រឿងជំនួញខ្លីៗ : ប៊ុនថង និង រីយ៉ាចាប់ដៃគ្នាបង្កើតក្រុមហ៊ុនលក់រាយ (ចំណេះដឹងវិនិយោគ)

4947
រូបតំណាង

យុវជន ប៊ុនថង និង យុវតី រីយ៉ា គឺជាមិត្តរួមថ្នាក់និងគ្នានៅក្នុងសកលវិទ្យាល័យមួយក្នុងក្រុងភ្នំពេញ។ ពួកគេមានគំនិតដូចគ្នា ចង់រកស៊ីក្នុងវិស័យលក់រាយ ដោយសារតែពួកគេជឿថា វាមានទីផ្សារធំ និងសក្តានុពលរបស់វានាថ្ងៃអនាគតល្អ។

ដំបូងពួកគេដាក់ឈ្មោះ សិក្សាទីផ្សារ វិភាគហានិភ័យ និងសរសេរគម្រោងអាជីវកម្ម បន្ទាប់មកពួកគេក៏សម្រេចចិត្តបង្កើតក្រុមហ៊ុននោះឡើង ក្រោមយីហោរ The B Mart

ថ្ងៃទីមួយ ពួកគេបានទៅចុះបញ្ជីក្រុមហ៊ុន និងចុះកិច្ចសន្យារកស៊ីជាមួយគ្នា។ ពួកគេត្រូវការទុនដើម្បីចំណាយលើសម្ភារៈ គ្រឿងបរិក្ខា និងទិញទំនិញខ្លះដាក់លក់។ ពួកគេក៏ទៅស្នើរសុំការបណ្តាក់ទុនបន្ថែមពីបងប្រុសរបស់ ប៊ុនថង។ ពួកគេបានបោះភាគហ៊ុនចំនួន 10,000 ហ៊ុន ហើយលក់ទៅឲ្យបងប្រុសរបស់ប៊ុនថងចំនួន 20% ដូច្នេះ ប៊ុនថង និង រីយ៉ា កាន់កាប់ភាគហ៊ុនសរុបម្នាក់ 40% ឬស្មើរ ប៊ុនថង និង រីយ៉ាកាន់កាប់ម្នាក់ 4,000 ហ៊ុន ហើយបងប្រុសរបស់ប៊ុនថងកាន់កាប់ 2,000 ហ៊ុន។

បងប្រុសរបស់ប៊ុនថង វិនិយោគប្រាក់ចំនួន 50,000 ដុល្លារអាមេរិច ដូច្នេះទុនសរុបស្មើរនិង $250,000 ($50,000/20%) ដោយ រីយ៉ា និង ប៊ុនថងវិនិយោគម្នាក់ $100,000។ បន្ទាប់ពីចុះកិច្ចសន្យាវិនិយោគរួចរាល់ ក្រុមហ៊ុននោះក៏លេចរូបរាងឡើង។

មួយឆ្នាំក្រោយមក ក្រុមហ៊ុនរបស់ពួកគេ ទទួលបានការគាំទ្រពីអតិថិជនដូចទឹកបាក់ទំនប់។ វាក៏ដល់ពេលដែលពួកគេត្រូវជួលបុគ្គលិក និងពង្រីកសាខាបន្ថែម ដូច្នេះពួកគេត្រូវប្រមូលទុនម្តងទៀត ហើយច្រើនជាងមុន (ប្រមូលទុនជុំទីមួយ)។ ពួកគេត្រូវការទុន 1 លានដុល្លារបន្ថែម បន្ទាប់មកពួកគេទៅរក Angel Investors និង Venture Capitalists។ ដោយសារតែពួកគេបានបង្ហាញពីភាពខ្លាំងជាក់ស្តែង វាមិនពិបាកនោះទេក្នុងការរកទុនបន្ថែម។

