មនុស្សដែលទទួលបានជោគជ័យបំផុតក្នុងអាជីវកម្មត្រូវជម្នះឧបសគ្គធំៗជាច្រើន ដើម្បីកំណត់អនាគតរបស់ពួកគេ។ ខាងក្រោមនេះគឺជាលេសមួយចំនួនដែលចែករំលែកដោយសហគ្រិនធ្លាប់មានបទពិសោធន៍ច្រើន គឺលោក Jensen ៖
១. ខ្ញុំមិនមានវិញ្ញាបនប័ត្រ ឬសញ្ញាប័ត្រ
មនុស្សជាច្រើនគិតថាលោក Jensen ប្រហែលជាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានជោគជ័យឡើយ ព្រោះគាត់មិនមានសញ្ញាប័ត្រ។ តែលោកបានធ្វើជាអ្នកបង្ហាត់បង្រៀននៅគ្រឹះស្ថានអប់រំផ្សេងៗជាច្រើន ហើយគាត់បានបើកអាជីវកម្មផ្ទាល់ខ្លួន និងមានក្រុមហ៊ុនយុទ្ធសាស្ត្រសាជីវកម្មរបស់គាត់ទៀតផង។
មិនមែនតែ Jensen ម្នាក់ឯងទេដែលមិនមានបរិញ្ញប័ត្រ សូមពិចារណាអំពីលោក Mark Zuckerberg, Bill Gates, Steve Jobs និង Oprah Winfrey ដែលអ្នកទាំងអស់នេះ បោះបង់ចោលមហាវិទ្យាល័យ តែជីវិតជោគជ័យយ៉ាងខ្លាំង។ លោក Jensen បានសរសេរថា: “បើអ្នកខ្វះសញ្ញប័ត្រ ប៉ុន្តែបើអ្នកដឹងថាអ្នកពិតជាមានសមត្ថភាព សូមឈប់គិតពីក្រដាសនោះទៀតទៅ”។ លោក Jensen បានសរសេរទៀតថា “ជាការពិត ប្រសិនបើវាមានសារៈសំខាន់ចំពោះអ្នក អ្នកក៏អាចវិនិយោគ ពេលវេលា និងប្រាក់កាសដើម្បីទទួលបានសញ្ញាប័ត្រនៅពេលក្រោយបានដែរ’’។
២/ ខ្ញុំមិនមានការច្នៃប្រឌិតគ្រប់គ្រាន់
លោក Jensen បាននិយាយថា “អ្នកមិនចាំបាច់ត្រូវមានគំនិតច្នៃប្រឌិតខ្លាំងដើម្បីទទួលជោគជ័យឡើយ។ អ្វីដែលសំខាន់ជាងនេះទៀតនោះគឺការខិតខំ និងភាពវៃឆ្លាត។”
ប្រសិនបើអ្នកមិនមានគំនិតច្នៃប្រឌិតសម្រាប់គម្រោងណាមួយទេ ចងចាំរឿងមួយ “បើអ្នកគិតថាខ្លួនឯងមានភាពច្នៃប្រឌិត នោះគឺមានន័យថាអ្នកមានភាពច្នៃប្រឌិតហើយ។”
៣/ ខ្ញុំបានព្យាយាមពីមុនហើយតែខ្ញុំបរាជ័យ
លោក Jensen បាននិយាយថាខណៈពេលដែលអ្នកត្រូវការវិធីសាស្រ្តផ្សេងគ្នា វាជារឿងសំខាន់ដែលអ្នកមិនត្រូវធ្វើឲ្យបាត់បង់ទំនុកចិត្តលើខ្លួនឯង។
លោក Jensen និយាយថា: “ចាប់ផ្តើមប្រាប់ខ្លួនឯងរាល់ព្រឹកថាអ្នកពិតជាអស្ចារ្យ ចំពោះអ្វីដែលអ្នកកំពុងធ្វើ” ។ ហើយធ្វើវានៅពេលអ្នកកំពុងបើកបរ មុនពេលអ្នកចូលគេងនៅពេលយប់ និងពេលច្រើនទៀត ។ ជាពិសេសប្រសិនបើអ្នកចេះនិយាយប្រាប់ខ្លួនឯងដោយការខំប្រឹងធ្វើការនោះអ្នកនឹងចាប់ផ្ដើមកាន់តែជឿថាអ្នកមានសមត្ថភាព។
៤/ ខ្ញុំមិនដឹងថាអ្វីដែលចំណង់ចំណូលចិត្តរបស់ខ្ញុំពិតប្រាកដនោះទេ
លោក Jensen បានសារភាពថាគាត់បានតស៊ូម្នាក់ឯងអស់ជាច្រើនទសវត្សមកហើយ។ គាត់បានសរសេរថា “ខ្ញុំមិនបានរកឃើញចំណង់ចំណូលចិត្តរបស់ខ្ញុំទេរហូតដល់ខ្ញុំមានអាយុ 30 ឆ្នាំ ហើយមានអ្នកខ្លះក៏រកមិនឃើញគោលបំណងនៃជីវិតរបស់ពួកគេដែរ ទោះបីជាពួកគេជិតស្លាប់ទៅវិញក៏ដោយ” ។
ដើម្បីចាប់ផ្តើមរកមើលអ្វីដែលអ្នកស្រឡាញ់ និងចង់ធ្វើ លោក Jensen បានផ្តល់អនុសាសន៍ជាក់ស្តែងថា “ចូលទៅហាងលក់សៀវភៅហើយរកមើល។ សូមកត់សម្គាល់ផ្នែកដែលអ្នកជក់ចិត្ត។ អ្នកអាចនឹងសម្លឹងមើលតម្រុយមួយទៅកន្លែងណាមួយដែលចំណង់ចំណូលចិត្តរបស់អ្នកស្ថិតនៅ៕”
