ប្រធានក្រុមហ៊ុនធានារ៉ាប់រង PHP ទម្លាយកំហុសទាំង ១២ ដែលគាត់បង្កើតពេលចេញរកស៊ីដំបូង

966

ថ្ងៃនេះយើងសូមលើកយកបទពិសោធន៍របស់ប្រធានក្រុមហ៊ុនធានារ៉ាប់រង​ PHP លោក​ Patrick Bet-David នៅពេលដែលគាត់បានចាប់ផ្ដើមប្រឡូកចូលក្នុងការធ្វើជំនួញដោយខ្លួនឯងដំបូង។ ខាងក្រោមនេះគឺជាកំហុសដែលគាត់បានធ្វើនៅក្នុងឆ្នាំដំបូងនៃអាជីវកម្មរបស់គាត់។

១. គាត់ស្ទើរតែឈប់រកសុី៖ នេះគឺជាការគិតខុសដ៏ធំជាងគេ។ គាត់គិតថាគាត់មិនអាចធ្វើវាបាន ការរកសុីមិនសាកសមឡើយ មានតែការធ្វើការអោយគេទេទើបសាកសមជាង តែសំណាងល្អដែរ ដែលគាត់នៅតែតស៊ូព្យាយាម ហើយសព្វថ្ងៃនេះគាត់មានទ្រព្យសម្បត្តិប្រហែល 70 លានដុល្លារ។

២. ចង់ក្លាយទៅជា CEO ពេក៖ នៅឆ្នាំដំបូងគាត់ព្យាយាមប្រែក្លាយខ្លួនទៅជាប្រធានក្រុមហ៊ុនលឿនពេក ដែលអ្វីដែលគាត់គួរធ្វើនោះគឺធ្វើជាអ្នកជំនាញខាងលក់ជាមុនសិន។ Mark Zuckerberg និង Elon Musk ពួកគាត់គឺជាអ្នកជំនាញខាងលក់គំនិត និងផលិតផលរបស់ខ្លួនមុន ទើបក្លាយទៅជាប្រធានក្រុមហ៊ុនតាមក្រោយ។ ចំនុចនេះគឺចង់មានន័យថា នៅពេលចេញរកសុីដំបូង អ្វីដែលសំខាន់បំផុតគឺយើងគួរតែគិតធ្វើដូចម្ដេចអោយលក់ផលិតផលអោយបានច្រើនជាមុនសិន។ 

៣. ព្យាយាមយកយោបល់ពីមនុស្សច្រើនពេក៖ គាត់ចង់ពង្រីកចំណេះដឹងខាងការរកសុី ហើយក៏បានសុំយោបល់ពីមនុស្សជាច្រើន សូម្បីតែអ្នកអោយយោបល់ខុសក៏មានដែរ។ ឧទាហរណ៍ នៅពេលគាត់អាយុ ២០ ឆ្នាំ គាត់បានសុំយោបល់ពី អ្នកលក់អោយក្រុមហ៊ុន 9 ផ្សេងគ្នា។ អ្នកលក់ទាំងនោះប្រាប់គាត់ថា វិធីត្រឹមត្រូវគឺយើងត្រូវរកលុយពីច្រើនប្រភពទើបអាចជោគជ័យ។ ក្រោយមកគាត់បានដឹងថានោះគឺជាវិធីខុស ចំណែកឯអ្នកផ្ដល់យោបល់អោយគាត់នោះនៅតែមិនទាន់ជោគជ័យដដែល។ អ្វីដែលយើងគួរធ្វើនោះគឺ ស្វែងរកអ្នកជោគជ័យណាដែលយើងចង់មានជីវិតដូចគេ ហើយសុំយោបល់ថាកាលដែលគេនៅកម្រិតដូចយើង តើគេបានធ្វើអ្វីខ្លះក្នុងអាជីវកម្មរបស់គេ។

៤. មិនដឹងថាត្រូវសួរយោបល់បែបណា៖ រឿងដែលពិបាកសម្រាប់គាត់នៅពេលដែលផ្លាស់ប្ដូរខ្លួនពីអ្នកធ្វើការទៅជាអ្នកជំនួញនោះគឺ ពេលនោះគាត់នៅតែមានគំនិតដូចអ្នកធ្វើការដដែល ដោយគាត់មិនចេះសួរយោបល់ ព្រោះកាលដែលគាត់នៅធ្វើការគឺគាត់តែងតែចាំទទួលបញ្ជាពីថ្នាក់លើជានិច្ច ហើយមិនដែលសួរនាំថាត្រូវធ្វើដូចម្ដេចដើម្បីអភិវឌ្ឍខ្លួន។ ដូចនេះនៅពេលដែលអ្នកក្លាយទៅជាអ្នកជំនួញ អ្នកត្រូវតែផ្លាស់ប្ដូរផ្នត់គំនិតពីការទទួលបញ្ជា ទៅជាអ្នកដែលស្វែងរកយោបល់ដោយខ្លួនឯង។ (តែក៏ត្រូវចេះសួរយោបល់ទៅអ្នកដែលអាចជួយយើងបាន ដូចបង្ហាញនៅក្នុងចំនុច ៣)

