ជាការពិតណាស់បើសិនជាអ្នកមិនអាចរកហេតុផលសម្រាប់ខ្លួនឯង ថាតើអ្វីជាកំលាំងចិត្តដែលជំរុញអោយអ្នកធ្វើការងារដែលអ្នកកំពុងធ្វើសព្វថ្ងៃ វាដល់ពេលហើយដែលអ្នកគួរបោះបង់វាចោលហើយជំរុញខ្លួនឯងអោយទៅរកអ្វីដែលថ្មី។
តាមរយៈលោកស្រី Holly Caplan ដែលជាអ្នកនិពន្ធ និង អ្នកផ្តល់ព្រឹក្សាផ្នែកការងារបានមានប្រសាសន៏ថា ការសន្យានៅមួយកន្លែងដោយមិនព្រមផ្លាស់ប្តូរដោយសារភាពភ័យខ្លាចដែលមិនដឹងអ្វីនោះ អាចធ្វើអោយអ្នកនៅជាមួយនឹងការងារដែលមិនសាកសមនឹងខ្លួន។ ហើយកាលដែលយើងធ្វើបែបនេះ វាហាក់បីដូចជាយើងកំពុងតែផ្តាច់ខ្លួនឯងមិនអោយទទួលបានឱកាសការងារដែលល្អ និងមានភាពជោគជ័យក្នុងការងារឡើយ។
ដូចនេះហើយប្រសិនបើអ្នកពិបាកក្នុងការសម្រេចចិត្តថាតើអ្នកគួរបន្តជាមួយការងារមួយនេះទៀតឬអត់ ៦ ចំណុចខាងក្រោមនេះនឹងជួយអ្នកអោយដឹងថាវាដល់ពេលហើយដែលអ្នកគួរចាកចេញពីវា ៖
១. អ្នកមិនបានរៀនអ្វីថ្មីសោះពីវា
អ្នកតែងតែឮឃ្លាមួយនិយាយថា “ភាពពេញចិត្តគឺជាសត្រូវនៃភាពរីកចម្រើន ឃ្លាមួយនេះពិតជាត្រឹមត្រូវណាស់នៅក្នុងកន្លែងធ្វើការ។”
ប្រសិនបើការងាររបស់អ្នកមិនបានធ្វើអោយអ្នកមានភាពរីកចម្រើននោះទេ ទោះបីជាវាបានផ្តល់នូវ វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ការប្រកួតប្រជែង ឬក៏ជាការផ្តល់ជូនជាលក្ខណៈពិសេសផ្សេងៗក៏ដោយ វាដល់ពេលហើយដែលអ្នកគួរដាក់លិខិតស្នើរឈប់ពីការងារមួយនេះ។
Caplan បន្តថាមូលហេតុព្រោះវាបានបញ្ជាក់អោយឃើញថា ពួកគេមានការចាប់អារម្មណ៏តិចតួចចំពោះអនាគតរបស់អ្នក និងរបៀបនៃការចូលរួមរបស់អ្នកក្នុងស្ថាប័ន ហើយវាបានបង្ហាញយ៉ាងច្បាស់ថាក្រុមហ៊ុនរបស់អ្នកមិនបានចំណាយលើបុគ្គលិកឡើយ។
២. អ្នកនៅឆ្ងាយពីកន្លែងធ្វើការ
អ្នកត្រូវដឹងថា ការដែលធ្វើដំណើរឆ្ងាយមិនត្រឹមតែធ្វើអោយអ្នកខាតពេលនោះទេ ប៉ុន្តែវាថែមទាំងធ្វើអោយអ្នកមិនសប្បាយចិត្តជាមួយនឹងការងារទៀតផង។ ជាការពិតណាស់ការសិក្សាមួយបង្ហាញថា រាល់នាទីដែលអ្នកចំណាយក្នុងការធ្វើដំណើរទៅធ្វើការបានបង្កើននូវអារម្មណ៍ធុញថប់ តានតឹង និងមានផលអវិជ្ជមានចំពោះសុខមាលភាពទូទៅទៀតផង។
៣. ទទួលបានប្រាក់ខែមិនសាកសមនិងកម្លាំង និងពេលវេលាដែលត្រូវចំណាយ
Stransky និយាយថា “ការទទួលបានប្រាក់ខែមិនគ្រប់គ្រាន់គឺជាហេតុផលចម្បងដែលធ្វើអោយបុគ្គលិកចង់លាឈប់ពីការងារ។”
