គ្មានលុយច្រើនធ្វើទីផ្សារមែនទេ? វិធីធ្វើទីផ្សារទាំងនេះអាចជួយអ្នកបាន

2463

មនុស្សជាច្រើននិយាយថា បើចង់ជោគជ័យឆាប់ ត្រូវមានលុយច្រើនចំណាយធ្វើទីផ្សារ។ ប៉ុន្តែប្រសិនបើអ្នកទើបបើកអាជីវកម្មដំបូង ហើយចាប់ផ្តើមពីតូច និងមិនសូវមានលុយទៀតនោះ វិធីទាំងនេះអាចដោះស្រាយបញ្ហាផ្នែកទីផ្សារជូនអ្នកបាន ហើយប្រហែលជាអាចធ្វើឲ្យវាផ្ទុះទៀតផង៖

១. សរសេរគម្រោងផ្សាយលើបណ្តាញសង្គម

មកដល់ពេលនេះ នៅកម្ពុជា Facebook គឺជាបណ្តាញសង្គមលេខមួយដែលមានអ្នកប្រើប្រាស់ច្រើនជាងគេ ប៉ុន្តែវាមិនមានន័យថាអ្នកត្រូវតែផ្តោតលើ Facebook តែមួយមុខទេ ត្បិតនៅមានបណ្តាញសង្គមជាច្រើនទៀតដូចជា Instagram ដែលកំពុងតែពេញនិយមពីយុវវ័យនៅកម្ពុជាផងដែរ។

នៅក្នុងគម្រោងនេះ អ្នកអាចផលិតវីឌីអូខ្លីៗតែគួរឲ្យចាប់អារម្មណ៍ អាចឲ្យមានអ្នក share ច្រើន។ វាអាចធ្វើឲ្យផេករបស់អ្នកមានគេឆាប់ស្គាល់លឿន និងចាប់អារម្មណ៍លើម៉ាកសញ្ញាផលិតផល ឬឈ្មោះហាងរបស់អ្នកជាដើម។ ពិតណាស់ថាអ្នកនិងត្រូវចំណាយលុយ Boost ផូសខ្លះ ប៉ុន្តែបើអ្នកប្រើគំនិតឆ្នៃប្រឌិតជំនួសឲ្យប្រើលុយ វាអាចមានប្រសិទ្ធភាពជាងប្រើលុយទៀតផង។

២. ចូលធ្វើជាវាគ្មិនកិត្តិយសប៉ុសិ៍វិទ្យុ

បើនិយាយពីការចូលធ្វើវាគ្មិនកិត្តិយសនៅតាមទូរទស្សន៍ និងតាមកម្មវិធីធំៗ វាអាចពិបាកបន្តិច លុះត្រាតែយើងពូកែក្នុងផ្នែកអ្វីមួយ។ ផ្ទុយមកវិញ នៅតាមវិទ្យុអាចនិងងាយស្រួលបន្តិច ព្រោះអ្នកអាចស្នើរសុំ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការឲ្យប៉ុសិ៍វិទ្យុណាមួយ ដើម្បីចូលចែលរំលកចំណេះដឹង បទពិសោធន៍ក្នុងកម្មវិធីណាមួយនៃស្ថានីយវិទ្យុនោះ។ បន្ទាប់មក នៅពេលអ្នកអាចចូលរួមបាន អ្នកនិងអាចមានឱកាសផ្សាយអំពីអាជីវកម្មរបស់អ្នកបានហើយ។

