ពាក្យថា “ធ្វើការដើម្បីលុយ ឫ ដើម្បីតែប្រាក់ខែ” ត្រូវបានសង្គមនាពេលបច្ចុប្បន្នយល់ថាជារឿងមិនត្រឹមត្រូវ ព្រោះវាអាចធ្វើឱ្យមនុស្សឆាប់ធុញទ្រាន់និងការងារ។
យ៉ាងណាមិញ អ្នកស្រី Suzy Welch ដែលជាសហស្ថាបនិករបស់ស្ថាប័ន Jack Welch Management Institute ជាអ្នកការសែតអាជីវកម្ម ពិធីការនីទូរទស្សន៍ និងជាអ្នកនិយាយសាធារណៈផងនោះ បានគិតផ្ទុយវិញថា ការធ្វើការដើម្បីតែប្រាក់ខែមិនមែនជារឿងអាក្រក់ទេ បើអ្នកធ្លាក់ក្នុងស្ថានភាព ៣ នេះ៖
១. អ្នកកំពុងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់
ការបំពេញការងារដើម្បីតែប្រាក់ខែគឺជារឿងសមហេតុផល ប្រសិនបើអ្នកធ្លាក់ក្នុងស្ថានភាពមួយដែលតម្រូវឱ្យអ្នកធ្វើការតស៊ូដើម្បីបំពេញតម្រូវការចាំបាច់។ ឃ្លានេះ អ្នកស្រី Suzy Welch ចង់សម្តៅដល់កាលៈទេសៈ ដែលមនុស្សភាគច្រើនហៅថា “do-or-die” ដែលបង្ខំឱ្យមនុស្សប្រឹងប្រែងធ្វើការដើម្បីយកប្រាក់មកដោះបំណុល ឫ ដើម្បីដោះទាល់បន្ទាន់ណាមួយ។ អ្នកស្រីបន្តទៀតថា ក្នុងស្ថានភាពបែបនេះ អ្នកត្រូវខំរកលុយឱ្យច្រើនតាមដែលអ្នកអាចធ្វើបាន។
២. អ្នកមានផែនការផ្ទាល់ខ្លួន
អ្នកធ្វើការដើម្បីតែប្រាក់ខែ មិនមែនមានន័យថា ពួកគេជាមនុស្សមើលឃើញតែប្រាក់ធំជាងអ្វីៗទាំងអស់នោះទេ។ ប៉ុន្តែពួកគេធ្វើបែបនេះ ដោយសារតែពួកគេមានគម្រោងមួយដែលតម្រូវឱ្យពួកគេប្រឹងប្រែងប្រមូលដើមទុនមកបង្កើតអាជីវកម្មផ្ទាល់ខ្លួន ឫធ្វើអ្វីមួយដែលអាចជួយឱ្យពួកគេគេចចេញពីភាពជា “ទាសករការងារ” ដែលចាំតែធ្វើការឱ្យគេ។ ស្ថិតក្នុងស្ថានភាពនេះ អ្នកមិនគួរខ្លាចពាក្យរិះគន់ពីអ្នកដទៃឡើយ ព្រោះអ្នកដឹងច្បាស់ថាអនាគតរបស់អ្នកនឹងទៅជាយ៉ាងណា។
៣. អ្នកត្រូវការកែប្រែស្ថានភាពរស់នៅបច្ចុប្បន្នរបស់អ្នក
មនុស្សមួយចំនួនត្រូវខិតខំធ្វើការទាំងលំបាករាល់ថ្ងៃដើម្បីប្រមូលប្រាក់មកអភិវឌ្ឍស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេក្នុងសង្គម។ ពួកគេពិតជាមានអារម្មណ៍រអៀសខ្លួនណាស់ ប្រសិនបើពួកគេត្រូវបានគេរិះគន់ ឫ ឮពាក្យចរចាមអារាមណាដែលនិយាយអំពីពួកគេថា “ធ្វើការរាប់ឆ្នាំហើយ មិនឃើញសល់អ្វីសោះ”។ សម្រាប់អ្នកស្រី Suzy វិញ យល់ថា វាគ្មានអ្វីត្រូវរារែកទៀតទេដែលអ្នកត្រូវធ្វើការមួយថ្ងៃ ១០ ម៉ោងដើម្បីបំពេញបេសកកម្មរបស់អ្នក។
“ខ្ញុំពិតជាឆ្គួតដែលត្រូវនិយាយថា ចំណូលដែលបានមកពីការងារគឺមិនមានបញ្ហាដល់អ្នក។ ប៉ុន្តែ ប្រសិនបើប្រាក់ជាអ្វីៗដែលការងារផ្តល់ឱ្យ អ្នកត្រូវប្រាកដថា វាមានតម្លៃសម្រាប់អ្នកចំពោះហេតុផលមួយចំនួនប៉ុណ្ណោះ។ អ្នកត្រូវរកមើលអ្វីដែលថ្មី និងមានតម្លៃជាងនេះសម្រាប់ជីវិតរបស់អ្នក។” អ្នកស្រី Suzy Welch បានប្រាប់ដូច្នេះដល់ CNBC Make It។
ទោះជាយ៉ាងណា បុគ្គលជោគជ័យជាច្រើនក្នុងពេលបច្ចុប្បន្នយល់ថា ដើម្បីសម្រេចបានសុភមង្គលពិតប្រាកដ មិនមែនពឹងផ្អែកលើប្រាក់ខែខ្ពស់របស់ការងារនោះទេ៕
