ចំណុចពិសេស ៥ យ៉ាងរបស់បងធំក្នុងត្រកូល Lexus សេរ៊ី ES ឆ្នាំ 2019

615

ដូចដែលយើងបានដឹងហើយថាសេរ៊ី Lexus ES និង LS គឺជារៀមច្បងដែលចេញបង្ហាញខ្លួនមុនដំបូងគេបង្អស់ក្នុងត្រកូល Lexus ចាប់តាំងពីក្រុមហ៊ុនចាប់ផ្ដើមបើកដំបូងមកម្លេះ ពោលគឺនៅឆ្នាំ 1989 ក្នុងកម្មវិធី Detroit Auto Show។ ដោយកាលនោះក្រុមហ៊ុនបានផលិតឡើងដោយប្រើប្រាស់ត្រឹមតែបច្ចេកទេស និង រូបមន្ដតែមួយជាមួយនឹងសេរ៊ីរថយន្ត Camry តែប៉ុណ្ណោះ។ ប៉ុន្ដែប៉ុន្មានជំនាន់ក្រោយមក ឥឡូវវាក៏មានអ្វីដែលជាលក្ខណៈបចេ្ចកទេសពិសេស និង រូបមន្ដកំណត់សំគាល់ប្រចាំខ្លួនរបស់វាតែម្ដង រហូតឈានដល់លើកចុងក្រោយនេះ មានបន្ថែមមុខងារ F Sport Version អោយកាន់តែពិសេសទៀតផង។ នៅឆ្នាំថ្មី 2019 ខាងមុខនេះក្រុមហ៊ុននឹងផ្តោតលើការធ្វើអោយសេរ៊ី ES នេះជារថយន្តដែលមានភាពរឹងមាំខ្លាំង មានថាមពលខ្ពស់ និងលឿនជាងមុនលើសពីការរំពឹងទុកដែលនឹកស្មានមិនដល់ទៅកាន់អតិថិជនរបស់ខ្លួន។ ខាងក្រោយនេះជាអ្វីដែលយើងប្រាកដជាចង់ដឹងនៃរថយន្តដ៏ពិសេសនេះ៖

១. វាគឺជារថយន្ដកូនកាត់

លក្ខណៈបចេ្ចកទេសពិសេស និង រូបមន្ដកំណត់សំគាល់នៃរថយន្ដនេះ គឺជាគំនិតនឹកឃើញដំបូងរបស់ក្រុមស្ថាបត្យករពិសេសនៃក្រុមហ៊ុន TOYOTA ប្រចាំពិភពលោកតែម្ដង។ វាបានរចនាឡើងជាមួយរូបរាងថ្មី ដោយបន្ថែមប្រវែងបណ្ដោយ 2.6 អ៊ីង និង ទទឹង 2 អ៊ីង ពោលគឺធ្វើអោយវាបែរជាមើលទៅមានទំហំដូចជាម៉ូឌែល BMW Series 3 បន្តិច និង BMW Series 5 បន្ដិច ហើយថែមទាំងដូចម៉ូឌែល Mercedes C-Class ផង និង Mercedes E-Class ទៀតផង។ តែបើនិយាយពីខាងមុខ ចំហៀង និង ទំហំវិញ គឺកាត់ចូលម៉ូឌែល BMW Series 5 និង Mercedes E-Class តែម្ដង។

