តើអ្នកគួរបញ្ឈប់បុគ្គលិកដោយរបៀបណា?

1897

ក្នុងអាជីវកម្មជោគជ័យនីមួយៗ ពេលដែលយើងមើលពីខាងក្រៅទៅហាក់ដូចជាអ្វីៗល្អឥតខ្ចោះ ហើយការងារក៏រលូនផងដែរ។ ប៉ុន្ដែដើម្បីអោយអាជីវកម្មយើងដើរដល់ចំនុចនោះក៏យើងត្រូវធ្វើសកម្មភាពខ្លះនៅខាងក្នុងផងដែរ ដូចជាការបញ្ឈប់បុគ្គលិកណាដែលមិនអាចនាំមកនូវភាពរីកចម្រើនដល់ក្រុមហ៊ុន។ គ្មាននរណាម្នាក់ចង់បញ្ឈប់បុគ្គលិកឡើយព្រោះវាអាចប៉ះពាល់ទាំងសងខាង ប៉ុន្ដែនេះគឺជាផ្នែកមួយនៃការធ្វើអោយអាជីវកម្មដំណើរការល្អ។ ខាងក្រោមនេះគឺជាវិធីសម្រាប់បញ្ឈប់បុគ្គលិក។

១. បញ្ឈប់តាមសម្រួល៖ យើងគួរបញ្ឈប់បុគ្គលិកតាមសន្ដិវិធីនិងប្រើពាក្យសម្ដីសមរម្យទៅកាន់បុគ្គលិក ដោយការធ្វើបែបនេះវាមិនបណ្ដាលអោយមានការគុំគួនគ្នារវាងបុគ្គលិក និងថៅកែ។ ប្រសិនបើអ្នកបញ្ឈប់បុគ្គលិកទាំងកំហឹង នោះនឹងគ្មានបុគ្គលិកថ្មីណាហ៊ានចូលមកធ្វើការជាមួយយើងទេ។

២. និយាយប្រាប់ត្រង់៖ កុំអូសបន្លាយពេលវេលា ហើយអ្នកគួរប្រាប់ត្រង់ៗទៅបុគ្គលិកថា គាត់ខុសចំណុចណាដោយមិនចាំបាច់ខ្លាចចិត្តឡើយ។

៣. ប្រកាន់ភ្ជាប់នូវគោលគំនិតរបស់អ្នក៖ គំនិតរបស់អ្នកនៅពេលនេះគឺចង់បញ្ឈប់បុគ្គលិកម្នាក់នោះ ដូចនេះនៅពេលដែលអ្នកប្រាប់បុគ្គលិកថាគាត់ត្រូវបានបញ្ឈប់ នោះប្រាកដជាមានការពន្យល់ហេតុផលឬលេសដោះសារមកកាន់អ្នកជាមិនខាន។ ប៉ុន្ដែក្នុងនាមជាម្ចាស់អាជីវកម្ម អ្នកមិនមែនចេះតែបញ្ឈប់បុគ្គលិកដោយសារបញ្ហាតិចតួចទេ ម្ល៉េះហើយអ្នកមិនគួរជជែកវែកញែកច្រើន ព្រោះនេះគឺជាការសម្រេចចិត្តមួយដែលអ្នកត្រូវធ្វើ។ 

៤. បង្ហាញការយកចិត្តទុកដាក់ទៅកាន់បុគ្គលិក៖ ទោះបីជាគេត្រូវបានបញ្ឈប់ក៏ដោយ ក៏អ្នកគួរតែប្រាប់គេថាអ្នកដឹងពីអារម្មណ៍របស់បុគ្គលិកអ្នក ហើយប្រាប់គេថាប្រសិនបើមានជម្រើសផ្សេងក៏អ្នកផ្ដល់ឧ៌កាសដែរ តែនេះជាជម្រើសចុងក្រោយហើយ។

៥. អ្នកណាជ្រើសរើសបុគ្គលិក អ្នកនោះជាអ្នកបញ្ឈប់៖ ក្នុងជំនួញខ្លះមានអ្នកគ្រប់គ្រងផ្នែកផ្សេងៗ ឬអាចនិយាយបានថាមានម្ចាស់លើសពីម្នាក់ឡើងទៅ។ ដូចនេះនៅពេលបញ្ឈប់បុគ្គលិក អ្នកណាដែលជាអ្នកជួលបុគ្គលិកនោះនៅគ្រាដំបូងគួរតែជាអ្នកនិយាយអំពីការបញ្ឈប់ទៅកាន់បុគ្គលិកនោះ ដោយមិនព្យាយាមគេចវេសឬអោយដៃគូរផ្សេងនិយាយជំនួស។ ការធ្វើបែបនេះបង្ហាញពីការអោយតម្លៃទៅដៃគូរអាជីវកម្មយើង និងបុគ្គលិក ហើយក៏បង្ហាញពីការមិនព្យាយាមលាក់មុខនៅពេលមានបញ្ហានៅក្នុងជំនួញ។ 

