គំនិតជោគជ័យទាំង ៥ ពីស្ថាបនិក Google លោក Larry Page

1308

Google គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ Alphabet ដែលបង្កើតឡើងនៅថ្ងៃទី ០៤ កញ្ញា ឆ្នាំ ១៩៩៨ ដោយស្ថាបនិកពីរនាក់គឺលោក Larry Page និង Sergey Brin ប៉ុន្តែ បច្ចុប្បន្ន Google កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ Sundar Pichai ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ។

Larry Page សព្វថ្ងៃមានវ័យ ៤៥ ឆ្នាំ ជាមហាសេដ្ឋីពិភពលោកទី ១២ មានទ្រព្យសម្បត្តិសរុប ៤៨.៨ ពាន់លានដុល្លារ និងកាន់តំណែងជា CEO នៅក្រុមហ៊ុន Alphabet។ លោក Larry Page ក៏មិនខុសពីបុគ្គលជោគជ័យក្នុងលោកដទៃទៀតដែរ គឺបានឆ្លងកាត់ឧបសគ្គជាច្រើនទម្រាំតែអាចបង្កើតក្រុមហ៊ុនផ្តល់ការស្រាវជ្រាវ ឬមនុស្សភាគច្រើនស្គាល់ថាជាបណ្ណាល័យធំជាងគេលើលោកសម្រាប់អ្នកសិក្សា និងមនុស្សទូទៅដើម្បីស្វែងរកចំណេះដឹងដែលពួកគេត្រូវការ។ ខាងក្រោមនេះគឺជាគំនិតជោគជ័យទាំង ៥ របស់ Larry Page ដែលអ្នកអាចយកជាគំរូបាន។

១. ជ្រើសរើសមនុស្សត្រឹមត្រូវ

នៅក្នុងការងារ គឺមិនអាចខ្វះបានមនុស្សដែលមានទេពកោសល្យពិតប្រាកដ។ ការជ្រើសរើសមនុស្សមានសម្ថភាពត្រឹមត្រូវ គឺជាកត្តាសំខាន់ដើម្បីបង្កើនភាពជោគជ័យដល់ក្រុមហ៊ុន។ ទោះជាយ៉ាងណា ការជ្រើសរើសមនុស្សបានត្រឹមត្រូវគឺមិនមែនជារឿងងាយទេ។ Larry Page និយាយថា ក្រុមហ៊ុន Google ពិតជាសំណាងដែលមនុស្សដូចជា Sergey Brin និង Eric Schmidt។ ក្រុមហ៊ុន Google បានព្យាយាមទាក់ទាញ Eric Schmidt អស់ពេលជាងមួយឆ្នាំ ដែលក្រោយមកលោកបានយល់ព្រមចុះកិច្ចសន្យាជាមួយ Google បម្រើការជានាយកប្រតិបត្តិអស់រយៈពេល ១០ ឆ្នាំ និងបាននាំមកនូវជោគជ័យយ៉ាងធំក្រៃលែងសម្រាប់ក្រុមហ៊ុននៅតំបន់ Silicon Valley មួយនេះ។

២. ធ្វើជាអ្នកជំនាញ

Larry Page បាននិយាយថា “យកពេលរបស់អ្នកទៅសិក្សាប្រធានបទអ្វីមួយឱ្យបានច្បាស់។ ធ្វើវាដោយក្តីអំណត់ អ្នកអាចនឹងត្រូវចំណាយពេលរាប់ឆ្នាំ ប៉ុន្តែនៅពេលដែលអ្នកដឹងថា អ្វីគួរដកចេញ និងអ្វីគួរដាក់បន្ថែម អ្នកនឹងអាចកំណត់ពីបញ្ហាដែលអ្នកចង់ដោះស្រាយ និងទាញយកផលប្រយោជន៍ពីវា ហើយវានឹងធ្វើឱ្យអ្នកកាន់តែមានភាពងាយស្រួលក្នុងការដឹកនាំក្រុម”។ និយាយឱ្យខ្លីគឺមានន័យថា បើអ្នកធ្វើអ្វីមួយ អ្នកត្រូវធ្វើឱ្យក្លាយទៅជាជំនាញពិតប្រាកដ និងអាចបង្រៀនវាដល់អ្នកដទៃបាន។

៣. ដាក់គោលដៅ

ការកំណត់គោលដៅ គឺជារឿងចាំបាច់ណាស់សម្រាប់មនុស្សគ្រប់គ្នា។ អ្នកត្រូវកំណត់គោលដៅដែលមើលទៅហាក់ដូចជាមិនអាចសម្រេចបាន ប៉ុន្តែមានហេតុផលគ្រប់គ្រាន់ក្នុងការធ្វើវាឱ្យចេញជាផ្លែផ្កាពិតប្រាកដ។

៤. ដោះស្រាយបញ្ហាទាំងអស់

មនុស្សជោគជ័យតែងតែធ្វើកិច្ចការធំៗ និងព្យាយាមដោះស្រាយបញ្ហាស្មុគស្មាញដែលមនុស្សធម្មតាពិបាកធ្វើបាន។ Larry និយាយថា “ចូរកុំខ្លាចនិងប្រឈមមុខជាមួយបញ្ហាលំបាកៗ ពីព្រោះវានឹងផ្តល់ឱ្យអ្នកនូវរង្វាន់ដ៏អស្ចារ្យ”។ បញ្ហាកាន់តែពិបាក រង្វាន់លើកទឹកចិត្តក៏កាន់តែធំ។

៥. កុំខ្វល់ពីតំណែង

វាច្បាស់ណាស់ថា អ្នកប្រហែលជាមិនអាចបង្កើតអាណាចក្រមួយដោយដៃទទេបានទេ ហើយការចាប់ផ្តើមក្រុមហ៊ុនមួយក៏មិនមែនដោយសារតែតំណែងដែរ។ “ការគាំទ្រពីមជ្ឈដ្ឋាននៅជុំវិញខ្លួនមិនសូវជាបញ្ហាប៉ុន្មានទេ ប៉ុន្តែ ប្រសិនបើអ្នកមានគំនិតល្អមួយ អ្នកនឹងអាចទាក់ទាញអ្នកផ្សេងឱ្យមកជួយអ្នក” Larry Page

អត្ថបទដោយ៖ Ciel

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