៥. ការបង្ខំ VS ការធ្វើជាគំរូ៖ នៅពេលចាប់ផ្ដើមដំបូងគាត់បានបង្ខំបុគ្គលិករបស់គាត់អោយធ្វើតាមការយល់ឃើញរបស់គាត់ពេក ដោយគាត់យល់ថាការធ្វើបែបនេះនឹងផ្ដល់ផលល្អ និងធ្វើអោយពួកគេជោគជ័យ។ ការធ្វើបែបនេះបែរជាធ្វើអោយអ្នកទាំងនោះមិនសូវជាចូលចិត្តគាត់ទៅវិញ។ នៅពេលនេះគាត់ដឹងថាវិធីដែលល្អបំផុតនោះគឺ ការធ្វើជាគំរូអោយគេមើល ប្រសិនបើគេចូលចិត្តគាត់ នោះគេនឹងធ្វើដោយខ្លួនឯងមិនចាំបាច់បង្ខំដូចមុនឡើយ។

៦. រស់នៅជីវិតក្នុងក្ដីស្រមៃរបស់ខ្លួនលឿនពេក៖ ពេលគាត់ចាប់ផ្ដើមរកលុយបានខ្លះ ដំបូងគាត់បានទៅទិញឡានថ្មីមួយ ទៅជប់លៀងប៉ាវមិត្តភក្កិ ហើយមានពេលខ្លះចំណាយអស់ 10000 ដុល្លារក្នុងមួយសប្ដាហ៍ ទាំងខ្លួនមិនមានលុយទាំងនោះ។ ហេតុអ្វីបានជាគាត់ហ៊ានធ្វើបែបនេះ? គាត់ធ្វើបែបនេះគឺដោយសារតែគាត់រំពឹងថាអាចនឹងរកបានប្រាក់ច្រើនជាងអ្វីដែលគាត់ចំណាយ តែក្នុងជំនួញមិនមានអ្វីដែលអាចអោយយើងទាយទុកបាន ហើយគាត់ក៏មិនអាចរកលុយទាំងនោះបាន ចុងបញ្ចប់ថែមទាំងជំពាក់ធនាគារទៀត។ គាត់ចង់ប្រាប់ថាពេលរកចំណូលបានដំបូងពីជំនួញ ចូរកុំចាយវាយខ្ជះខ្ជាយ ហើយយកលុយទាំងនោះទុកសម្រាប់ពង្រឹងមុខរបរយើងវិញ។

៧. ព្យាយាមលក់ផលិតផលច្រើន៖ ដំបូងគាត់ចាប់ផ្ដើមក្នុងវិស័យហិរញ្ញវត្ថុជាមួយក្រុមហ៊ុន Morgan Stanley តែនៅឆ្នាំ ២០០១ អ្នករកសុីជាច្រើនបានប្រឡូកក្នុងវិស័យផ្ដល់ប្រាក់កម្ជីទៅអ្នកទិញអចលនទ្រព្យ ហើយពួកគេរកបានចំណូលបានច្រើនគួរសម។ គាត់ស្ទើរតែត្រូវបានគេអូសទាញអោយចូលក្នុងការរកសុីខាងផ្ដល់ប្រាក់កម្ជីនោះដែរ តែចុងបញ្ជប់គាត់គិតថាមានតែការផ្ដោតជំនាញរបស់ខ្លួនទៅលើវិស័យមួយទេទើបជោគជ័យ។ នៅក្នុងសៀវភៅ​ Blue Ocean Strategy ក៏បាននិយាយថាដើម្បីអោយអាជីវកម្មមួយដំណើរការល្អយើងត្រូវផ្ដោតទៅលើទំនិញ ឬសេវាតិច តែយើងត្រូវមានជំនាញជាក់លាក់មួយក្នុងការលក់ទំនិញ ឬសេវានោះ។ 

