គន្លឹះគ្រប់គ្រងហិរញវត្ថុសម្រាប់សហគ្រិនទើបចាប់ផ្តើមអាជីវកម្មថ្មីថ្មោង

2359

 

ការបង្កើតអាជីវកម្មមួយដោយដៃទទេ វាមិនមែនជារឿងងាយស្រួលនោះទេ។ ខណៈពេលដែលមនុស្សមួយចំនួនគិតថាគ្រាន់តែជ្រើសរើសឈ្មោះល្អមួយជាការស្រេច។ ផ្ទុយមកវិញ វាមានរឿងរ៉ាវជាច្រើនដែលយើងត្រួវធ្វើមុនពេលចាប់ផ្តើមអាជីវកម្មឲ្យបានជោគជ័យ។ វាត្រូវការ​ភាពក្លាហាន ឆន្ទៈ និង សមត្ថភាព ដើម្បីប្រឈមនឹងបញ្ហាជាច្រើន នៅពេលដំណើរការក្រុមហ៊ុន។ ក្នុងនាមជាសហគ្រិនរឿងដែលសំខាន់មួយគត់ ដែលយើងត្រូវផ្តោតទៅលើនោះគឺ ការគ្រប់គ្រង បញ្ជីគណនេយ្យឲ្យបានត្រឹមត្រូវ។ ខាងក្រោមនេះជាគន្លឹះខ្លះៗដែលអាចជួយឲ្យអ្នកដំណើរការហិរញវត្ថុប្រព្រឹត្តទៅយ៉ាងរលូន៖​

១. តាមដានការចំណាយ៖ នៅពេលដែលអ្នកចាប់ផ្តើមអាជីវកម្ម វាមានរឿងជាច្រើនដែលអ្នកត្រូវធ្វើ។ គ្រប់ការចំណាយរបស់បុគ្គលិក និងអ្នកធ្វើការក្នុងការិយាល័យទាំងអស់ត្រូវមានបញ្ជី ឬ វិក្កយបត្រដែលបញ្ជាក់ពីតម្លៃឲ្យបានច្បាស់លាស់ ហើយធ្វើការថែរក្សារនូវបញ្ជី ឬ វិក្កយបត្រទាំងនោះឲ្យបានត្រឹមត្រូវ។ បើទោះជាមានការត្រួតពិនិត្យយ៉ាងណាក៏ដោយ ក៏នៅមានចន្លោះប្រហោងខ្លះៗ នៅក្នុងដំណើរការនៃការគ្រប់គ្រងនោះដែរ។ លុយប្រៀបបីដូចជាខ្យល់​អ៊ីចឹង យើងទទួលបានវាថ្ងៃនេះ នៅថ្ងៃខាងមុនយើងនឹងចាយវាទៅអស់វិញមិនខាន។ ហេតុនេះហើយ អ្នកមិនត្រូវប្រហែសក្នុងការតាមដាន ការចំណាយ​របស់អ្នកនោះទេ។​

២. កុំពឹងផ្អែកលើបំណុលកាតឥណទានសម្រាប់ធ្វើអាជីវកម្ម៖ មានរឿងរ៉ាវបរាជ័យជាច្រើន នៅពីក្រោយសហគ្រិនជោគជ័យ ដែលមនុស្សគ្រប់គ្នាមិនដែលចាប់អារម្មណ៍។​ ការខ្ចីទុនដើម្បីចាប់ផ្តើមអាជីវកម្មពីប័ណ្ណឥណទាន វាមិនមែនជាជម្រើសល្អនោះទេ តែផ្ទុយមកវិញវាបែរជាបំណុលរយៈពេលខ្លីទៅវិញ។ អ្នកគួរតែប្រើវាក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់ មិនមែនសម្រាប់បង្កើនលំហូរសាច់ប្រាក់នោះទេ។ ជម្រើសដ៏ល្អនោះ គឺថាអ្នកមិនត្រូវពឹងផ្អែកទៅលើបំណុលឥណទានទាំងស្រុងនោះទេ។

៣. កំណត់គោលដៅឲ្យបានច្បាស់៖ ការកំណត់គោលដៅ គឺមានសារៈសំខាន់ណាស់ ហើយការគោរពតាមគោលដៅដែលយើងបានកំណត់រួច គឺវារឹតតែសំខាន់។ ការធ្វើបែបនេះ វាអាចធ្វើឲ្យអ្នករក្សាបាននូវគោលជំហរនៃអាជីវកម្មឲ្យកាន់តែរឹងមាំ។ ដូច្នេះ ត្រូវមានភាពច្បាស់លាស់ជាមួួយគោលដៅរបស់អ្នក និងអនុវត្តតាមឲ្យបានខ្ជាប់ខ្ជួន។ អ្វីដែលត្រូវទិញ ហេតុអ្វីបានជាទិញ និងទិញវាដោយរបៀបណា ទាំងនេះហើយដែលអ្នកត្រូវចាំក្នុងចិត្ត។

៤. ស្វែងរកអ្នកជំនាញប្រឹក្សាយោបល់៖ ក្នុងនាមជាបុគ្គល អ្នកអាចស្វែងរកអ្នកប្រឹក្សា ដែលអាចជួយអ្នកក្នុងការគ្រប់គ្រងហិរញវត្ថុផ្ទាល់ខ្លួន។ ក្នុងនាមជាសហគ្រិន អ្នកអាចបន្តធ្វើការជាមួយដៃគូររបស់អ្នក និងស្វែងរកអ្នកប្រឹក្សាយោបល់ផ្នែកហិរញវត្ថុ ដែលអាចណែនាំក្នុងការដំណើរការអាជីវកម្ម។ មិនត្រូវមានភាពអៀនខ្មាសក្នុងការស្វែងរកអ្នកប្រឹក្សាយោបល់ទេ។

៥. ផ្តោតសំខាន់លើថវិកា៖ សម្រាប់អ្នកដែលស្ថិតក្នុងដំណាក់កាលដំបូងនៃការបង្កើតអាជីវកម្ម អ្នកត្រូវដឹងពីតម្រូវការផ្នែកហិរញវត្ថុផ្ទាល់ខ្លួន ដែលអ្នកត្រូវការ ហើយធ្វើការកំណត់ថាតើអ្នកត្រូវការប្រាក់ប៉ុន្មានដើម្បីចាប់ផ្តើមអាជីវកម្ម និងប្រាក់នោះអាចឲ្យអ្នកឈរជើងបានប៉ុន្មានឆ្នាំ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។