ដល់ពេលដែលត្រូវវាយតម្លៃក្រុមហ៊ុនរបស់ពួកគេ ពួកគេបានវាយតម្លៃថាវាមានតម្លៃ 8 លានដុល្លារអាមេរិច។ ពីរសប្តាហ៍ក្រោយមក  វិនិយោគិនពីរនាក់ បានមកចរចារវិនិយោគ ដោយម្នាក់ជា Angel Investor និងម្នាក់ទៀតមកពី Venture Capitalist មួយ។ Venture Capitalist សម្រេចវិនិយោគ 1 លានដុល្លារ តែវាយតម្លៃក្រុមហ៊ុន The B Mart ថាវាមានតម្លៃតែ 6 លានដុល្លារប៉ុណ្ណោះ។ ចំណែក Angel សម្រេចវិនិយោគប្រាក់ កន្លះលានដុល្លារ ប៉ុន្តែវាយតម្លៃក្រុមហ៊ុនថាវាមានតម្លៃតែ 5 លានដុល្លារប៉ុណ្ណោះ។

តើ ប៊ុនថង និង រីយ៉ា និងធ្វើបែបណា? ពួកគេសម្រេចចិត្តទទួលទុនទាំងអស់នោះ ប៉ុន្តែពួកគេចរចារជាមួយ Angel ដោយដាក់លក្ខណ្ឌថា ប្រសិនបើ Angel នោះព្រមឲ្យតម្លៃ 6 លានដុល្លារ ពួកគេនិងឲ្យសិទ្ធធ្វើជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន  បន្ទាប់មក Angel Investor ក៏យល់ព្រម។

ឥឡូវយើងមកមើលការគណនា៖ ទុនដែលទទួលបានសរុប មានចំនួន 1.5 លានដុល្លារ។

ប៊ុនថង រីយ៉ា និងបងប្រុសរបស់ប៊ុនថង ធ្លាប់តែកាន់កាប់ 100% ឥឡូវនេះត្រូវកាត់បន្ថយនៅសល់តែ 75%។ មានន័យថា ប៊ុនថង និងរីយ៉ាកាលពីដើមកាន់កាប់ម្នាក់ 40% ឥឡូវនេះធ្លាក់សល់ម្នាក់ 30% ចំណែកឯបងប្រុសរបស់ប៊ុនថង ពីមុនកាន់កាប់ 20% ឥឡូវនៅសល់ 15% វិញ។ ពួកគេក៏ត្រូវទៅផ្លាស់ប្តូរចំនួនភាគហ៊ុននៅក្រសួងផងដែរ។ ដោយ 75% ស្មើរនិង 10,000 ហ៊ុន ពេលនេះលក់ 25% ទៀត ដូច្នេះភាគហ៊ុននិងកើនសរុបស្មើរ 13,300 ហ៊ុន។ មានន័យថា វិនិយោគិនថ្មីដែលកាន់កាប់ភាគហ៊ុន 25% ស្មើរនិង 3,300 ហ៊ុន។ ដូច្នេះតម្លៃ ក្នុងមួយភាគហ៊ុនគឺ $455/ហ៊ុន (1.5 លានដុល្លារ/3,300 ហ៊ុន)។

ភាគហ៊ុនរបស់ប៊ុនថង និងរីយ៉ា ដែលកាន់កាប់ម្នាក់ 4,000 ហ៊ុន ពេលនេះមានតម្លៃ $1,820,000 (4,000 ហ៊ុន x $455)។ ចំណែកឯបងប្រុសរបស់ប៊ុនថង ដែលដំបូងវិនិយោគលុយតែ $50,000 និងកាន់កាប់ 2,000 ហ៊ុន ឥឡូវនេះវាមានតម្លៃ $910,000 (2,000 ហ៊ុន x $455)៕

#ចំណាំ៖ រាល់ពេល The B Mart ទទួលទុនបន្ថែម ជុំទី2 ទី3 ឬទី4  ភាគរយកាន់កាប់ភាគហ៊ុនរបស់ម្ចាស់ភាគហ៊ុនចាស់ៗនិងថយចុះ។

ចុចអាន៖ ភាពខុសគ្នារវាងវិនិយោគគិនធំៗទាំងពីរ : Angel Investor VS Venture Capitalist

ដោយ៖ Zakarin

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។