បច្ចុប្បន្ន ក្រុមហ៊ុនបច្ចេកវិទ្យាធំៗច្រើនដូចជា Amazon, Alibaba, Facebook, Microsoft, Google, Apple, Twitter និង Snapchat ។ ល។ មានការីកចម្រើន និងប្រកួតប្រជែងគ្នាយ៉ាងគួរឱ្យកត់សម្គាល់។
ខាងក្រោមនេះគឺជាការដកស្រង់ប្រវត្តិខ្លះៗរបស់ក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗ ១០ និងការរីកលូតលាស់របស់ពួកគេក្នុងរយៈពេលមួយទសវត្សចុងក្រោយ។
១. AMAZON
Amazon.com កាលពីដំបូងបំផុតមានឈ្មោះថា Cadabra.com ប៉ុន្តែដោយសារតែមេធាវីម្នាក់ស្តាប់លឺច្រឡំថា “cadaver” វាក៏ត្រូវបានផ្លាស់ប្តូរមកជា Amazon.com វិញ។ ក្រុមហ៊ុនលក់រាយផលិតផលតាមអនឡាញយក្សនេះត្រូវបានគេបង្កើតឡើងនៅថ្ងៃទី ០៥ កក្កដា ឆ្នាំ ១៩៩៤ ដោយលោក Jeff Bezos ដែលបច្ចុប្បន្នជាមហាសេដ្ឋីមានជាងគេនៅលើលោក។ Amazon មានបុគ្គលិកចំនួន ៥៦៦,០០០ នាក់ មានទីស្នាក់ការកណ្ដាលនៅទីក្រុង Seattle រដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ Amazon មានទ្រព្យសរុប ៧១៩.១ ពាន់លានដុល្លារ កំណើនប្រចាំឆ្នាំ ៧៨% និងកើនបាន ២០២០% ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ។
២. APPLE
APPLE ត្រូវបានបង្កើតឡើងនៅថ្ងៃទី ០១ មេសា ឆ្នាំ ១៩៧៦ ដោយស្ថាបនិក Steve Jobs និងមិត្តរបស់គាត់ Steve Wozniak និង Ronald Wayn។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន APPLE បច្ចុប្បន្ន គឺលោក Tim Cook និងមានបុគ្គលិក ១២៣,០០០ នាក់។ ក្រុមហ៊ុនបច្ចេកវិទ្យានេះមានមូលដ្ឋាននៅទីក្រុង Cupertino រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក និងមានទ្រព្យសរុប ៨៧៥.៣ ពាន់លានដុល្លារ។ កំណើនប្រចាំឆ្នាំរបស់ APPLE ៣០% ក្នុងមួយឆ្នាំ ហើយរយៈពេល ១០ ចុងក្រោយកើនសរុបបាន ៧៧០%។
៣. FACEBOOK
បណ្ដាញសង្គមដែលមានអ្នកប្រើប្រាស់ច្រើនបំផុតនៅលើលោក ត្រូវបានបង្កើតឡើងដោយស្ថាបនិកវ័យក្មេង Mark Zuckerberg ដែលលះបង់ការសិក្សាពីសកលវិទ្យាល័យ Harvard និងមិត្តរបស់គាត់ Eduardo Saverin, Andrew McCollum, Dustin Moskovitzand, Chris Hughes នៅថ្ងៃទី ០៤ ឆ្នាំ ២០០៤។ បច្ចុប្បន្ន FACEBOOK មានបុគ្គលិក ២៥,១០៥ និងមានមូលដ្ឋាននៅក្រុង Menlo Park រដ្ឋកាលីហ្វ័រញ៉ា ក្នុងទឹកដីសហរដ្ឋអាមេរិក។ ទ្រព្យរបស់ Facebook មាន ៥២០ ពាន់លានដុល្លារ កំណើនប្រចាំឆ្នាំ ៣៣% ក្នុងមួយឆ្នាំ និងកើនឡើងដល់ ៤៨៣% នារយៈពេល ១០ ឆ្នាំចុងក្រោយ។
៤. Alphabet
