ឃ្លាលើកទឹកចិត្តទាំង 8 ដែលជម្រុញស្ថាបនិក Amazon.com ក្លាយជាមហាសេដ្ឋីក្នុងពិភពលោក

1535

Jeff Bezos ដែលគ្រប់គ្នាស្គាល់ថាជាអ្នកមានលំដាប់ពិភពលោក សព្វថ្ងៃគាត់មានក្រុមហ៊ុនដែលស្ថិតក្រោមការគ្រប់គ្រងរបស់គាត់ច្រើនមែនទែន។ ក្នុងនោះមានក្រុមហ៊ុន Amazon.com  Blue Origin និង Washington Post។ Jeff Bezos ត្រូវបានគេចាត់ទុកថាជាបុគ្គលដែលជោគជ័យយ៉ាងខ្លាំងក្នុងវិស័យជំនួញ ក្នុងនោះផងដែរមនុស្សគ្រប់គ្នាតែងចោតសំណួរមួយថា តើអ្វីដែលជម្រុញ Jeff Bezos អោយក្លាយជាមនុស្សជោគជ័យនិងជាអ្នកមានទ្រព្យសម្បត្តិច្រើនបែបនេះ? ខាងក្រោមនេះជាឃ្លាសម្តីទាំង 8 ដែល Jeff Bezos តែងតែប្រើដើម្បីលើកទឹកចិត្តខ្លួនឯងអោយមានការគិតបែបអ្នកធ្វើជំនួញ៖

1. “មិនថារឿងធំប៉ុណ្ណាក៏វាកើតចេញពីបណ្តុំនៃផ្នែកតូចៗដែរ”

ស្ថាបនិក Amazon.com រូបនេះបានលើកឧទាហរណ៍ពីការកសាងចក្រភពមួយ។ ចក្រភពដ៏ធំមហិមាមួយតាមពិតក៏ស្តែងចេញឡើងតាមរយៈបណ្តុំនៃគំនិតរបស់បុគ្គលម្នាក់ៗ។ Jeff Bezos និយាយថា មុនពេលដែលគាត់បង្កើត Amazon.com នេះគឺគាត់ធ្វើការក្នុងមូលនិធិការពារហានិភ័យមួយរូប។ កាលពីពេលនោះ មូលនិធិក៏ផ្តល់ប្រាក់ខែអោយគាត់ច្រើនគួរសមដែរ ប៉ុន្តែទោះជាយ៉ាងណាគាត់នៅតែជំនះចង់បើក្រុមហ៊ុនលក់សៀវភៅតាមអនឡាញតូចមួយ។ គាត់ប្រាប់ថា គាត់សុខចិត្តជ្រើសរើសយកក្តីស្រមៃដែលតែងតែខ្សឹបដាក់ត្រចៀកគាត់រាល់ថ្ងៃជាជាង ជ្រើសរើសយកជីវិតមួយដែលគាត់គិតថារីករាយគ្រប់គ្រាន់ហើយក្នុងពេលបច្ចុប្បន្ន។ គាត់មិនត្រឹមតែជ្រើសរើសអ្វីដែលល្អទេ ប៉ុន្តែគាត់ជ្រើសរើសអ្វីដែលល្អបំផុត។

2. “ចូរធ្វើរឿងណាដែលយើងសប្បាយនឹងធ្វើ ជៀសវាងដេញតាមធ្វើរឿងណាដែលគេនិយមធ្វើ”

ចំណង់ដែលនៅក្នុងចិត្តអ្នកគឺជាកម្លាំងជម្រុញដ៏ខ្លាំងក្លាបំផុត។ ការនិយមជ្រើសរើសរកស៊ីឬធ្វើអ្វីមួយតាមគ្នាឬតាមសម័យកាល វានឹងមិនស្ថិតស្ថេរនោះទេ។ មានតែការចាប់ផ្តើមធ្វើអ្វីមួយដែលចេញពីការចង់បានពិតប្រាកដរបស់អ្នកទេទើបអាចមានវត្តមានយូរបាន។ បើគ្រាន់តែដេញតាមការនិយមបច្ចុប្បន្ន អ្នកគ្រាន់តែជាអ្នករកស៊ីតាមគេម្នាក់ទេ។ ចូរស្តាប់អ្វីដែលជាការចង់បានពីក្នុងខ្លួនអ្នក ហើយកុំខ្លាចក្នុងការធ្វើជាអ្នកទីមួយ។

