សព្វថ្ងៃ Warren Buffett មានអាយុ 87 ឆ្នាំហើយ ចំណែកឯ Bill Gates វិញមានអាយុ 62 ឆ្នាំ។ ថ្វីត្បិតតែអាយុអ្នកទាំងពីរនេះមានគម្លាតឆ្ងាយក៏ដោយ Bill Gates និង Warren Buffett ជាមិត្តជិតស្និតនឹងគ្នាជិត 25 ឆ្នាំមកហើយ។ Bill Gates ក៏ធ្លាប់បាននិយាយថា ពេលគាត់នៅជាមួយ Warren Buffett គាត់ដូចជាក្មេងបៀមស្ករគ្រាប់ម្នាក់អញ្ចឹង។ ពីព្រោះ Warren Buffett តែងតែផ្តល់នូវចំណេះដឹងថ្មីៗ និងដំបូន្មានល្អៗជានិច្ច។ ខាងក្រោមនេះជាការដកស្រង់មេរៀនល្អៗទាំង 6 ដែល Bill Gates រៀនសូត្របានពី Warren Buffett ៖
1. កុំចេះតែបណ្តាក់ទុន ប៉ុន្តែត្រូវចេះប្រមើលមើលប្រយោជន៍ទៅមុខ
Bill Gates និយាយថា រឿងមួយដែលធ្វើអោយ Warren Buffett ជោគជ័យលើការបណ្តាក់ទុនបែបនេះគឺដោយសារគាត់មានការគិតដ៏ត្រឹមត្រូវមួយ។ នៅពេលគាត់សម្រេចចិត្តវិនិយោគលើអ្វីមួយ Warren Buffett មិនមែនសម្រេចចិត្តដោយពឹងតែលើស្ថានភាពបច្ចុប្បន្ននៅលើទីផ្សាទេ ប៉ុន្តែគាត់ចេះគិតទុកមុនពីអនាគតនៃការដាក់ទុននោះថែមទៀត។
2. បើកចិត្តអោយទូលាយ ស្មោះត្រង់ និងចេះលេងសើច
វាជារឿងសាមញ្ញទេដែលម្ចាស់ជំនួញម្នាក់ៗសរសេរសំបុត្រទៅកាន់ម្ចាស់ភាគហ៊ុន។ ប៉ុន្តែសំបុត្រដែល Warren Buffett សរសេរទៅកាន់ម្ចាស់ភាគហ៊ុនទាំងឡាយគឺមិនសាមញ្ញនោះទេ។ ដោយសារតែគាត់សរសេរដោយលាយឡំជាមួយនឹងការលេងសើចខ្លះដែលមិនធ្វើអោយអ្នកអានមានអារម្មណ៍ថាតានតឹង ឬធុញទ្រាន់នោះទេ។ ម្យ៉ាងវិញទៀត បើនិយាយនៅក្នុងការទិញហ៊ុនវិញ គាត់ហ៊ាននិយាយត្រង់ៗ និងហ៊ានរិះគន់ផ្ទាល់ៗតែម្តង។
3. ត្រូវអោយតម្លៃពេលវេលា
Bill Gates តែងតែចាំប្រយោគមួយឃ្លារបស់ Warren Buffett ជានិច្ច ដោយគាត់និយាយថា “មិនថាអ្នកមានលុយកម្រិតណាទេ អ្នកនៅតែមិនអាចទិញពេលវេលាបាន”។ មនុស្សម្នាក់ៗមានពេល 24 ម៉ោងស្មើរៗគ្នា ហើយ Warren Buffett សង្កត់ធ្ងន់លើការអោយតម្លៃពេលវេលានេះណាស់។ គាត់កម្រអោយកាលវិភាគប្រចាំថ្ងៃគាត់រវល់ជាមួយនឹងការណាត់ជួបកំប៉ិកកំប៉ុកណាស់។
4. ត្រូវចាត់ទុកមិត្តភាពជាទ្រព្យសម្បត្តិ
ចាប់តាំងពីលោកស្គាល់ Warren Buffett មក Bill Gates បាននិយាយថាគាត់បានរៀនសូត្រពីអ្វីដែលហៅថាមិត្តភាពអោយពិតប្រាកដ។ មកទល់នឹងសព្វថ្ងៃ រាល់ពេលដែល Bill Gates ធ្វើដំណើរទៅលេង Omaha Warren Buffett តែងតែចេញមកទទួលគាត់នៅប្រលានយន្តហោះជានិច្ច។ Warren Buffett ជាមនុស្សចិត្តល្អ ហើយចេះគិតគូបានល្អិតល្អន់ទៀត។ គាត់ចូលចិត្តធ្វើអោយអ្នកជុំវិញខ្លួនមានអារម្មណ៍ល្អ និងពេញចិត្តនូវអ្វីដែលពួកគេកំពុងមាន។ ម្យ៉ាងវិញទៀត គាត់ចូលចិត្តចែករំលែកអ្វីជាក្តីសុខនៅក្នុងជីវិតរបស់គាត់ទៅកាន់អ្នកដទៃ៕
