ភាពខុសគ្នារវាងវិនិយោគគិនធំៗទាំងពីរ : Angel Investor VS Venture Capitalist

1587

អាជីវកម្មខ្នាតតូច និងអាជីវកម្មដែលបង្កើតឡើងថ្មីថ្មោងនៅកម្ពុជា ពឹងលើទុនដែលបានមកពីមិត្តភក្តិ និងគ្រួសារស្ទើរទាំងស្រុង ខណៈ Angel Investors និង Venture Capitalists ហាក់ដូចជាពិបាករកនៅឡើយ។ ទោះជាយ៉ាងណា ក៏មានអាជីវកម្មខ្លះខ្ចីទុនពីធនាគារ និងខ្លះទៀតបានទុនពីការប្រកាសប្រមូលទុនផងដែរ។

Angel ដែលប្រែទូទៅជាភាសាខ្មែរថា “ទេវតា” ប៉ុន្តែនៅក្នុងភាសាពានិជ្ជកម្ម វាសំដៅលើអ្នកវិនិយោគទុន។ Angel Investors គឺជាមនុស្សតែម្នាក់ ឬឯកបុគ្គលដែលវិនិយោគប្រាក់ចូលក្នុងអាជីវកម្មបង្កើតថ្មី ហើយជាទូទៅពួកគាត់ធ្លាប់ជោគជ័យក្នុងអាជីវកម្មដែលដឹកនាំដោយគាត់ផ្ទាល់រួចមកហើយ តែគាត់បណ្តាក់ទុនក្នុងអាជីវកម្មបង្កើតថ្មីម្តងដែលគាត់ជឿថា វានិងរីកចម្រើន និងអាចរកប្រាក់ចំណេញបានច្រើននៅថ្ងៃអនាគត។

Venture Capitalists ឬហៅកាត់ថា VC គឺជាមនុស្សមួយក្រុមដែលមានលុយច្រើន ប្រមូលលុយគ្នាបង្កើតជាក្រុមហ៊ុនវិនិយោគមួយ ដែលចាំតែដាក់ទុនចូលក្នុងអាជីវកម្មដែលពួកគេជឿថានិងជោគជ័យ ហើយពួកគេនិងរកប្រាក់ចំណេញពីការវិនិយោគទុននោះ។ ខុសគ្នាត្រង់ថា Angel Investor គឺជាមនុស្សតែម្នាក់ តែ Venture Capitalist គឺជាមនុស្សមួយក្រុម។

វិនិយោគិនទាំងពីរប្រភេទនេះ ចូលចិត្តវិនិយោគក្នុងអាជីវកម្មបង្កើតថ្មីជាជាងអាជីវកម្មដែលដំណើរការល្អហើយ ហើយពួកគេចូលចិត្តវិនិយោគក្នុងវិស័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត។ ខាងក្រោមនេះ គឺជាចំណុចខុសគ្នាធំៗរវាង Angel Investors និង Venture Capitalist ៖

១. Angel ធ្វើការតែម្នាក់ឯង តែ VC ធ្វើជាក្រុម

Angel Investors ឬអ្នកខ្លះទៀតហៅថា Business Angels គឺជាមនុស្សតែម្នាក់ដែលវិនិយោគលុយផ្ទាល់ខ្លួនចូលទៅក្នុងអាជីវកម្មបង្កើតថ្មី។ Angels គឺជាមនុស្សដែលមានលុយច្រើន ដែលភាគច្រើនពួកគេវិនិយោគប្រាក់ចូលក្នុងក្រុមហ៊ុនណាមួយ ហើយកាន់កាប់សិទ្ធគ្រប់គ្រងធំណាមួយក្នុងក្រុមហ៊ុននោះ។

Venture Capital Firms ដែលអាចហៅបានថាជា “ក្រុមមនុស្សដែលជំនាញខាងវិនិយោគ”។ លុយរបស់ពួកគេបានមកពីមនុស្សជាច្រើន រួមមានទាំងលុយចូលនិវត្តន៍ មកពីក្រុមហ៊ុនធំៗ និងលុយមូលនិធិនានា។ 

២. ពួកគេវិនិយោគប្រាក់ក្នុងទំហំខុសគ្នា

ជាធម្មតា Angels វិនិយោគប្រាក់ 25% នៃប្រាក់ដែលពួកគេមាន តែពេលខ្លះក៏អាចមានលើស ឬក្រោមហ្នឹង។ នៅពេលដែល Angels រួមគ្នាជាក្រុមមួយ ជាមធ្យមពួកគេវិនិយោគក្នុងចំនួន $750,000។

