ការខ្ជះខ្ជាយពេលវេលារបស់អ្នកជំនួញ (ភាគ ១)

1190

ដើម្បីប្រកបអាជីវកម្មអោយមានដំណើរការរលូន ពិតណាស់ថាយើងត្រូវតែផ្ដោតការយកចិត្តទុកដាក់លើអាជីវកម្មយើងអោយបានច្រើន តែអ្នកជំនួញមួយចំនួននៅតែធ្វើកិច្ចការខ្លះដែលធ្វើអោយបាត់បង់ពេលវេលាដ៏មានតម្លៃទាំងមិនដឹងខ្លួន។ ខាងក្រោមនេះ គឺជាចំណុចដែលយើងអាចយកទៅពិចារណាដើម្បីកែតម្រូវការខ្ជះខ្ជាយពេលវេលារបស់យើងបាន។

១. ធ្វើការងារដែលមិនត្រូវធ្វើ៖ ក្នុងនាមជាអ្នកជំនួញម្នាក់ យើងត្រូវចេះបែងចែកការងារណាដែលផ្ដល់ផលប្រយោជន៍ច្រើនជាងដល់អាជីវកម្មយើង។ ប្រាកដណាស់ថាម្នាក់ៗសុទ្ធតែមានការងារប្រចាំថ្ងៃដែលខ្លួនត្រូវធ្វើ ប៉ុន្ដែយើងត្រូវចេះរកអ្នកចេះមកធ្វើការជំនួសយើង។ ឧទាហរណ៍ អ្នកចូលចិត្តឆ្លើយតបសារទៅអតិថិជន សរសេរឯកសារទាក់ទងនឹងអាជីវកម្ម  ឬអ្នកត្រូវកត់ត្រាបញ្ជីទិញលក់ រាប់ឃ្លាំងនៅរាល់ចុងខែ និងបង់ពន្ធជាដើម។ ប្រសិនបើអ្នកអាចជួលនរណាម្នាក់ដែលអាចធ្វើការងារទាំងនោះបាន ហើយអ្នកយកពេលនោះទៅធ្វើការងារណាដែលសំខាន់ជាងសម្រាប់អាជីវកម្មរបស់អ្នកវិញដូចជារៀបចំគម្រោងអាជីវកម្ម យុទ្ធសាស្ត្រធ្វើទីផ្សារ ទាក់ទងទៅអតិថិជនសំខាន់ៗ ឬដោះស្រាយបញ្ហាបន្ទាន់ តើអ្នកគិតថាគួរធ្វើកិច្ចការមួយណាល្អជាង? 

២. ចូលចិត្តទម្លាក់កំហុសទៅលើអ្នកដទៃ៖ ប្រសិនបើយើងគិតតែចាប់កំហុសបុគ្គលិក ឬដៃគូរអាជីវកម្មយើង នោះមួយថ្ងៃពេញ យើងមិនសូវបានធ្វើអ្វីដែលមានប្រយោជន៍ដល់ការរកសុីឡើយ គឺយើងនៅតែគិតពីបញ្ហានោះហើយស្វែងរកការខុសឆ្គងរបស់គេ ដើម្បីទម្លាក់កំហុស។ អ្វីៗដែលមានលក្ខណៈខុសប្រក្រតីនៅក្នុងអាជីវកម្មរបស់យើង គឺជាការទទួលខុសត្រូវរបស់យើង ទោះបីជាពេលខ្លះវាមិនមែនកើតឡើងដោយសារយើងក៏ដោយ។ រឿងដែលយើងត្រូវធ្វើនោះ គឺកុំសូវព្យាយាមចាប់កំហុសគេពេក តែយើងត្រូវរកចំណុចខ្វះខាត ក៏ដូចជាណែនាំដល់ពួកគេ ប្រសិនបើនៅតែមិនមានភាពប្រសើរឡើង វិធីចុងក្រោយមានតែបញ្ឈប់អ្នកបង្កបញ្ហានោះប៉ុណ្ណោះ។

៣. តែងតែគិតពីការបរាជ័យ៖ នេះគឺជាកំហុសមួយរបស់អាជីវករមួយចំនួនដោយពួកគេគិតតែខ្វាយខ្វល់ពីការបរាជ័យក្នុងជំនួញហើយធ្វើអោយស្ត្រេស មិនអាចយកពេលមកផ្ដោតអារម្មណ៍ទៅលើការងារបាន។ មានកត្តាជាច្រើនដែលអាចធ្វើអោយអ្នកបរាជ័យក្នុងជំនួញ ប៉ុន្ដែប្រសិនបើអ្នកនៅតែប្រឹងប្រែងធ្វើការជារៀងរាល់ថ្ងៃ នោះភាគរយនៃការបរាជ័យក៏កាន់តែចុះទៀប។ ក្នុងចំនុចនេះយើងចង់និយាយថា ប្រាកដណាស់យើងត្រូវតែខ្វាយខ្វល់ពីជំនួញរបស់យើងហើយយើងក៏ត្រូវធ្វើសកម្មភាពដែរ មិនមែនបានតែគិតពីបញ្ហារហូតដល់ស្ត្រេសខ្លាំង ហើយមិនអាចធ្វើការងារអ្វីផ្សេងបានឡើយ។ 

៤. ចូលចិត្តគិតពីដៃគូរប្រកួតប្រជែង៖ ហេតុអ្វីយើងត្រូវចង់ដឹងចង់លឺថា តើគូរប្រកួតប្រជែងរបស់យើងកំពុងធ្វើអ្វី និងប្រើយុទ្ធសាស្ត្រអ្វីក្នុងការរកសុីរបស់គេ? នេះគឺជាការចំណាយពេលគិតមួយដែលមិនសូវបានផលមកយើងវិញ។ អ្វីដែលយើងគួរធ្វើគឺសួរខ្លួនឯងថាតើយើងមានយុទ្ធសាស្ត្រណាដែលខុសប្លែកពីពួកគេ ព្រោះយើងចង់ធ្វើអ្វីដែលប្លែកដើម្បីទាក់ទាញអតិថិជនថ្មីៗ។ប្រសិនបើយើងព្យាយាមធ្វើដូចដៃគូរប្រកួតប្រជែងនោះប្រាកដណាស់ថាយើងនឹងនៅក្រោយគេមួយជំហាន។ 

៥. Notification នៅលើទូរស័ព្ទ៖ ក្នុងមួយថ្ងៃតើអ្នកដែលបានរាប់ចំនួន notification ដែលអ្នកទទួលបានទេ? សព្វថ្ងៃនេះមានកម្មវិធីច្រើនណាស់ដែលមាន notification ហើយពិតណាស់ដែលវាបានរំខានដល់ការងារ ឬការសិក្សារបស់អ្នក។ ប្រសិនបើអ្នកចង់ផ្ដោតអារម្មណ៍ទៅលើការងារណាមួយអោយបានល្អ អ្នកគួរបិទ notification ដែលមិនមានប្រយោជន៍សម្រាប់អាជីវកម្មរបស់អ្នកហើយទុកតែកម្មវិធីសម្រាប់ទាក់ទងជាមួយអតិថិជន ដូចជា អុីម៉ែល សារទូរស័ព្ទជាដើម។ ប្រសិនបើអាចធ្វើបាន នោះអ្នកប្រាកដជាឃើញពីការរីកចម្រើនក្នុងការងាររបស់អ្នកមិនខាន៕ (ភាគ២នៅទីនេះ)

ប្រភព៖ Valuetainment

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។