកល្បងច្រើនលើកច្រើនសារហើយនៅតែបរាជ័យ អ្នកត្រូវប្តូរយុទ្ធសាស្រ្តថ្មី តែកុំប្តូរគោលដៅ។ អ្នកអាចសម្រាកមួយភ្លេតបាននៅពេលអ្នកខកចិត្ត និងអស់កម្លាំង តែសូមកុំបញ្ឈប់ដំណើរក្នុងការសម្រេចក្តីសុបិន្តរបស់អ្នកតែត្រឹមនោះ។ សត្វតោចេញប្រមាញ់ ១០ ដង បរាជ័យ ៨ ដង ទៅហើយ តែវានៅតែមិនព្រមឈប់រហូតចាប់បានអាហាររបស់វា។ នៅពេលបរាជ័យ អ្នកគួររៀនពីបទពិសោធន៍ទាំងនោះ រួចកែប្រែវាជាថ្មី ហើយសាកល្បងធ្វើវាម្តងទៀត។

ផ្តោតទៅលើភាពខ្លាំង

សមត្ថភាពរបស់អ្នក គឺជាចំណុចខ្លាំងដែលជួយឱ្យអ្នកសម្រេចជោគជ័យ។ មិនថាជួបឧបសគ្គធំប៉ុណ្ណា អ្នកត្រូវប្តេជ្ញាយកឈ្នះវាឱ្យបាន ប្រៀបដូចជាសត្វតោចង់់ចាប់សត្វក្របីដែលមានមាឌធំជាងវាអញ្ចឹង។ ភាពខ្លាំង ឬ សមត្ថភាពរបស់អ្នកគឺជាអ្វីដែលអ្នកត្រូវយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ រីឯចំណុចខ្សោយរបស់អ្នកជាអ្វីដែលអ្នកត្រូវពង្រឹង។

ជឿជាក់លើគោលដៅ

ក្តីស្រមៃ និងភាពជឿជាក់របស់អ្នក ផ្តើមចេញពីអ្នកដំបូងគេនិងជារៀងរហូត។ អ្នកត្រូវតែបន្ថែមសេចក្តីទុកចិត្តក្នុងក្តីសុបិន្តរបស់អ្នក និងបញ្ចេញសកម្មភាពហាក់ដូចជាវាកំពុងលេចរូបរាងចេញមកយ៉ាងពិតប្រាកដ។ ធ្វើបែបនេះ អ្នកនឹងបង្កើនក្តីសង្ឃឹមឱ្យខ្លួនឯងក្នុងការសម្រេចគោលដៅកាន់តែខ្លាំង។

ចេះចែករំលែក

ថ្វីត្បិតតែតោជាសត្វកាចសាហាវជាងគេក្នុងចំណោមសត្វសាហាវៗដទៃ ប៉ុន្តែ នៅពេលចាប់បានចំណី វាក៏មិនកំណាញ់ក្នុងការចែករំសាច់ដល់គ្នីគ្នារបស់វាដែរ។ នៅពេលអ្នកជោគជ័យ សូមកុំភ្លេចគុណចំពោះមនុស្សដែលបានជួយជ្រោមជ្រែងអ្នក។ អ្នកត្រូវចេះតបគុណ ចែករំលែកសេចក្តីសុខ និងផលប្រយោជន៍ដល់ពួកគេ បើទោះបីជាពួកគេធ្លាប់ជួយអ្នកតិចតួចក៏ដោយ ព្រោះយ៉ាងហោចណាស់ពួកគេក៏មិនបានអោបដៃឈរមើលអ្នកពេលអ្នកកំពុងត្រដាបត្រដួសដែរ។

ចេះរស់ក្នុងបច្ចុប្បន្នភាព

គ្រប់ពេលដែលចេញប្រមាញ់ សត្វតោតែងប្រឈមមុខនិងគ្រោះថ្នាក់ស្ទើរតែបាត់បង់ជីវិតម្តងៗទៅហើយ។ បន្ទាប់ពីនោះ វាតែងតែនាំចំណីឆ្ងាញ់ឱ្យកូនៗ និងប្រលែងលេងសប្បាយជាមួយកូនៗរបស់វា។ គោលដៅ និងអនាគត ជារឿងសំខាន់ដែលអ្នកត្រូវគិតគូរជាប់ជានិច្ច ប៉ុន្តែ អ្នកមិនគួរប្រងើយកន្តើយនិងជីវិតក្នុងពេលបច្ចុប្បន្នរបស់អ្នកទេ។ អ្នកត្រូវចេះដោះស្រាយបញ្ហានៅចំពោះមុខ និងបង្កើតភាពរីករាយក្នុងពេលបច្ចុប្បន្នតាមដែលអ្នកអាចធ្វើបាន ព្រោះពេលវេលាដែលកន្លងហួសមិនអាចត្រឡប់ក្រោយវិញបានទេ។

កំណត់គោលដៅឱ្យបានច្បាស់ បង្កើតវិធីសាស្រ្ត បន្ទាប់មកចាប់ផ្តើមវាយប្រហារ។ មិនថាត្រូវទទួលការចំអកប៉ុណ្ណាចំពោះភាពបរាជ័យ អ្នកត្រូវតែអត់ធ្មត់ និងចងចាំជានិច្ចថា អ្នកមានជម្រើសតែមួយគត់គឺ ត្រូវសម្រេចគោលដៅរបស់អ្នកឱ្យបាន៕

អត្ថបទដោយ៖ Ciel

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