Alphabet ជាក្រុមហ៊ុនមេរបស់ Google ដែលបង្កើតឡើងដោយ Larry Page និង Sergey Brin នៅថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ១៩៩៨ នៅ Mountain View រដ្ឋ California សហរដ្ឋអាមេរិក ប៉ុន្តែ នាយកប្រតិបត្តិរបស់ Google នាពេលបច្ចុប្បន្នគឺលោក Sundar Pichai ជាជនជាតិឥណ្ឌា បានឡើងកាន់តំណែងនៅថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៥។ ទ្រព្យរបស់ក្រុមហ៊ុន Google មានតម្លៃ ៧៨៤.២ ពាន់លានដុល្លារ កំណើនប្រចាំមាន ៣៥% ក្នុងមួយឆ្នាំ ហើយវាកើនដល់ ៤១១% សម្រាប់រយៈពេល ១០ ឆ្នាំចុងក្រោយ។
៥. Microsoft
ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចនិងកម្មវិធី Software កុំព្យូទ័រ Software ត្រូវបានបង្កើតឡើងដោយ Bill Gates និង Paul Allen នៅថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ១៩៧៥ ក្នុងទីក្រុង Albuquerque រដ្ឋ New Mexico នៃ សហរដ្ឋអាមេរិក។ បច្ចុប្បន្នក្រុមហ៊ុននេះមានទីស្នាក់ការកណ្ដាលនៅទីក្រុង Redmond រដ្ឋធានី Washington និងមានលោក Satya Nadella ជានាយកប្រតិបត្តិ ឡើងកាន់តំណែងនៅថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០១៤។ ក្រុមហ៊ុន Microsoft មានបុគ្គលិកសរុប ១២៤,០០០ នាក់(ឆ្នាំ២០១៦)។ ទ្រព្យរបស់ Microsoft មានតម្លៃ ៧២៤.២ ពាន់លានដុល្លារ កំណើនប្រចាំឆ្នាំ ៤៧% ក្នុងមួយឆ្នាំ និងកើនដល់ ២៣១% ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។
៦. TWITTER
TWITTER កាលពីមុនត្រូវបានគេស្គាល់ថា Friendstalke ដែលជាបណ្ដាញសង្គមចែករំលែកពត៌មានដ៏ពេញនិយមមួយរបស់ប្រជាជនប៉ែកអឺរ៉ុប និងសហរដ្ឋអាមេរិក។ TWITTER ត្រូវបានបង្កើតឡើងដោយស្ថាបនិក Jack Dorsey, Noah Glass, Biz Stone និង Evan Williams នៅថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០០៦ នៅក្នុងទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក។ ស្ថាបនិកលោក Jack Dorsey បានឡើងកាន់តំណែងជានាយកប្រតិបត្តិរបស់ TWITTER ចាប់តាំងពីថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៥ រហូតមកទល់បច្ចុប្បន្ន ហើយក្រុមហ៊ុន Twitter Inc មានបុគ្គលិក ៣,៥៨៣ នាក់។ ទ្រព្យរបស់ Twitter មានតម្លៃ ២៤.១៥ ពាន់លានដុល្លារ កំណើនប្រចាំឆ្នាំមាន ៩៨% តែសម្រាប់រយៈពេល ១០ ឆ្នាំចុងក្រោយទិន្នន័យនេះបានប្រែប្រួលរហូតដល់ -២៨%។
៧. SNAP INC
