ពេលចេញរកស៊ីដំបូង អ្នកចាំបាច់ត្រូវបង្កើតទំនាក់ទំនងជាមួយក្រុមមនុស្សទាំង៣នេះ

3102

ជាក់ស្តែងណាស់ បច្ចេកវិទ្យាសព្វថ្ងៃបានផ្តល់អោយយើងនូវភាពងាយស្រួលក្នុងការទំនាក់ទំនង។ ជាពិសេសនៅក្នុងអាជីវកម្ម វាជួយជម្រុញអោយយើងភ្ជាប់ទំនាក់ទំនងទៅកាន់មនុស្សបានរាប់លាននាក់។ ទោះបីជាយ៉ាងណាក៏ដោយ ចំណុចមួយដែលចំណុចខ្វះខាតរបស់បច្ចេកវិទ្យាគឺវាជាការទាក់ទងដោយប្រយោល។ មានន័យថា វាមិនមែនជាទំនាក់ទំនងដោយផ្ទាល់រវាងបុគ្គលនិងបុគ្គល ឧទាហរណ៍៖ ការផ្ញើរសារអេឡិចត្រូនិចអាចផ្ញើរបានទៅកាន់មនុស្សរាប់ពាន់នាក់ ប៉ុន្តែសួរថា តើអ្វីដែលអ្នកបានផ្ញើរទៅនោះជាអ្វីដែលពួកគេចង់បានដែរទេ? យោងតាមលោកស្រី Patricia Fripp ដែលជាអ្នកឯកទេសផ្នែកនិយាយបានលើកឡើងថា បច្ចេកវិទ្យាមិនបានជួយអ្នកក្នុងដំណើរការអាជីវកម្មទេ​ ប៉ុន្តែមានតែទំនាក់ទំនងទេដែលអាចជួយអ្នកកសាងអាជីវកម្មអ្នកបាន។ ប្រសិនបើអ្នកចង់មានជំនួញមួយដ៏ជោគជ័យ អ្នកត្រូវផ្តោតលើក្រុមមនុស្សទាំង ៣ ក្នុងនោះគឺ៖ អតិថិជន អ្នកមានឥទ្ធិពល និងដៃគូប្រកួតប្រជែង។

អតិថិជន៖

អ្នករកស៊ីមួយចំនួននៅពេលដែលលឺការណែនាំអោយបង្កើតទំនាក់ទំនង ពួកគេប្រហែលជាឆ្លើយថា “ខ្ញុំបានភ្ជាប់ទំនាក់ទំនងជាមួយអ្នកទិញរួចហើយ”។ ប៉ុន្តែជាក់ស្តែង ការធ្វើមិនស្រួសដូចការនិយាយទេ។ ក្នុងការរកស៊ី ការទំនាក់ទំនងជាមួយអតិថិជនគឺជារឿងសំខាន់ជាងទំនាក់ទំនងណាៗទាំងអស់ ហើយក៏ជាទំនាក់ទំនងដែលពិបាកនឹងស្ថាបនាឡើងដែរ។ គន្លឹះដែលសំខាន់បំផុតក្នុងការបង្កើនទំនាក់ទំនងមួយនោះគឺ ស្តាប់ពីអតិថិជនអោយបានច្រើនហើយព្យាយាមស្វែងយល់ពីអ្វីដែលពួកគេចង់បាន។ អ្នកត្រូវសួរសំណួរថា តើនរណាជាអតិថិជនគោលដៅរបស់អ្នក ហើយថាតើពួកគេចង់បានអ្វីអោយពិតប្រាកដ?

អ្នកមានឥទ្ធិពល៖

អ្នកមានឥទ្ធិពលនៅទីនេះគឺសំដៅដល់ភាគីទីបីដែលជួយជម្រុញអោយផលិតផលរបស់អ្នកត្រូវបានគេស្គាល់។ ក្នុងនោះអាចជា ដៃគូរសហការ ភ្នាក់ងារផ្សព្វផ្សាយ ឬ អ្នកសិល្បៈជាដើម។ បុគ្គលទាំងអស់នេះអាចនាំយកផលិតផល ឬសេវាកម្មរបស់អ្នកដើម្បីអោយអតិថិជនស្គាល់បាន ព្រោះពួកគេជាបុគ្គលដែលមានគេស្គាល់ច្រើន។ ម្យ៉ាងទៀត អតិថិជនតែងផ្តល់ទំនុកចិត្តទៅកាន់ការណែនាំក្នុងការប្រើប្រាស់អ្វីមួយពីពួកគេជានិច្ច។ ហេតុដូចនេះហើយ យើងត្រូវរៀនបង្កើតទំនាក់ទំនងអោយល្អជាមួយក្រុមមនុស្សមានឥទ្ធិពលទាំងនេះ ព្រោះពួកគេអាចជួយឲ្យផលិតផលរបស់អ្នកលក់ទៅដល់អ្នកប្រើប្រាស់បាន។ ទោះបីជាយ៉ាងណាក៏ដោយ ទាំងយើងនិងអ្នកដែលជួយផ្សព្វផ្សាយផលិតផលយើងនេះ ត្រូវមានផលប្រយោជន៍រួមមួយទើបអាចទៅមុខបានល្អ។

ដៃគូប្រកួតប្រជែង៖ បើតាមការរកស៊ីតាមបែបប្រពៃណី យើងតែងចាត់ទុកនរណាដែលរកស៊ីដូចយើងថាជាសត្រូវ ប៉ុន្តែតាមពិតទៅពួកគេគឺជាធនធានដ៏កម្រសម្រាប់ពួកយើងទៅវិញទេ។ ពួកគេជាប្រភេទមនុស្សដែលសំខាន់ហើយយើងគួរបង្កើតមិត្តភាពជាមួយ។ មូលហេតុដែលយើងត្រូវបង្កើតភាពស្និតស្នាលជាមួយដៃគូនោះគឺ ទាំងយើងនិងគេ គឺមានដៃគូគោលដៅតែមួយ។ មានន័យថា ទាំងក្រុមអ្នកប្រើប្រាស់ ទាំងក្រុមអ្នកមានឥទ្ធិពល និងដៃគូប្រកួតប្រជែងគឺមានលក្ខណៈស្រដៀងគ្នា ដូច្នេះហេតុអ្វីត្រូវមកប្រកួតយកចាញ់ឈ្នះ? ជំនួសមកវិញ ហេតុអ្វីក៏មិនសិក្សាពីគ្នាទៅវិញទៅមកទៅ? ម្យ៉ាងវិញទៀត ការមិននិយាយអាក្រក់អោយប៉ះពាល់ទៅកាន់ភាគីម្ខាងទៀត បង្ហាញថាពីភាពថ្លៃថ្នូក្នុងការធ្វើជំនួញរបស់អ្នកទៀតផង។ អ្នកត្រូវចាំថា នៅក្នុងកែវភ្នែកអតិថិជន ពួកគេមិនចង់លឺថាដៃគូប្រកួតប្រជែងអ្នកអាក្រក់ប៉ុណ្ណាទេ ប៉ុន្តែពួកគេចង់លឺបំផុតថា ផលិតផលរបស់អ្នកល្អកម្រិតណា៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.