3. “ប្រសិនបើអ្នកមានមហិច្ចតាក្នុងការធ្វើអ្វីមួយហើយ អ្នកនឹងមិនមានអារម្មណ៍ថាវាជាការងារទេ”

យើងត្រូវធ្វើការងារណាដែលចេញពីការចង់បានពិតប្រាកដរបស់យើង នោះទើបមិនថាការងារនោះលំបាកយ៉ាងណាទេ យើងមិនងាយនឹងបោះបង់ទេ ហើយនៅតែរីករាយក្នុងការធ្វើវា។ ដូច្នេះហើយយើងគួរតែស្វែងរកការងារទាំងឡាយណាដែលផ្តល់អោយនូវអារម្មណ៍ជាវិជ្ជមានដល់អ្នក។ ការជ្រើសរើសយកអ្វីមួយដែលចេញពីចំណង់របស់អ្នកទោះបីជាយ៉ាងណាក៏មិនផ្តល់ភាពស្តាយក្រោយអោយអ្នកដែរ។

4. “បេសកកម្មនិងចក្ខុវិស័យរបស់ Amazon.com គឹការយកអតិថិជនជាធំ និងជាកន្លែងដែលមនុស្សគ្រប់រូបអាចស្វែងរកអ្វីដែលពួកគេចង់បានលើអនឡាញ”

ការធ្វើរឿងណាមួយទាមទាអោយយើងមានបេសកកម្មនិងចក្ខុវិស័យជានិច្ច។ ពីព្រោះវាជាអ្នកតម្រង់ទិសដៅថាចង់ទៅណាអោយប្រាកដ ហើយឈរលើគោលជំហអ្វីខ្លះ? ប្រសិនបើអ្នកមិនមានចក្ខុវិស័យច្បាស់លាស់ទេ អ្នកនឹងប្រឡូកក្នុងជំនួញទាំងស្រពិចស្រពិល ហើយយូរៗទៅអ្នកនឹងចាប់ផ្តើមមានអារម្មណ៍អវិជ្ជមានលើខ្លួនឯង។

5. “ខ្ញុំធ្លាប់បាត់បង់លុយរាប់ពាន់លានដុល្លាទៅលើការបរាជ័យ ប៉ុន្តែវាមិនមែនជាបញ្ហាទេ ពីព្រោះវាបានប៉ះប៉ូវរឿងរ៉ាវមួយចំនួនដែលរាំងស្ទះភាពជោគជ័យរបស់ខ្ញុំ”

វាច្បាស់ណាស់ថា អ្នកប្រាកដជាពិបាកចិត្តឬការស្តាយក្រោយចំពោះការធ្វើរឿងមួយចំនួនដោយមិនបានជោគជ័យ ពីព្រោះអ្នកយល់ថាវាជាបរាជ័យដ៏ធំបំផុតសម្រាប់អ្នក។ ប៉ុន្តែជំនួសមកវិញ អ្នកត្រូវគិតថាការបរាជ័យនោះនឹងនាំអ្នកកាន់តែខិតជិតទៅរកអ្វីដែលអ្នកចង់បាន។ យ៉ាងហោចណាស់នៅក្រោយការបរាជ័យនោះ អ្នកទទួលបាននូវចំណេះដឹងដ៏មានតម្លៃយ៉ាងច្រើន។​ ដូច្នេះ ចូរកុំអោយភាពបរាជ័យយកឈ្នះលើអ្នក។ ចូររៀនសូត្រពីកំហុសទាំងនោះ ហើយអបអរចំពោះរឿងដែលយើងធ្វើបានល្អវិញ។