SnapChat ដែលជាកម្មវិធីកម្សាន្ត និងផ្ញើសារ ពីដំបូងមានឈ្មោះថា Picaboo ប៉ុន្តែក្រោយមកក៏ត្រូវប្តូរមកជា SnapChat ក្នុងឆ្នាំ ២០១២។ វាត្រូវបានបង្កើតឡើងដោយ Evan Spiegel, Bobby Murphy និង Reggie Brown នៅថ្ងៃទី ១៦ កញ្ញា ឆ្នាំ ២០១១ និងអាចប្រើប្រាស់បានជាង ២២ ភាសាខុសគ្នានៅលើសកលលោក។ ក្រុមហ៊ុន SNAP INC មានបុគ្គលិកសរុប ៣,០៦៩ នាក់ មានការិយាល័យកណ្ដាលនៅទីក្រុង Venice រដ្ឋ California និងនាយកប្រតិបត្តិបច្ចុប្បន្នគឺលោក Evan Spiegel។ កំណើនប្រចាំឆ្នាំរបស់ SNAP INC បានធ្លាក់ចុះ -៣៣.៣% ប៉ុន្តែកាលពី ២០១៧ ក្រុមហ៊ុននេះបានប្រកាសជាសាធារណៈថាខ្លួនមានតម្លៃ ២៤ ពាន់លានដុល្លារ។
៨. ALIBABA
ក្រុមហ៊ុនលក់ទំនិញអនឡាញធំជាងគេនៅក្នុងប្រទេសចិន ALIBABA ត្រូវបានបង្កើតឡើងដោយលោក Jack Ma និង Peng Lei នៅថ្ងៃទី ០៤ មេសា ឆ្នាំ ១៩៩៩ នៅទីក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន។ ស្ថាបនិក ALIBABA លោក Jack Ma ជាមនុស្សធ្លាប់កម្សត់កម្រខ្លាំង និងធ្លាប់បង្រៀនភាសាអង់គ្លេសនៅសកលវិទ្យាល័យមួយដែលលោកទទួលបានប្រាក់ឈ្នួលតែ ១២ ទៅ ១៥ ដុល្លារប៉ុណ្ណោះក្នុងមួយខែ។ បច្ចុប្បន្ន ALIBABA មានលោក Daniel Zhang ជានាយកប្រតិបត្តិ និងមានបុគ្គលិក ៥០,០៩២ នាក់។ ទ្រព្យរបស់ ALIBABA មានតម្លៃ ៤៩៦ ពាន់លានដុល្លារអាមេរិក កំណើនប្រចាំឆ្នាំ ៨២% និងកើនដល់ ១០៨% សម្រាប់រយៈពេល ១០ ឆ្នាំចុងក្រោយ។
៩. NETFLIX
NETFLIX គឺជាក្រុមហ៊ុនផ្តល់សេវាកម្មកម្សាន្ត និងទស្សនាវីឌីអូរឿងថ្មីៗតាមទូរទស្សន៍ Reed Hastings និង Marc Randolph នៅថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ១៩៩៧ ក្នុងទីក្រុង Los Gatos រដ្ឋ California សហរដ្ឋអាមេរិក។ CEO បច្ចុប្បន្នរបស់ NETFLIX គឺលោក Reed Hastings ហើយក្រុមហ៊ុននេះមានបុគ្គលិក ៥,៤០០ នាក់។ ទ្រព្យរបស់ Netflix មានតម្លៃ ១២៤.១ ពាន់លានដុល្លារ កំណើនប្រចាំឆ្នាំមាន ១០៤% ក្នុងមួយឆ្នាំ និងកើនដល់ ៦២៥៩% ក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ។
១០. PAYPAL
ក្រុមហ៊ុនផ្ទេរ និងទូទាត់ប្រាក់តាមអ៊ីនធឺណេត PAYPAL ដែលមានមូលដ្ឋាននៅទីក្រុង San Jose រដ្ឋ California ត្រូវបានបង្កើតឡើងដោយស្ថាបនិក Ken Howery, Luke Nosek, Max Levchin, Peter Thiel និង Elon Musk នៅខែ ធ្នូរ ឆ្នាំ ១៩៩៨ ហើយត្រូវបានក្រុមហ៊ុន eBay ទិយយកក្នុងតម្លៃ ១.៥ ពាន់លានដុល្លារ នៅខែ កក្កដា ឆ្នាំ ២០០២។ នាយកប្រតិបត្តិរបស់ PAYPAL បច្ចុប្បន្នគឺលោក Daniel Schulman និងមានបុគ្គលិក ១៨,១០០ នាក់។ ទ្រព្យរបស់ PAYPAL មានតម្លៃ ៩៨.៦ ពាន់លានដុល្លារ កំណើនប្រចាំឆ្នាំ ៨៩% ក្នុងមួយឆ្នាំ និងកើនបាន ១២៩% ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ៕
ប្រភព៖ trendingstock
អត្ថបទដោយ៖ Ciel
