តាមរយៈសារពត៌មាន foxbusiness កាលពីថ្ងៃទី ០៩ ខែ កក្កដា ម្សិលមិញនេះបានសរសេរថា នាវាមុជទឹកខ្នាតតូចរបស់មហាសេដ្ឋី Elon Musk ដែលបង្កើតឡើងដោយក្រុមស្រាវជ្រាវផ្នែកអាកាស SpaceX នឹងត្រូវបានបញ្ជូនដល់ប្រទេសថៃនៅម៉ោង ១១ យប់។
Elon Musk និងក្រុមការងាររបស់លោកសង្ឃឹមថា នាវាមុជទឹកខ្នាតតូចនេះនឹងធ្វើជាជំនួយដល់ការជួយសង្គ្រោះក្មេងៗ ៤ នាក់ និងគ្រូរបស់ពួកគេម្នាក់ទៀត (សរុប ៥ នាក់) ដែលកំពុងជាប់នៅក្នុងរូងភ្នំ Tham Luang ប្រទេសថៃ ប៉ុន្តែប្រសិនបើក្រុមសង្គ្រោះបានទទួលជោគជ័យ លោកមើលឃើញថាវានឹងមានប្រយោជន៍សម្រាប់ការជួយសង្រ្គោះនៅថ្ងៃខាងមុខ។

តាមគណនី Twitter មួយឈ្មោះ Evelyn Janeidy Arevalo បានសួរដល់ Elon Musk ថា តើនាវាមុជទឹកខ្នាតតូចកំពុងធ្វើដំណើរទៅកាន់ប្រទេសថៃឬ? លោក Musk ក៏បានតបមកវិញថា នាវាមុជទឹកខ្នាតតូចរបស់លោកនឹងត្រូវបញ្ជូនទៅដល់ក្នុងរយៈពេលប្រហែល ១៧ ម៉ោង ហើយលោកសង្ឃឹមថាវានឹងមានប្រយោជន៍។
អ្នកជំនាញមុជទឹកក្នុងតំបន់និយាយថា ការមកដល់របស់នាវាមុជទឹកខ្នាតតូចស្របពេលនៃប្រតិបត្តិការជួយសង្រ្គោះអាចជាឧបករណ៍ដ៏ចាំបាច់មួយ បើសិនជាភ្លៀងនៅតែបន្តឥតឈប់ក្នុងចន្លោះពេល ៣ ទៅ ៤ ម៉ោងខាងមុខ។
នាវាមុខទឹកខ្នាតតូចនេះមានបំពង់អុកស៊ីហ្សែន មានទម្ងន់ស្រាលល្មមនិងមនុស្សពីរនាក់អាចហែលទប់បាន និងមានទំហំតូចដែលអាចមុជចូលចន្លោះចង្អៀតៗបាន។

គួរបញ្ជាក់ផងដែរថា រហូតមកទល់ពេលនេះក្មេងៗ ៨ នាក់ ត្រូវបានសង្រ្គោះចេញពីរូងភ្នំហើយកាលពីថ្ងៃចន្ទម្សិលមិញ នៅសល់តែក្មេង ៤ នាក់ និងគ្រូរបស់ពួកគេម្នាក់ទៀតប៉ុណ្ណោះដែលក្រុមអ្នកសង្រ្គោះ និងអ្នកជំនាញមុជទឹកមកពីជុំវិញពិភពលោកកំពុងរកវិធីជួយសង្រ្គោះ៕
អត្ថបទដោយ៖ Ciel
