Bill Gates, Warren Buffett និង Richard Branson គឺជាមហាសេដ្ឋីកំពូលៗនៅលើលោកដែលនៅតែមានភាពសកម្មក្នុងវិស័យជំនួញនាពេលបច្ចុប្បន្ន។ ពួកគាត់ទាំងបីឱ្យនិយមន័យចំពោះភាពជោគជ័យស្រដៀងៗគ្នាថា “ជោគជ័យមិនមែនសុទ្ធតែដោយសារលុយ” ប៉ុន្តែ “ជោគជ័យអាចមើលឃើញតាមរយៈថាតើអ្នកនិងមនុស្សនៅជុំវិញខ្លួនអ្នករីករាយប៉ុណ្ណា”។
នៅក្នុងកម្មវិធី Ask me Anything មហាសេដ្ឋី Bill Gates ត្រូវបានគេសួរថា តើជោគជ័យមានអត្ថន័យយ៉ាងណា? គាត់បានឆ្លើយដោយភ្ជាប់ឈ្មោះមិត្តរបស់គាត់មកជាមួយ “Warren Buffett តែងតែនិយាយថា ជោគជ័យអាចវាស់បានតាមរយៈមនុស្សដែលនៅជុំវិញអ្នកថាតើពួកគេសប្បាយចិត្តនិងស្រលាញ់អ្នកប៉ុណ្ណា”។
ក្រៅពីនេះ Bill Gates យល់ថា ធាតុផ្សំទីពីរនៃជោគជ័យគឺ ធ្វើអ្វីដែលមានតម្លៃ។ គាត់បន្តទៀតថា ការងាររបស់គាត់នៅក្នុងក្រុមហ៊ុន Microsoft កាលពីកំឡុងពេលបដិវត្តន៍កម្មវិធី software គឺជាការងារធំបំផុតដែលគាត់ត្រូវធ្វើ។
ចំណែកឯស្ថាបនិករបស់ក្រុមហ៊ុន VIRGIN GROUP និងជាមហាសេដ្ឋីពិពភលោកមួយរូប Richard Branson ក៏ឱ្យនិយមន័យចំពោះភាពជោគជ័យប្រហែលគ្នានិង Bill Gates និង Warren Buffett ដែរ។ មនុស្សជាច្រើនវាស់ពីភាពជោគជ័យរបស់ពួកគេដោយចំនួនលុយដែលពួកគេរកបាន ឬមនុស្សដែលពួកគេរាប់អានជាមួយ។ ប៉ុន្តែ លោក Richard Branson យល់ថា ជោគជ័យអាចដឹងតាមរយៈថាតើអ្នកសប្បាយចិត្តនិងខ្លួនអ្នកប៉ុណ្ណា។ លោកបន្ថែមទៀតថា “ប្រសិនបើអ្នកផ្តោតទៅលើសុភមង្គល នោះប្រាក់នឹងរត់តាមក្រោយ។ វាគឺជាការយល់ច្រឡំមួយដែលថា លុយគឺជាខ្នាតវាស់ពីភាពជោគជ័យរបស់សហគ្រិន ប៉ុន្តែការពិតគឺមិនមែនដូច្នេះទេ ហើយវារឹតតែមិនអាចរួចទៅទៀត។ ខ្ញុំមិនធ្វើជំនួញដោយចង់តែបានលុយនោះទេ ហើយរាល់ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន Virgin គឺផលិតឡើងដើម្បីបង្កើតភាពខុសគ្នាវិជ្ជមានពិតប្រាកដមួយសម្រាប់ជីវិតមនុស្សគ្រប់គ្នា។” លោក Richard បានមានប្រសាសន៍៕
អត្ថបទដោយ៖ Ciel