ការវិនិយោគរបស់ Angels មានលក្ខណលឿនជាង VC ដោយសារតែពួកគេមានតែម្នាក់ និងសម្រេចចិត្តតែម្នាក់ ប៉ុន្តែទំហំវិនិយោគរបស់ពួកគេក៏មានកម្រិតដែរ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ Venture Capitalist ជាមធ្យមពួកគេវិនិយោគក្នុងទំហំ 7 លានដុល្លារក្នុងមួយក្រុមហ៊ុន។

៣. ពួកគេមានទំនួលខុសត្រូវខុសគ្នា

Angel Investors ជាធម្មតាផ្តោតលើតែជួយគាំទ្រផ្នែកហិរញ្ញវត្ថុ។ ចំណែកយុទ្ធសាស្រ្ត ពួកគេអាចផ្តល់ឲ្យអ្នក លុះត្រាតែអ្នកស្នើសុំ ឬក៏ពួកគេណែនាំអ្នកជំនាញណាផ្សេងឲ្យជួយ ប៉ុន្តែពួកគេមិនលូកដៃធ្វើច្រើនទេ។ 

Venture Capitalists ផ្តោតលើក្រុមហ៊ុនណាដែលមានផលិតផល ឬសេវាកម្មល្អ ហើយមានចំណុចខ្លាំងច្រើនជាងគូប្រជែងក្នុងទីផ្សារ និងមានអ្នកគ្រប់គ្រងពូកែដឹកនាំក្រុមហ៊ុន។ នៅពេលដែលពួកគេសម្រេចចិត្តវិនិយោគ ពួកគេនិងលូកដៃជួយជ្រុំជ្រែងក្រុមហ៊ុននោះឲ្យជោគជ័យកាន់តែខ្លាំង ហើយពួកគេភាគច្រើនបញ្ជូនមនុស្សជំនាញរបស់ពួកគេ មកជួយដឹកនាំក្រុមហ៊ុន និងជួយផ្នែកយុទ្ធសាស្រ្ត និងគ្រប់គ្រងដើម្បីឲ្យក្រុមហ៊ុននោះកាន់តែរកចំណូលបានច្រើន។

៤. Angel Investors វិនិយោគតែក្រុមហ៊ុនបង្កើតថ្មីតែប៉ុណ្ណោះ

Angels មានជំនាញវិនិយោគចូលក្រុមហ៊ុនដែលមានគំនិតអាជីវកម្មថ្មីៗ ដែលអាចធ្វើព្យុះភ្លៀងក្នុងទីផ្សារបាន។ លុយរបស់ពួកគេ និងកែប្រែអាជីវកម្មតូចមួយ អាចប្រែក្លាយជាក្រុមហ៊ុនខ្លាំងបាន។

Venture Capitalists ពួកគេវិនិយោគទាំងអាជីវកម្មបបង្កើតថ្មី និងអាជីវកម្មដែលកំពុងដំណើរការល្អហើយ អាស្រ័យលើការវិភាគរបស់ពួកគេ។ ប្រសិនបើពួកគេមើលឃើញក្រុមហ៊ុនបង្កើតថ្មីណាដែលមានសក្តានុពលខ្លាំង ពួកគេនិងតាមវិនិយោគមិនថាប្រើវិធីណាក៏ដោយ។

Venture Capitalist ក៏វិនិយោគនៅក្នុងក្រុមហ៊ុនដែលអភិវឌ្ឍរួចហើយ ដើម្បីឲ្យក្រុមហ៊ុននោះរីកចម្រើនកាន់តែខ្លាំងឡើងថែមទៀត តួរយ៉ាងដូចក្រុមហ៊ុនរបស់ Warren Buffett វិនិយោគក្នុង Uber និងក្រុមហ៊ុន Soft Bank វិនិយោគក្នុង Alibaba របស់ Jack Ma កាលពី Alibaba ទើបចាប់ផ្តើមដំបូងដូច្នេះដែរ។

មូលហេតុដែលសហគ្រិននៅកម្ពុជា ពិបាករកអ្នកវិនិយោគមិនថា Angels និង Venture Capitalists ទាំងក្រៅស្រុក និងក្នុងស្រុក ភាគច្រើនគឺទាក់ទងនិងផ្លូវច្បាប់ និងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីធានាសុវត្តិភាពសាច់ប្រាក់ដែលពួកគេវិនិយោគ។ កត្តាមួយទៀតដែលមិនសូវមាន Angels និង Capitalist នៅក្នុងស្រុកច្រើន គឺដោយសារប្រជាជនខ្មែរដែលគាត់មានលុយ ពួកគាត់មិនសូវមានចំណេះដឹងផ្នែកវិនិយោគ ដែលធ្វើឲ្យពួកគាត់យកលុយទៅដាក់នៅធនាគារជាងយកលុយទៅវិនិយោគ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។