Sherly Sandberg ស្ត្រីដ៏មានឥទ្ធិពលក្នុងដំណែងការងារមួយដ៏កម្រនៅក្រុមហ៊ុន Facebook

861

ក្នុងពេលបច្ចុប្បន្ននេះ បើទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនបានយកចិត្តទុកដាក់ទៅលើបញ្ហាយេនឌ័រយ៉ាងណាក៏ដោយ ក៏ចំនួនស្រ្តីដែលធ្វើការក្នុងវិស័យបច្ចេកវិទ្យានៅតែមានចំនួនតិចដែរ។ ជាពិសេស ដំណែងជាអ្នកដឹកនាំគឺភាគតិចណាស់ដែលគ្រប់គ្រងដោយស្រ្តី។ ជាក់ស្តែង នៅ Silicon Valley ផ្នែកប្រតិបត្តិមានតែ 11% ប៉ុណ្ណោះជាស្រ្តី។ បើនិយាយពីស្រ្តីដ៏មានឥទ្ធិពលវិញ Sherly Sandberg ជាស្រ្តីមួយរូបដែលតាំងចិត្តជំនះនូវឧបសគ្គ និងភាពមិនអាចទៅរួចដែលក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនគិតថាស្រ្តីធ្វើមិនបាន។ សព្វថ្ងៃនាងជាអ្នកគ្រប់គ្រងផ្នែកប្រតិបត្តិការនៅក្រុមហ៊ុន Facebook។ មិនតែប៉ុណ្ណោះ នាងក៏ជាកវីនិពន្ធសៀវភៅដែលត្រូវបានគេទទួលស្គាល់ថាជាសៀវភៅលក់ដាច់ជាងគេបំផុតផងដែរ។

Sherly Sandberg កើតនៅក្នុងទីក្រុង Washington ហើយនាងជាកូនច្បងក្នុងចំណោមបងប្អូនបីនាក់។ នៅពេលនាងមានអាយុ 2 ឆ្នាំ នាងក៏ត្រូវប្តូរទីលំនៅទៅនៅ North Miamin Beach វិញ។ តាំងពីតូចដល់ធំ ម្តាយនិងលោកយាយនាងជាស្រ្តីគំរូសម្រាប់នាង ពីព្រោះពួកគាត់ទាំងពីរបានខិតខំយ៉ាងណាធ្វើអោយគ្រួសារទាំងមូលមានទាំងការអប់រំនិងការងារ។

Sherly Sandberg បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅ Miami ដោយភាពជោគជ័យជាមួយនឹង 4.6 GPA ហើយនាងត្រូវបានគេចាត់ទុកជាសិស្សពូកែប្រចាំសាលាផងដែរ។ ក្រោយមកនាងក៏បានចូលរៀននៅសកលវិទ្យាល័យ Harvard ដើម្បីបន្តការសិក្សាបរិញ្ញាប័ត្រ។ បន្ទាប់ពីនាងបានរៀនចប់ហើយ នាងជ្រើសរើសធ្វើការនៅធនាគារពិភពលោក ។

នៅក្នុងវិស័យជំនួញ នាងត្រូវបានគេចាត់ទុកជាស្រ្តីដ៏មានឥទ្ធិពលបំផុត។ មិនតែប៉ុណ្ណោះ នាងក៏ជាតំណាងស្រ្តីក្នុងភាពជាអ្នកដឹកនាំ  និងជាអ្នកនិពន្ធសៀវភៅ​ “Lean In” ដែលជាសៀវភៅសម្រាប់លើកទឹកចិត្តស្រ្តីអោយមានការអភិវឌ្ឍន៏។

ក្រោយមក Sherly Sandberg ក៏ចេញសៀវភៅមួយក្បាលទៀតដែលជាការផ្តួចផ្តើមគំនិតពីនាងនិងស្វាមីរបស់នាង តែជាអកុសលស្វាមីរបស់នាងក៏បានស្លាប់។ សៀវភៅក្រោយនោះមានឈ្មោះថា “Option B” ដែលនិយាយភាគច្រើនទាក់ទងនឹងទុក្ខសោកនៃការបាត់បង់ស្វាមីរបស់នាង។

បើទោះបីជាកាលនៅរៀននាងពូកែផ្នែកគណិតវិទ្យា និងបានបញ្ចប់ការសិក្សាពី Harvard ក៏ដោយ ក៏ការចាប់ផ្តើមការងារនៅក្រុមហ៊ុនបច្ចេកវិទ្យាមិនមែនជាការងាយស្រួលឡើយសម្រាប់នាង។ ក្រោយពីនាងបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រពី Harvard នាងក៏ធ្វើជាជំនួយការផ្នែកស្រាវជ្រាវនៅធនាគារពិភពលោក។ ក្រោយមកនាងក៏ទៅចាប់ថ្នាក់អនុបណ្ឌិតមួយទៀតនៅសកលវិទ្យាល័យ Harvard ។ បន្ទាប់ពីនាងរៀនចប់ហើយ នាងក៏ធ្វើការនៅនាយកដ្ឋានរតនាគារវិញ ដែលនាងត្រូវបានប្រគល់តំណែងជាលេខារង។

ឆ្នាំ 2001 Sandberg បានប្តូរទៅ California ដើម្បីធ្វើជាអនុប្រធានផ្នែកលក់អនឡាញនិងប្រតិបត្តិការនៅ Google ។ រហូតមកដល់ឆ្នាំ 2008 កេរ្តិ៍ឈ្មោះរបស់នាងដែលធ្វើការក្នុងផ្នែកបច្ចេកវិទ្យាត្រូវបានគេស្គាល់ច្រើនឡើងៗ​ រហូតក្រោយមកនាងក៏សម្រេចចិត្តធ្វើការជាអ្នកគ្រប់គ្រងផ្នែកប្រតិបត្តិការនៅក្រុមហ៊ុន Facebook ។ តួនាទីរបស់នាងមានដូចជា ផ្នែកទីផ្សា ផ្នែកលក់ ផ្នែកអភិវឌ្ឍន៍ជំនួញ និងការគ្រប់គ្រងធនធានមនុស្ស។

ក្នុងឆ្នាំ 2012 Sandberg បានក្លាយជាស្រ្តីទីមួយក្នុងចំណោមក្រុមប្រឹក្សាភិបាលនៃ Facebook ហើយនាងក៏ទទួលបានសិទ្ធក្នុងការទទួលបានភាគលាភពី Facebook ដែលពេលនោះហើយនាងបានក្លាយជាអ្នកមានមួយរូប។ នៅឆ្នាំ 2017 តម្លៃនៃទ្រព្យសកម្មរបស់នាងមានរហូតដល់ 1.58 ពាន់លានដុល្លា។ មិនតែប៉ុណ្ណោះ Sandberg ក៏ត្រូវបាន Forbes ផ្តល់ចំណាត់ថ្នាក់ទី 7 នៃស្រ្តីដែលមានឥទ្ធិពលក្នុងពិភពលោកទៀតផង៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.