មនុស្សជាច្រើនមិនអាចស្វែងរកជោគជ័យក្នុងអាជីវកម្មបាន តែពួកគេមិនដឹងថាអាចមកពីកត្តាអ្វីខ្លះ។ ខាងក្រោមនេះគឺជាហេតុផលទាំង ៨ ដែលដកស្រង់ចេញពីការសង្កេតឃើញរបស់អ្នកជំនួញ ហើយសង្ឃឹមថាក្រោយពេលបានអានហើយអ្នកអាចនឹងរកឃើញចំនុចខ្វះខាតរបស់ខ្លួនហើយកែប្រែដើម្បីស្វែងរកជោគជ័យក្នុងអាជីវកម្មរបស់អ្នក។

១. អ្នកមិនចូលចិត្តអ្នកមានទ្រព្យសម្បត្តិ៖ ចំនុចនេះសំខាន់ព្រោះថាបើអ្នកមិនចូលចិត្តអ្នកមាននោះអ្នកក៏នឹងមិនក្លាយទៅជាអ្នកមានទេ។

២. អ្នកគិតថាអ្នកមានទាល់តែជាមនុស្សអស្ចារ្យ  ៖ នេះគឺជាការគិតខុសមួយ ព្រោះអ្នកដែលមានទ្រព្យសម្បត្តិគឺកើតឡើងដោយការខិតខំប្រឹងប្រែងធ្វើការងារ និងកែប្រែចំនុចអវិជ្ជមានរបស់គេក្នុងអាជីវកម្មជានិច្ច មិនមែនដោយសារតែគេមានទេពកោសល្យពិសេសអស្ចារ្យ  ដែលមនុស្សទូទៅគ្មាននោះទេ។ អ្នកក៏អាចក្លាយទៅជាអ្នកមានបានដែរ ប្រសិនបើអ្នកខិតខំប្រឹងប្រែងដូចពួកគេ។

៣. អ្នកមិនសូវចូលចិត្តបង្កើនចំណេះដឹង៖ អ្នកអាចសាកល្បងមើលក្នុងយូធូបរបស់អ្នក ហើយបែងចែកថាមានវីឌីអូប៉ុន្មានដែលអ្នកបានមើលគឺសម្រាប់កម្សាន្ដ និងប៉ុន្មានសម្រាប់ការបង្កើនចំណេះដឹង។ ប្រសិនបើ 50% គឺជាវីឌីអូ សម្រាប់កម្សាន្ដ នោះបញ្ជាក់ថាអ្នកចូលចិត្តការកម្សាន្ដអារម្មណ៍ច្រើនជាងការរៀនចំណេះដឹងបន្ថែមដើម្បីយកទៅប្រើក្នុងការរស់នៅប្រចាំថ្ងៃ។

៤. អ្នកខ្វល់ពីការគិតរបស់អ្នកដទៃ៖ អ្នកងាយនឹងគិតថាអ្វីៗដែលអ្នកធ្វើគឺខុសនិងធ្វើអោយអ្នកនៅជុំវិញខ្លួនមិនពេញចិត្ត។ កត្តានេះធ្វើអោយអ្នកពិបាកក្នុងការសម្រេចចិត្តធ្វើកិច្ចការសំខាន់ៗក្នុងជីវិត។ អ្នកត្រូវដឹងថា មិនថាអ្នកធ្វើអ្វីទេគឺគង់តែប៉ះពាល់ដល់អ្នកដទៃគ្រាន់តែតិចឬច្រើនប៉ុណ្ណោះ ដូចនេះយើងត្រូវចេះប្រកាន់នូវគោលជំហររបស់ខ្លួនក្នុងការសម្រេចចិត្តធ្វើអ្វីមួយ។

៥. អ្នកមិនខ្វល់ពីការគិតរបស់អ្នកដទៃ៖ ចំនុចនេះហាក់ដូចជាផ្ទុយពីចំនុចមុន ប៉ុន្ដែវាចង់មានន័យថាពេលខ្លះយើងមិនខ្វល់ពីយោបល់របស់អ្នកដែលអាចជួយអោយអាជីវកម្មយើងដំណើរការបានល្អ ដូចជាអ្នកដែលមានបទពិសោធន៍ជំនួញ ឬអតិថិជនដែលមិនពេញចិត្តនឹងសេវាកម្មយើងជាដើម។ យើងស្ដាប់អ្នកទាំងនេះតិចបំផុត ប៉ុន្ដែបែរជាទៅស្ដាប់អ្នកដែលមិនផ្ដល់គំនិតល្អៗដល់អាជីវកម្មរបស់យើងច្រើនទៅវិញ។

៦. អ្នកស្ដាប់ឪពុកម្ដាយច្រើនពេក៖ ទោះបីជាពួកលោកជាអ្នកមានគុណក៏ដោយ ក៏មិនប្រាកដថាពួកគាត់ចេះដឹងពីជំនួញច្រើនដែរប្រសិនបើពួកគាត់មិនដែលប្រឡូកក្នុងវិស័យនេះ។ ដូចនេះបើចង់បានគំនិតជំនួញល្អៗយើងគួរស្ដាប់ការណែនាំរបស់អ្នកដែលមានបទពិសោធន៍ និងអានសៀវភៅជំនួញអោយបានច្រើន។

៧. ពូកែមានលេសដោះសារ៖ ប្រសិនបើអ្នកនៅតែមិនផ្លាស់ប្ដូរទម្លាប់ក្នុងការរស់នៅប្រចាំថ្ងៃដូចជាការទៅធ្វើការឬទៅរៀនយឺត ការមិនព្រមរៀនសូត្រពីចំណេះដឹងថ្មីៗ ហើយពូកែរកលេសគ្រប់បែបយ៉ាងដើម្បីមកដោះសារ នេះគឺជាសញ្ញាដែលបញ្ជាក់ថាអ្នកនឹងមានការលំបាកក្នុងការស្វែងរកជោគជ័យក្នុងអាជីវកម្ម។

៨. អត្តចរិតមិនល្អ៖ គ្មានមនុស្សណាចូលចិត្តរកសុី ឬសហការជាមួយអ្នកដែលពូកែនិយាយដើមគេ ចូលចិត្តរករឿងគេដោយគ្មានមូលហេតុ ឬគ្មានសីលធម៌ក្នុងការរស់នៅទេ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។