៦. គ្មានអ្វីគួរអោយភ្ញាក់ផ្អើលទេ៖ ទម្រាំដល់ចំនុចនេះ អ្នកប្រហែលជាផ្ដល់សញ្ញាដល់បុគ្គលិករូបនេះជាច្រើនលើកមកហើយ។ ឧទាហរណ៍ អ្នកតែងតែប្រាប់ជារឿយៗអំពីការមកយឺតឬអាកប្បកិរិយាមិនសមរម្យក្នុងម៉ោងការងារ អ្នកបានបង្ហាញពីតម្រូវការរបស់អាជីវកម្ម និងកាតព្វកិច្ចបុគ្គលិកក្នុងកិច្ចសន្យាការងារ ហើយអ្នកបាននិយាយទៀតថាបើសិនជាមិនកែប្រែទម្លាប់នេះទេ បុគ្គលិកនោះប្រាកដជាអាចនឹងបញ្ឈប់។ នៅពេលដែលថ្ងៃបញ្ឈប់មកដល់ អ្នកអាចនិយាយទៅកាន់បុគ្គលិកនោះថាវាគ្មានអ្វីគួរអោយភ្ញាក់ផ្អើលសម្រាប់គេទេ ព្រោះអ្នកបានប្រាប់គេអោយកែតម្រូវចំនុចខ្វះខាតជាច្រើនលើកច្រើនសារមកហើយ។ 

៧. កុំអូសបន្លាយពេលវេលា៖ នៅពេលអ្នកចង់បញ្ឈប់នរណាម្នាក់អ្នកប្រហែលជាមានអារម្មណ៍អាណិតគេ គិតពិការលំបាករបស់គេនៅពេលអស់ការងារនេះ និងចង់ទុកពេលអោយគេបន្ដិចទៀត។ ប៉ុន្ដែទម្រាំដល់កម្រិតនេះ អ្នកប្រហែលជាបានប្រាប់គេអោយមើលចំនុចខ្វះខាតខ្លួនជាច្រើនលើកច្រើនសារមកហើយ ដូចនេះអ្នកគួរតែបញ្ឈប់ភ្លាមដោយមិនរងចាំឡើយ ព្រោះភាគរយដែលគេអាចកែតម្រូវសកម្មភាពការងារអោយល្អបានគឺតិចបំផុត។ 

៨. សួរបុគ្គលិកមុននឹងផ្ដល់ការរិះគន់អោយគេ៖ អ្នកគួរតែសួរបុគ្គលិកថាតើគេចង់បានការរិះគន់ដើម្បីស្ថាបនាពីអ្នកដែរឬទេ? មានបុគ្គលិកខ្លះអាចនឹងខឹងអ្នកនៅពេលដែលអ្នកនិយាយពីចំនុចអវិជ្ជមានរបស់គេ ប៉ុន្ដែបុគ្គលិកខ្លះជាអ្នកចង់កែលម្អខ្លួន ដូចនេះគេក៏សប្បាយចិត្តនៅពេលដែលអ្នកប្រាប់ពីចំនុចខ្វះខាត ដើម្បីធ្វើអោយល្អជាងមុននៅពេលធ្វើការជាមួយក្រុមហ៊ុនដទៃទៀត។ ការធ្វើនេះគឺអ្នកចង់អោយគេកែខ្លួនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គេនៅពេលអនាគត ប៉ុន្ដែអ្នកក៏ត្រូវសួរគេផងដែរ។ 

៩. ប្រើពេលសន្សឹមៗក្នុងការជ្រើសរើសបុគ្គលិក និងបញ្ឈប់អោយបានលឿន៖ អ្នកត្រូវចំណាយពេលបន្ដិចក្នុងការ មើលពីប្រវត្តរូប និងសកម្មភាពការងារពីក្រុមហ៊ុនមុនៗរបស់គេ។ និយាយរួមទោះបីជាពេលខ្លះអ្នកកំពុងត្រូវការបុគ្គលិកបន្ទាន់ ក៏អ្នកត្រូវចំណាយពេលពិចារណាអំពីប្រវត្តិការងារច្រើនបន្ដិចមុននឹងជួលបុគ្គលិក។

១០. រយៈពេលនៃការសាកល្បងការងារ៖ អាជីវកម្មអ្នកគួរតែមានរយៈពេលនៃការអោយបុគ្គលិកសាកល្បងការងារយូរបន្ដិច ដោយអ្នកបញ្ជាក់អោយបានច្បាស់ពីការចង់បានរបស់អ្នកក្នុងសកម្មភាពការងាររបស់បុគ្គលិកនោះ។ នៅពេលចប់ការសាកល្បងការងារ អ្នកអាចសួរថាគេពេញចិត្តនឹងធ្វើការក្នុងក្រុមហ៊ុនរបស់អ្នកឬអត់?  គួរបញ្ជាក់ផងដែរថា ក្នុងច្បាប់ការងារ របស់ប្រទេសកម្ពុជា អ្នកអាចផ្ដល់សិទ្ធិក្នុងការសាកល្បងការងារយូរបំផុតគឺត្រឹមបីខែ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។