៣. សហការជាមួយម្ចាស់អាជីវកម្មផ្សេងដែលមានចំណុចទាក់ទងគ្នា

ឧបមាថា អ្នកបើកហាងកាហ្វេ អញ្ចឹងអ្នកអាចសហការជាមួយក្លិបសហគ្រិនវ័យក្មេងនានា ដោយផ្តល់ជាការរៀបចំបន្ទប់ ឬកន្លែងសម្រាប់ពួកគេប្រជុំ ហើយនៅពេលពួកគេមកប្រជុំនៅទីកន្លែងរបស់អ្នក ពួកគេប្រាកដជាទិញកាហ្វេ ឬចំណីអាហារពីហាងរបស់អ្នក។ មួយវិញទៀត ឧទាហរណ៍ជាក់ស្តែងសម្រាប់ “កម្មវិធីជំនួបតុកាហ្វេជាមួយ APAMAT TEAM” មានហាងកាហ្វេជាច្រើនទំនាក់ទំនងឲ្យទៅធ្វើជំនួបនេះនៅហាងកាហ្វេពួកគេ ដោយសារតែយើងអាចផ្សាយអំពីយីហោរ និងអាជីវកម្មរបស់ពួកគេដោយផ្ទាល់ និងមានការផ្សាយនៅលើវីឌីអូ និងផូសស្ទើរបស់ apamat.com ជាដើម ដោយមិនចាំបាច់ចំណាយលុយផ្សាយនោះទេ។ ក្រៅពីឧទាហរណ៍ខាងលើ អ្នកក៏អាចភ្ជាប់ទំនាក់ទំនងជាមួយម្ចាស់អាជីវកម្មផ្សេងៗ ដើម្បីទាញយកការផ្សាយដោយមិនគិតថ្លៃ តាមប្រភេទនៃអាជីវកម្មរបស់អ្នកផងដែរ។

៤. ចូលរួមកម្មវិធីនានា ដើម្បីបង្កើតបណ្តាញពានិជ្ជកម្ម

ឧទាហរណ៍ក្លិបអ្នកជំនួញមួយ គឺក្លិបអ្នកជំនួញវ័យក្មេង MMG ខេត្តបន្ទាយមានជ័យ ដែលក្លិបនេះតែងតែមានកម្មវិធីជួបជុំជារៀងរាល់ខែ ហើយក្នុងការជួបជុំនោះមានវាគ្មិនកិត្តិយសដែលត្រូវបានគេអញ្ជើញមកចែករំលែកបទពិសោធន៍ធ្វើអាជីវកម្ម។ ប្រសិនបើអ្នកមានភាពក្លាហានគ្រប់គ្រាន់ អ្នកអាចស្នើរសុំចូលទៅចែករំលែកក្នុងកម្មវិធីនោះ ហើយអ្នកនិងមានឱកាសផ្សាយពានិជ្ជកម្មយ៉ាងមានប្រសិទ្ធភាព ហើយមិនតែប៉ុណ្ណោះ អ្នកអាចភ្ជាប់បណ្តាញរកស៊ីជាច្រើន ឧទាហរណ៍ថា អ្នកមានហាងបោះពុម្ភ និងព្រីនរូប ដូច្នេះអ្នកអាចភ្ជាប់បណ្តាញជាមួយម្ចាស់អាជីវកម្មនៅក្នុងក្លិបនេះ ឲ្យមកព្រីនក្រដាសផ្សាយពានិជ្ជកម្ម នាមប័ន និងសេវាកម្មផ្សេងៗរបស់អ្នកបាន។ វាពិតជាវិធីមួយដែលមានប្រសិទ្ធភាព។

៥. ចាក់បទចម្រៀងនៅមុខហាង

វិធីនេះ ខ្ញុំជឿថាអ្នកប្រាកដជាធ្លាប់ឃើញ។ វាមិនចំណាយច្រើន តែវាអាចទាក់ភ្នែក ទាក់ត្រជៀក និងអារម្មណ៍របស់មនុស្សដែលឆ្លងកាត់ហាងរបស់អ្នក។

៦. ផ្សាយលើយានជំនិះផ្ទាល់ខ្លួនរបស់អ្នក

អ្នកអាចបិទយីហោរអាជីវកម្ម ឬរូបផ្សាយពានិជ្ជកម្មនៅលើឡាន និងម៉ូតូរបស់អ្នក អ្នកគ្រាន់តែចំណាយលើការព្រីនរូបទាំងនោះតែប៉ុណ្ណោះ។ ប៉ុន្តែបើអ្នកចង់ផ្សាយនៅលើឡានក្រុង និងតុកតុក អ្នកត្រូវបង់ថ្លៃផ្សាយគិតជាខែដល់ម្ចាស់អាជីវកម្ម ឬម្ចាស់យានជំនិះទាំងនោះ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។