6. “ប្រសិនបើមិនអាចទ្រាំនឹងការរិះគន់បានទេ ចូរកុំធ្វើអ្វីទាំងអស់។ រឿងតែមួយដែលគួរធ្វើគឺគិតពីជីវិតដ៏ស្រស់ស្អាតរបស់អ្នកវិញ”

Jeff Bezos មិនលើកទឹកចិត្តអោយយើងយកពាក្យសម្តីអ្នកជុំវិញខ្លួនមកគិតពេកទេ។ ការរស់នៅសព្វថ្ងៃប្រាកដណាស់មានទាំងអ្នកចូលចិត្តអ្នក និងអ្នកមិនចូលចិត្តអ្នក។ ប៉ុន្តែហេតុអ្វីត្រូវផ្គាប់ចិត្តអ្នកដែលចាំតែរិះគន់យើង? ពួកគេមិនមែនជារង្វាស់ដើម្បីដឹងពីចំណុចល្អឬមិនល្អរបស់យើងឯណា។ រាល់ការវាយតម្លៃរបស់ក្រុមរិះគន់ទាំងនោះគឺចេញពីការគិតរបស់ពួកគេប៉ុណ្ណោះ ហើយការយល់របស់ពួកគេនោះមិនមែនជាអ្វីពិតប្រាកដនៅក្នុងខ្លួនអ្នកឯណា។ ដូច្នេះហើយ អ្នកគួរតែស្តាប់ខ្លួនឯងអោយបានច្រើន ហើយទុកការរិះគន់មួយឡែកខ្លះទៅ។

7. “ពួកយើងជាជម្រើសដែលពួកយើងបានជ្រើសរើស ដូច្នេះត្រូវបង្កើតរឿងរ៉ាវមួយដ៏អស្ចារ្យ”

យើងត្រូវមានក្តីស្រមៃមួយ ពីព្រោះក្តីស្រមៃនោះវាប្រៀបដូចជាសាច់រឿងមួយដូច្នោះដែរ។ សាច់រឿងនៅក្នុងការគិតមួយនោះវានឹងក្លាយជារូបភាពមួយដែលដិតដាមនិងជម្រុញអ្នកអោយពុះពារចង់សម្រេចវាឡើង។ ម្យ៉ាងទៀតការមានក្តីស្រមៃផ្តល់អោយអ្នកនូវផែនទីមួយដែលមានទិសដៅពិតប្រាកដ ដូច្នេះហើយ ការសម្រេចចិត្តរបស់អ្នកក៏ផ្តើមចេញពីការស្រមើស្រមៃនោះដែរ។

8. “នៅពេលដែលខ្ញុំសប្បាយចិត្តនឹងការងារ ខ្ញុំមកផ្ទះមានពោពេញដោយថាមពលហើយធ្វើជាប្តីល្អនិងជាលោកប៉ាល្អ។ នៅពេលខ្ញុំសប្បាយចិត្តពីផ្ទះ ខ្ញុំក្លាយជាថៅកែល្អនិងជាមិត្តរួមការងារល្អ។”

ភាពរីករាយគឺជាគ្រឹះដ៏សំខាន់បំផុតក្នុងការបំពេញការងារ។ នៅពេលដែលអ្នកសប្បាយចិត្ត អ្នកអាចអភិវឌ្ឍន៍នូវទំនាក់ទំនងរវាងអ្នកទៅកាន់ក្រុមគ្រួសារឬ មិត្តរួមការងារបានយ៉ាងល្អ។ គ្មានអ្នកណាដែលចូលចិត្តនៅជាមួយអ្នកដែលកើតទុក្ខគ្រប់ពេលវេលានោះទេ។ ដូច្នេះហើយប្រសិនបើយើងជាមនុស្សដែលចេះអោយតម្លៃលើសេចក្តីសុខ នោះមនុស្សគ្រប់គ្នានឹងចូលចិត្តនៅជាមួយយើង៕

 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.