ជាក់ស្តែងមនុស្សម្នាក់ៗតែងមានគោលដៅសំរាប់អនាគតរបស់ខ្លួនឯង មួយវិញទៀត វាពិតជាសំខាន់សំរាប់និស្សិតដែលកំពុងជិតបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ។ ចំពោះអាជីពទាំង៤ដែលខ្ញុំចង់បង្ហាញគឺថា តើយើងចង់កំណត់ខ្លួនឯងអោយក្លាយជានរណា? បើយោងទៅតាម សៀវភៅរបស់លោក Robert Kiyosaki ការកំណត់ខ្លួនឯងមាន៤យ៉ាងគឺ ធ្វើការឲ្យគេ ធ្វើការដោយខ្លួនឯង ម្ចាស់ជំនួញ និងអ្នកវិនិយោគទុន។
១. អ្នកធ្វើការអោយគេ៖ គ្មានហានិភ័យខ្ពស់ គ្រាន់តែយើងធ្វើទៅតាមអ្វីដែលគេកំណត់អោយយើងធ្វើ ប៉ុន្តែវាក៏មិនមានប្រាក់កំរៃខ្ពស់ និងមិនសូវមានភាពរីកចម្រើនព្រោះយើងមិនសូវមានភាពប្រកួតប្រជែងជាមួយនិងសង្គមខាងក្រៅ។ តែផ្ទុយទៅវិញអ្នកគួរមានភាពឆ្លាតវៃចំពោះការងាររបស់ខ្លួន ព្យាយាមពង្រឹងនិងព្យាយាមរកអ្វីដែលថ្មីសំរាប់អភិវឌ្ឍខ្លួន។
២. អ្នកធ្វើការដោយខ្លួនឯង៖ ការងារនេះគឺជាការងារដោយសេរីភាព យើងធ្វើដោយការពេញចិត្តចំពោះគំរោងដែលយើងព្រមទទួលទៅធ្វើ ប៉ុន្តែវាក៏មិនស្ថិតស្ថេរដែរ ពីព្រោះពេលខ្លះយើងក៏មានគំរោងធ្វើ និងពេលខ្លះមិនមាន។ វាសេរីភាព មិនមានសំពាធ ប៉ុន្តែកំរៃក៏ទៅតាមនិងដែរ។
៣. ម្ចាស់ជំនួញ៖ គ្រាន់តែលឺពាក្យថាម្ចាស់ វាប្រាកដជាមានភាពស្មុគស្មាញច្រើន ពីព្រោះជាម្ចាស់មានទំនួលខុសត្រូវខ្ពស់ ដូច្នេះយើងត្រូវមានចំនេះដឹងខ្ពស់ក្នុងការគ្រប់គ្រង។ ជាម្ចាស់មានហានិភ័យខ្ពស់ និងតម្រូវអោយមានដើមទុនសំរាប់បង្កើតនូវជំនួយ និងក្រុមហ៊ុន។ ប៉ុន្តែជាក់ស្តែងក៏មានមហាសេដ្ឋីមួយចំនួនក៏បានអភិវឌ្ឍខ្លួនពីបុគ្គលិក អោយទៅជាម្ចាស់ជំនួញ។
៤. អ្នកវិនិយោគទុន៖ ចំពោះមនុស្សប្រភេទនេះ ត្រូវមានភាពបត់បែន និងត្រូវមានភាពឆ្លាតវៃសំរាប់ការវិភាគ ដើម្បីអោយការវិនិយោគ ទទួលបានចំណូលមកវិញ។ អ្នកវិនិយោគក៏មានហានិភ័យខ្ពស់ខ្លាំងផងដែរ ដូច្នេះត្រូវមានការពិចារណាខ្ពស់មុននិងយើងសម្រេចចិត្តវិនិយោគ។
បន្ទាប់ពីខ្ញុំបានបង្ហាញនូវមុខងារទាំង៤ សំរាប់គោលដៅរបស់យើង។ គ្រប់មុខងារតែងមានគុណសម្បត្តិ និងគុណវិបត្តិ ប៉ុន្តែពួកយើងគួរដើរមួយជំហាន ទៅមួយជំហាន សំរាប់មុខងារទី៣ និង ទី៤៕
អត្ថបទដោយ៖ Mr. Frey
