ឡានរបស់ថ្នាក់ដឹកនាំសំខាន់ៗពិភពលោក

851

មេដឹកនាំសំខាន់ៗពិភពលោកគឺទាមទារអោយការការពារអោយបានតឹងរឹងជាប់ជានិច្ច ហេតុដូចនេះហើយ នៅពេលដែលថ្នាក់ដឹកនាំទាំងនោះចេញដំណើរទៅណា គឺតែងតែប្រើប្រាស់នូវរថយន្ដដែលអាចផ្ដល់សុវត្ថិភាពខ្ពស់បាន។ រថយន្ដទាំងនេះមានបំពាក់នូវឧបករណ៍ទំនើបៗជាច្រើន និងមានតម្លៃថ្លៃខុសពីរថយន្ដធម្មតា។

១. រថយន្ដ Cadillac One របស់ប្រធានាធិបតី អាមេរិច៖
រថយន្ដនេះមានទម្ងន់រហូតដល់ ៩ តោន ហើយកញ្ចក់របស់វាមានកម្រាស់ក្រាស់ដែលអាចការពារពីគ្រាប់កាំភ្លើង ឬអំបែងគ្រាប់បែក។ គេអាចហៅឈ្មោះមួយទៀតថា The Beast និងមានតម្លៃប្រហែល 1.5 លានដុល្លា។ នៅខាងក្នុងឡានមានបំពាក់មកនូវ បំពង់អុកសុីសែន ផ្លោកឈាមដែលមានឈាមដូចប្រធានាធិបតី សម្រាប់ពេលមានអាសន្ន ហើយផ្នែកខាងក្នុងឡានអាចការពារពីការជ្រាបសារធាតុគីមីបាន។ ទា្វររបស់វាមានទម្ងន់ប្រហាក់ប្រហែលនឹងទ្វារយន្ដហោះ Boeing 747 ចំណែកឯកង់របស់វា អាចរត់បានទោះបីជាបែកហើយក៏ដោយ។ រីឯអ្នកបើករថយន្ដគឺជាភ្នាក់ងារសម្ងាត់ដែលត្រូវបានហ្វឹកហាត់យ៉ាងម៉តចត់ ហើយអាចបើកបរបានគ្រប់ស្ថានភាពទាំងអស់ ដើម្បីការពារអាយុជីវិតប្រធានាធិបតី។ 

២. រថយន្ដ Bentley State Limousine របស់ ម្ចាស់ក្សត្រីអង់គ្លេស៖
រថយន្ដនេះត្រូវបានផលិតឡើងយ៉ាងពិសេសសម្រាប់ ម្ចាស់ក្សត្រី តែមួយគត់ ដោយវាមានតម្លៃរហូតដល់ 15 លានដុល្លា។ វាបំពាក់ជាមួយម៉ាសុីន V8 ដែលល្បឿនលឿនបំផុតគឺ 120ម៉ាយក្នុងមួយម៉ោង។ តួរថយន្ដទាំងមូលអាចការពារគ្រាប់បាន ហើយកង់របស់វាក៏អាចរត់បានទោះបីជាបែកហើយក៏ដោយ។ វាមានដំបូលខ្ពស់ជាងរថយន្ដធម្មតាដែលធ្វើអោយងាយស្រួលក្នុងការយាងចេញចូលរបស់ម្ចាស់ក្សត្រី ហើយរថយន្ដនេះត្រូវបានដាក់អោយប្រើប្រាស់ចាប់តាំងពីឆ្នាំ 2002។

៣. រថយន្ដ Hongqi Limousine របស់ប្រធានាធិបតី ចិន៖
នេះគឺជារថយន្ដដែលផលិតនៅក្នុងប្រទេសចិន ហើយអតិថិជនគោលដៅគឺជាមន្ត្រីជាន់ខ្ពស់ ឬអ្នកជំនួញធំៗនៅក្នុងប្រទេស។ វាមានទម្ងន់រហូតដល់ 3152 គីឡូក្រាម បំពាក់មកជាមួយម៉ាសុីន V12 ដែលអាចបង្កើនល្បឿនពី 0-100 គីឡូម៉ែត្រក្នុងមួយម៉ោងដោយប្រើពេល 8 វិនាទី។ ផ្នែកខាងក្នុងបំពាក់ដោយស្បែកនិងឈើប្រណីត សាកសមសម្រាប់បុគ្គលជាន់ខ្ពស់ ហើយតម្លៃរបស់វាគឺ 80 មុឺនដុល្លា ដោយគេចាត់ទុកថាជារថយន្ដថ្លៃបំផុតដែលផលិតក្នុងប្រទេសចិន។

៤. រថយន្ដ Jaguar XJ Sentinel របស់នាយករដ្ឋមន្ត្រីអង់គ្លេស៖
រថយន្ដនេះផលិតឡើងដោយ ដែកគុណភាពខ្ពស់ ដែលធ្វើអោយវាមានទម្ងន់ធ្ងន់ ហើយមានបំពាក់មកនូវកញ្ចក់ការពារគ្រាប់កាំភ្លើង ការពារការបំផ្ទុះ ឧបករណ៍មើលពេលយប់ និងអាចបើកបរបានទោះបីជាកង់បែកក៏ដោយ។ នៅផ្នែកខាងក្នុងអាចការពារនាយករដ្ឋមន្ត្រីពីសារធាតុគីមីឬអាវុធជីវសាស្ត្រ វាមានបំពង់អុកសុីសែន និងមានបំពាក់កៅអីម៉ាស្សា។ ម៉ាសុីរបស់វាគឺប្រភេទ V8 ដែលអាចបង្កើនល្បឿនពី 0-100 ក្នុងរយៈពេល 9.4 វិនាទី។ ចំណែកឯតម្លៃរបស់វាគឺ ប្រហែល 45 មុឹនដុល្លា។

៥. រថយន្ដ Aurus របស់ប្រធានាធិបតី រុស្សុី៖
កាលពីមុនប្រធានាធិបតីរុស្សុីប្រើរថយន្ដដែលនាំចូលពីបរទេសមានដូចជា Mercedes-Benz ជាដើម។ ប៉ុន្ដែឥឡូវនេះ      លោកពូទីន បានងាកមកប្រើរថយន្ដដែលផលិតក្នុងស្រុកម្ដង ដើម្បីជួយជំរុញដល់វិស័យផលិតរថយន្ដនៅក្នុងស្រុករបស់ខ្លួន។      វាជារថយន្ដប្រភេទពាសដែក ដែលអាចការពារប្រធានាធិបតីដូចរថយន្ដថ្នាក់ដឹកនាំដទៃទៀតដែរ ហើយវាបំពាក់ជាមួយម៉ាសុីន V12 និងមានទម្ងន់ 6 តោន។ តម្លៃរបស់រថយន្ដមិនបានបញ្ជាក់អោយដឹងទេ ប៉ុន្ដែយើងគ្រាន់តែដឹងថារហូតដល់ពេលនេះ រដ្ឋាភិបាលរុស្សុីបានចំណាយប្រាក់ប្រហែល 300 លានដុល្លា ដើម្បីសិក្សាស្រាវជ្រាវនិងផលិតរថយន្ដប្រភេទនេះ ហើយរថយន្ដនេះគឺជាការសហការផលិតរវាងប្រទេសរុស្សុី និងក្រុមហ៊ុន Porsche របស់អាល្លឺម៉ង់៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។