២. រចនាបថរបស់សំណាញ់ផ្ទៃខាងមុខប្លែកពីគេ
រថយន្តកូនកាត់ ES300h និង ES350 នេះ ទាំងពីរគឺទទួលបានការរចនាបថថ្មីនូវអ្វីដែលជាកំណត់សំគាល់ប្រចាំខ្លួនវាតែម្ដងពីក្រុមហ៊ុន។ ពោលគឺផ្ទៃសំណាញ់ឆ្អឹងខាងមុខបញ្ឈរជាជួរៗសំរាប់ម៉ូឌែល ES300h និង ផ្ទៃសំណាញ់លំនាំរាងគ្រាប់ពេជ្រផ្តេកសំរាប់ម៉ូឌែល ES350 (បើរាងគ្រាប់ពេជ្របញ្ឈរ គឺសំរាប់ម៉ូឌែល LS វិញ)។ ការដែលក្រុមហ៊ុនធ្វើដូច្នេះ គឺដើម្បីអោយរថយន្ដទាំងពីរសេរ៊ីនេះប្លែកពីសេរ៊ីដ៏ទៃ ហើយកាន់តែមានភាពលេចធ្លោទាក់ទាញ និង ងាយទទួលការចាប់អារម្មណ៍សំណាក់មហាជនខាងក្រៅ ជាពិសេសពេលនៅតាមដងផ្លូវមិនថា ពេលចត ឬ ពេលបើកបរ គ្រាន់គេតែក្រឡេកក៏គេស្គាល់។

៣. វាក៏មានសេរ៊ីម៉ូដែល F Sport ដែរ
តាំងពីមុនមកម៉ូឌែល ES នេះមិនដែលមានសេរ៊ី F Sport នោះទេ ទើបតែនៅជំនាន់ផលិតទី 7 នេះទេដែលមានបន្ថែម។ សំរាប់សេរ៊ី F Sport នេះមានតែ 2 ពណ៌ប៉ុណ្ណោះ គឺ ខៀវក្រម៉ៅ និង សរគុជ។

៤. មានថាមពលខ្លាំងទ្វេដង ៖ ក្រុមវិស្វករបានតំឡើងកំលាំងម៉ាស៊ីនដោយប្រើត្រឹមតែកំរិតម៉ាស៊ីន 6 ល្បឿន 8 លេខស្វ័យប្រវត្តិ សំរាប់សេរ៊ី ES នេះប៉ុណ្ណោះ ប៉ុន្ដែអ្វីដែលអស្ចារ្យនោះ គឺវាមានលក្ខណៈសម្បត្តិល្អប្រសើរគ្រាប់គ្រាន់អាចប្រើប្រាស់ដើម្បីប្រកួតប្រជែងជាមួយ BMW និង Mercedes បាន។

៥. បច្ចេកទេសគ្រប់គ្រងលំនឹងរថយន្ដដោយស្វ័យប្រវិត្តពេលបើកបរ ៖ បើនិយាយអំពីការទប់លំនឹង យើងច្បាស់ជានឹកឃើញដល់ Mercedes មុខគេ។ ប៉ុន្ដែ Lexus ក៏មិនអន់ដែរចំពោះរឿងនេះ។ បច្ចេកទេសគ្រប់គ្រងលំនឹងរថយន្ដដែលមាននៅលើសេរ៊ី ES នេះ គឺបំពាក់ឡើងជាពិសេស សំរាប់ស្ថានការណ៍ចាំបាច់មួយនៅពេលដែលអ្នកបើកបរកំពុងបើកក្នុងល្បឿនលឿន ហើយស្រាប់តែមានអ្វីមួយនៅខាងមុខ ដែលតំរូវអោយរថយន្តត្រូវការចាប់ហ្វ្រាំងភា្លម ដើម្បីបញ្ឈប់ គឺមុខងារនេះនឹងចូរមកជួយដោយសំរួលរថយន្តមិនអោយអូសកង់នៅពេលចាប់ហ្វ្រាំងភា្លមៗ ទប់ចង្កូតមិនអោយរេ រអិលធ្លាក់ពីផ្លូវ ការពារមិនអោយរថយន្តក្រឡាប់ ថែមទាំងធ្វើអោយរថយន្តអាចចាប់ហ្វ្រាំងតាមសំរួល ហើយស៊ីបំផុត ដោយមិនអោយអ្នកបើកបរមានអារម្មណ៍ភ័យខ្លាច។ នេះគឺជាចំនុចពិសេសដែលបានលើកឡើងពីក្រុមហ៊ុនផ្ទាល់តែម្ដង៕

ប្រភព ៖ Motor1
អត្ថបទដោយ ៖ សីហា

ផ្ទាំងឃោសនាពាណិជ្ជកម្ម