ថ្វីត្បិតតែ Bill Gates និង Steve Jobs ធ្លាប់ជាគូប្រជែងនិងគ្នានៅក្នុងមុខជំនួញ ប៉ុន្តែពួកគាត់ទាំង ២ ក៏មានលក្ខណៈដូចគ្នាច្រើន។
តាមរយៈបទសម្ភាសន៍មួយ លោក Elon Musk ស្ថាបនិកក្រុមហ៊ុន Tesla និង SpaceX បានបង្ហើបពីអាថ៌កំបាំងមួយដែលធ្វើឱ្យម្ចាស់ក្រុមហ៊ុន Microsoft និងអតីតម្ចាស់ក្រុមហ៊ុន Apple ថា ភាពជោគជ័យរបស់ Gates និង Jobs បានមកដោយសារតែពួកគេមានជំនាញពិសេសមួយក្នុងការទាក់ទាញមនុស្សមានទេពកោសល្យកំពូលៗ និងទទួលបានភាពស្មោះត្រង់ពីបុគ្គលិក។
Elon បន្តទៀតថា “សមត្ថភាពទាក់ទាញ និងលើកទឹកចិត្តមនុស្សពូកែ គឺជាកត្តាចាំបាច់ណាស់ចំពោះភាពជោគជ័យរបស់ក្រុមហ៊ុន ពីព្រោះក្រុមហ៊ុនគឺជាបណ្ដុំមនុស្សដែលត្រូវបានប្រមូលផ្តុំឱ្យមកបង្កើតផលិតផល ឬសេវាកម្មមួយជាមួយគ្នា។”
“ប្រសិនបើអ្នកអាចទាក់ទាញមនុស្សមូលមនុស្សពូកែៗឱ្យមកធ្វើការក្នុងក្រុមហ៊ុនជាមួយគ្នាឆ្ពោះទៅរកគោលដៅសាមញ្ញមួយ នោះអ្នកនឹងអាចបង្កើតផលិតផលដ៏អស្ចារ្យមួយ។ ផលិតផលកាន់តែអស្ចារ្យ ទាក់ទាញអ្នកទិញកាន់តែច្រើន ហើយអ្នកទិញកាន់តែច្រើន ក្រុមហ៊ុនគឺកាន់តែជោគជ័យ។” Elon Musk
ទោះជាយ៉ាងណា វាមិនមែនជាកិច្ចការងាយស្រួលទេក្នុងការស្វែងរក និងជួលបុគ្គលិកដែលមានទេពកោសល្យខ្ពស់ឱ្យមកធ្វើការក្នុងក្រុមហ៊ុន ពីព្រោះពួកគេទាំងនោះភាគច្រើនទាមទារចំណែកលើសដែលក្រុមហ៊ុនពិបាកនិងផ្តល់ឱ្យ។ ឧទាហរណ៍ដូចជា ក្រុមហ៊ុន Microsoft កាលដើមឡើយបានប្រើប្រាស់មធ្យោបាយទាក់ទាញ និងលើកទឹកចិត្តដល់បុគ្គលិកដោយការចែកភាគហ៊ុន ដែលនេះជាកម្លាំងជម្រុញឱ្យពួកគេក្លាយជាអ្នកមានគំនិតច្នៃប្រឌិត។
សាស្ត្រាចារ្យជំនាញផ្នែកគ្រប់គ្រងម្នាក់នៅ Columbia Business School លោក Willie Pietersen បានប្រាប់ដល់ CNBC Make It ថា នៅឯក្រុមហ៊ុន Apple ស្ថាបនិក Steve Jobs បានប្រើវិធីសាស្ត្រលើកទឹកចិត្តដល់បុគ្គលិក ដោយឱ្យពួកគេទាំងអស់បង្កើតការសម្រេចរួមគ្នាមួយ។
ចំណែកឯម្ចាស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ឯណោះវិញ លោក Elon Musk បានប្រើប្រាស់យុទ្ធសាស្រ្តពិសេសរបស់គាត់ក្នុងជម្រុញ និងលើកទឹកចិត្តដល់បុគ្គលិកដោយធ្វើឱ្យពួកគេមានអារម្មណ៍ថា ពួកគេគឺជាចំណែកយ៉ាងធំរបស់ក្រុមហ៊ុន SpaceX។
ជោគជ័យរបស់ក្រុមហ៊ុនមួយបណ្ដាលមកពីមានអតិថិជនទិញផលិតផល ឬប្រើប្រាស់សេវាកម្មច្រើន ប៉ុន្តែគន្លឹះស្នូលមួយដែលនាំជោគជ័យដល់ក្រុមហ៊ុនគឺ ការមានបុគ្គលិកឆ្នើមៗច្រើន និងប្រកបដោយភាពច្នៃប្រឌិត៕
អត្ថបទដោយ៖ Ciel
