​​​យោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យកូឡុំប៊ី ដោយអ្នកសិក្សាស្រាវជ្រាវ Renee Goodwin បានអោយដឹងថាអ្នកជក់បារីមានភាគរយ ៧ ដងដែលអាចឈានដល់ការជក់អាភៀនច្រើនជាងអ្នកមិនធ្លាប់ជក់បារី ដែលគេស្គាល់វាថាជា ទម្លាប់នៃការបង្កើតទម្លាប់មួយទៀតហើយអោយឈ្មោះថា ឃីស្តូន (Keystone)” ។ 

ឃីស្តូន (Keystone) គឺជាឥរិយាបថឆ្លងមួយដែលមានលក្ខណៈដើរតួដូចជាកោសិកាដែលផ្តល់កំណើតដល់ទម្លាប់ដែលទាក់ទងផ្សេងទៀត។ ការជក់បារីនិងការជក់អាភៀន គឺជាឧទាហរណ៍មួយ ហើយមួយទៀតគឺការផឹកស្រានិងជក់បារី។

ជាការពិតណាស់ “ទម្លាប់ ឃីស្តូន (Keystone)” ដូចជាការជក់បារីអាចជាទម្លាប់អាក្រក់ ហើយនាំឱ្យមានទម្លាប់អាក្រក់ផ្សេងទៀតដែលពាក់ព័ន្ធនឹងវា ក៏ប៉ុន្តែ “ទម្លាប់ ឃីស្តូន (Keystone)” អាចនឹងក្លាយជាទម្លាប់ល្អផងដែរ ប្រសិនបើអ្នកចេះប្រើវា។

ឧទាហរណ៍ល្អនៃ “ទម្លាប់ ឃីស្តូន (Keystone)  ដូចជាការធ្វើលំហាត់ប្រាណជាដើម។ ជាក់ស្តែង​ក្រុមអ្នកស្រាវជ្រាវនៅរដ្ឋ Indiana បានរកឃើញនៅក្នុងការសិក្សារបស់ពួកគេថា អ្នកដែលមានទម្លាប់ហាត់ប្រាណ នឹងបង្កើតទម្លាប់ល្អមួយទៀតដូចជាទម្លាប់ក្នុងការញាំអាហារដែលជំនួយអោយមានសុខភាពល្អផងដែរ។

ចំណែកឯ “ទម្លាប់មិនល្អ”  នៃការអង្គុយលើគ្រែ និងការមើលទូរទស្សន៍អាចជារឿងអាក្រក់ដែលនាំអ្នកទៅកាន់ “ទម្លាប់មិនល្អ” ផ្សេងទៀតដូចជាការញាំចំណីអាហារដែលមិនល្អជាដើម។

ទន្ទឹមនឹងនេះ “ទម្លាប់ល្អ” ក្នុងការសន្សំប្រាក់ដែលបានមកពីចំណូលរបស់អ្នកពី ១០ ភាគរយ ឬច្រើនជាងនេះអាចនាំអោយមាននូវ “ទម្លាប់ល្អ” ផ្សេងទៀតដូចជាការប្រើគូប៉ុងទិញសំលៀកបំពាក់របស់អ្នកនៅហាងលក់ទំនិញ ការវិនិយោគដោយមានការប្រុងប្រយ័ត្ន ក៏ដូចជាការរៀបចំថវិកាជាដើម។

ផ្ទុយទៅវិញ “ទម្លាប់មិនល្អ” នៃការចំណាយច្រើនជាងចំណូលដែលអ្នករកបានអាចនាំទៅរក “ទម្លាប់មិនល្អ” ផ្សេងទៀតដូចជាការប្រើប័ណ្ណឥណទានហួសកំរិត ឬខ្ចីលុយពីធនាគារ គ្រួសារ និងមិត្តភក្តិ។ ហើយភាពតានតឹងដែលទាក់ទងនឹងការលំបាកក្នុងការបង់ថ្លៃវិក័យប័ត្ររបស់អ្នកក៏អាចនាំទៅរកទម្លាប់មិនល្អផ្សេងទៀតដូចជាការញាំអាហារដែលមិនផ្តល់ផលល្អដល់សុខភាព  ការផឹកស្រា ឬការប្រើថ្នាំដើម្បីបន្ថយភាពតានតឹងជាដើម។

រីឯ “ទម្លាប់ល្អ” នៃការបន្តក្តីសុបិន្តវិជ្ជមានអាចនាំអោយមាន “ទម្លាប់ល្អ” ផ្សេងទៀតដូចជាការអភិវឌ្ឍន៍ខ្លួនឯងអោយមានភាពប្រសើរឡើងតាមរយៈការអាន រៀននូវជំនាញថ្មីៗ និងការស្វែងរកអ្នកណែនាំជាដើម។

ផ្ទុយទៅវិញ “ទម្លាប់មិនល្អ” នៃការរស់នៅជាមួយការងារដែលអ្នកស្អប់ អាចបណ្តាលឱ្យមានភាពតានតឹងរ៉ាំរ៉ៃនិងបណ្តាលឱ្យអ្នកបង្កើតបាននូវ “ទម្លាប់មិនល្អ” ផ្សេងទៀតដើម្បីបន្ថយភាពតានតឹងដូចជាការផឹកស្រា ឬការបរិភោគអាហារមិនល្អជាដើម។

នេះហើយជាមូលហេតុសំខាន់ថាហេតុអ្វីអ្នកត្រូវមានទម្លាប់ល្អ។ ទម្លាប់ល្អនឹងនាំអ្នកអោយបន្តមានទម្លាប់ល្អផ្សេងទៀត។ ហើយវាក៏ជាមូលហេតុដែលសំខាន់ណាស់ក្នុងការលុបបំបាត់ទម្លាប់អាក្រក់របស់អ្នក ព្រោះថាទម្លាប់អាក្រក់ក៏នឹងនាំអោយបន្តមានទម្លាប់អាក្រក់ច្រើនផ្សេងទៀត។

ទម្លាប់ គឺជាប្រព័ន្ធដឹកជញ្ជូននៅនៃដំណើរជីវិតរបស់អ្នក​។ ប្រសិនបើទិសដៅ ឬគោលបំណងរបស់អ្នកគឺជាការចង់បានសុខភាពល្អ មានសុភមង្គល និងទទួលបានភាពជោគជ័យក្នុងជីវិតរបស់អ្នក ទម្លាប់ល្អប្រចាំថ្ងៃនឹងជំរុញអ្នកអោយទៅដល់គោលដៅនោះ។

បើកភ្នែករបស់អ្នកហើយសម្លឹងមើលទម្លាប់របស់អ្នក ព្រោះថាទម្លាប់មិនត្រឹមត្រូវអាចជំរុញអ្នកឱ្យទៅរកទិសដៅដែលអ្នកនឹងមិនចូលចិត្ត ឬចង់បាននោះទេ៕​

ប្រភពអត្ថបទ៖ CNBC

ផ្ទាំងឃោសនាពាណិជ្ជកម្ម
I'm a freelance writer of APAMAT. Mostly, my articles are about youth, businesswomen, money and life. This moment, I'm also running my own business, an import and export company between China-Cambodia. I'm here because I love to share my experiences with you about both life and business. Enjoy!