៨. គិតថាខ្លួនឯងចេះអស់ហើយ៖ គាត់ចាប់ផ្ដើមរកសុីខ្លួនឯងដំបូងនៅអាយុ ២១ ឆ្នាំ ហើយពេលនោះគាត់គិតថាខ្លួនឯងអស្ចារ្យ  និងចេះអស់ហើយ តែក្រោយមកការរកសុីដំបូងនោះក៏ក្ស័យធនទើបគាត់ដឹងខ្លួន។ តែទោះជាយ៉ាងណាក៏គាត់យល់ថាការបរាជ័យនោះគឺល្អសម្រាប់ខ្លួន ហើយដឹងថាការដែលអនុញ្ញាតអោយខ្លួនឯងទទួលយកគំនិតល្អនិងការបង្រៀនពីអ្នកដទៃទើបជាការប្រសើរ។

៩. ជប់លៀងច្រើនហួសហេតុ៖ នៅប៉ុន្មានឆ្នាំដំបូងដែលគាត់ប្រឡូកក្នុងការរកសុី គឺគាត់ចូលចិត្តដើរលេង ផឹកសុីជាមួយមិត្តភក្តិរបស់ដល់ទៀបភ្លឺទើបចូលផ្ទះ ហើយព្រឹកឡើងត្រូវទៅធ្វើការទៀតទាំងខ្លួនគ្មានស្មារតីផ្ដោតអារម្មណ៍លើការងារ។ យប់មួយមានរឿងវៃគ្នាកើតឡើងក្នុងក្លឹបមួយ ហើយគាត់ស្ទើរតែនឹងត្រូវប៉ូលិសឃាត់ខ្លួន។ ចាប់តាំងពីពេលនោះមកគាត់ស្បថថានឹងឈប់ដើរលេងយប់ ហើយផ្ដោតពេលវេលាលើការសិក្សាជំនួញរបស់ខ្លួន និងអានសៀវភៅ។

១០. ធ្វើចរិតជាមេគេ៖ ទោះបីជាយើងជាមេរបស់គេក៏ដោយក៏យើងនៅតែគោរពម៉ោងការងារដដែល មិនមែនចេញចូលស្រេចតែចិត្តដែលធ្វើជាគំរូអាក្រក់ដល់បុគ្គលិកយើង។ ពេលក្លាយទៅជាអ្នកជំនួញ អ្វីដែលយើងបាត់បង់នោះគឺគ្មានអ្នកណានៅចាំត្រួតយើងដូចពីមុន ដែលនេះអាចជាចំនុចមួយមិនល្អផងដែរបើយើងមិនចេះគ្រប់គ្រងខ្លួន ហើយធ្វើអ្វីតាមតែចិត្តចង់។

១១. គ្មានកាលវិភាគច្បាស់លាស់៖ នៅពេលក្លាយទៅជាអ្នកជំនួញ យើងមិនមែនធ្វើការ ៨ម៉ោងដូចមុនឡើយ។ ការងាររបស់យើងពេលនេះគឺស្ទើរតែគ្មានពេលសម្រាក ដូចនេះយើងត្រូវបង្កើតកាលវិភាគមួយអោយច្បាស់លាស់ហើយពិន័យខ្លួនឯងនៅពេលដែលធ្វើតាមកាលវិភាគនោះមិនបាន។ 

១២. ការផ្ដោតលើគម្រោងអាជីវកម្ម (Business Plan)៖ ពេលចេញរកសុីយើងមិនចាំបាច់ផ្ដោតពេកទេលើគម្រោងអាជីវកម្ម អ្វីដែលយើងគួរផ្ដោតលើគឺសកម្មភាពការងារវិញដូចជា ការកំណត់ចំនួនអតិថិជនដែលយើងត្រូវតេទៅ ឬទៅជួប កំណត់ចំនួន business card ដែលយើងត្រូវអោយអតិថិជនគោលដៅក្នុងមួយថ្ងៃ ឬតេសួរសុខទុក្ខអតិថិជន (follow up)។ កំណត់ថាតើក្នុងខែនីមួយៗ យើងត្រូវរៀនអោយចេះនូវជំនាញអ្វីដែលអាចយកទៅប្រើបានក្នុងការរកសុី ឬអានសៀវភៅប៉ុន្មានក្បាល។ សកម្មភាពទាំងនេះទើបអាចពង្រឹងទំនាក់ទំនងជាមួយអតិថិជន និងធ្វើអោយអាជីវកម្មរីកចម្រើនបាន ហើយវាមានអត្ថប្រយោជន៍ច្រើនជាងគម្រោងជំនួញរបស់អ្នកទៅទៀត៕

Article by Bun

Source: Valuetainment

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។