ខណៈពេលដែលអ្នកគិតថាប្រាក់ខែអាចនិងមិនមែនជាការព្រួយបារម្ភតែមួយគត់របស់អ្នក នៅពេលដែលអ្នកទទួលយកការងារមួយ តែកុំភ្លេចថាវាជាការបង្ហាញអោយឃើញថា តើចៅហ្វាយរបស់អ្នកអោយតម្លៃលើសមត្ថភាពរបស់អ្នកប៉ុណ្ណា។យ៉ាងណាម៉ិញ ប្រាក់ខែក៏មានផលប៉ះពាល់ផ្ទាល់ដល់គុណភាពនៃការរស់នៅរបស់អ្នកដែលដូចជា កន្លៃងដែលអ្នករស់នៅ សាលារៀនដែលអ្នករៀន ក៏ដូចជាបំណុលដែលអ្នកមានផងដែរ។
បន្ថែមពីលើនេះទៀត ការស្រាវជ្រាវបានបង្ហាញថា ការដែលទទួលបានប្រាក់ខែតិច អាចបង្ករអោយមានភាពតានតឹងខ្ពស់ ដែលបង្ខំអោយអ្នកធ្វើការច្រើនម៉ោង ដែលជាហេតុធ្វើអោយអ្នកខូចសុខភាព។
៤. អ្នកមិនចូលចិត្តមិត្តរួមការងាររបស់អ្នក
Stransky និយាយថាមិត្តរួមការងារដែលរំខានអ្នក ធ្វើអោយអ្នកមិនចង់ទៅធ្ចើការ។ ទោះបីជាមានវិធីសាស្ត្រមួយចំនួនប្រើសម្រាប់ដោះស្រាយជាមួយមិត្តរួមការងារដែលមិនចុះសម្រុងជាមួយអ្នកក៏ដោយ ប៉ុន្តែពេលខ្លះជំរើសដ៏ល្អគឺអ្នកគួរតែលាឈប់ពីការងារនោះ ហើយស្វែងរកការងារថ្មីជៀសវាងការខាត់បង់ប្រយោជន៏ ព្រោះថាមិត្តរួមការងារដែលមានបញ្ហាអាចរារាំងដល់ភាពជោគជ័យនៃអាជីពរបស់អ្នក ដោយការកាត់បន្ថយផលិតភាពរបស់អ្នក អុកឡុកការខិតខំប្រឹងប្រែងរបស់អ្នក និងអាចធ្វើអោយអ្នកបាត់បង់នូវក្រមសីលធម៌ផ្ទាល់ខ្លួន។ លើសពីនេះទៅទៀត ការដែលចំណាយពេលដោះស្រាយបញ្ហាទាំងនេះអាចបណ្តាលអោយមានផលអវិជ្ជមានដល់អ្នកដូចជា គេងមិនលក់នៅពេលយប់ ឈឺក្បាល ឈឺក្រពះ និងរោគសញ្ញាផ្សេងទៀតដែលមិនល្អចំពោះអ្នកទៀតផង។
៥. ការងាររបស់អ្នកគួរអោយធុញ
Calan និយាយថាបើសិនជាអ្នកមានអារម្មណ៍ថាធុញទ្រាន់ ឬធុញថប់នៅកន្លែងធ្វើការ វាបង្ហាញយ៉ាងច្បាស់ថាដល់ពេលហើយដែលអ្នកត្រូវដើរចេញពីវា។ ប្រសិនបើការងាររបស់អ្នកមិនទាក់ទង់នឹងការធ្វើដើម្បីចិញ្ចឹមជីវិតអ្នកទេ សូមកុំនៅរង់ចាំយូរក្នុងការផ្លាស់ប្តូរអី។ អ្នកគួរតែផ្តល់ឱកាសអោយខ្លួនឯងរកអ្វីដែលថ្មីដែលជាទីពេញចិត្តរបស់អ្នក ហើយវានឹងជំរុញអោយអ្នកធ្វើវាបានយ៉ាងល្អ។
៦. មិត្តរួមការងាររបស់អ្នកកំពុងគេចខ្លួន ហើយទំលាក់ការងារឲ្យអ្នកធ្វើម្នាក់ឯង
Caplan បាននិយាយថា “ប្រសិនបើបុគ្គលិកមានថៅកែល្អ ហើយមានជីវិតការងារដែលមានស្ថេរភាពនោះ ពួកគេនឹងបន្តនៅមួយរយៈ” ។ ក៏ប៉ុន្តែ “ប្រសិនបើចំនុចទាំងពីរខាងលើមិនមានទេ នោះមនុស្សភាគច្រើននឹងចាកចេញពីទីនោះ”។ លោក Caplan បានព្រមានថា “ប្រសិនបើអ្នកឃើញមិត្តរួមការងារដែលអ្នកគោរព មានភាពមិនច្បាស់លាស់ម្តងទៅស្តាំម្តងទៅឆ្វេង នេះគឺជាសញ្ញាបង្ហាញថាវាដល់ពេលហើយដែលត្រូវរកការងារថ្មីដែលជាជំរើសដ៏ត្រឹមត្រូវសម្រាប់អ្នក៕”
ប្រភពអត្ថបទ៖ CNBC
