ជំនាញ Soft Skill ដែលអ្នកដឹកនាំគួរមាន

2379

Soft Skill គឺជាជំនាញដែលគ្មានរូបរាងពិតប្រាកដ។ ដើម្បីក្លាយជាអ្នកដឹកនាំល្អ អ្នកត្រូវទទួលស្គាល់ថាមនុស្ស គឺពោរពេញដោយភាពទន់ខ្សោយ និងងាយទទួលរងផលប៉ះពាល់ជាច្រើនពីឥទ្ធិពលដែលនៅជុំវិញខ្លួន។ មនុស្ស គឺមិនអាចគេចបានពីការបង្កើតកំហុស ហើយដំណោះស្រាយមិនមែនជាការដាក់ទណ្ឌកម្មដល់ពួកគេនោះទេ។ ផ្ទុយទៅវិញ អ្នកត្រូវជួយពួកគេឱ្យកត់សម្គាល់នូវចំណុចដែលពួកគេអាចកែលម្អបាន ហើយវាត្រូវការជំនាញម្យ៉ាងហៅថា “Soft Skill” ឬ ជំនាញទន់។ ខាងក្រោមនេះ គឺជាជំនាញ Soft Skill ទាំង ៥ ដែលអ្នកដឹកនាំគ្រប់រូបអាចស្វែងយល់បាន៖

១. អ្នកដឹកនាំត្រូវមានភាពវៃឆ្លាតខាងអារម្មណ៍

អ្នកដឹកនាំដែលមានភាពឈ្លៀសវៃខាងអារម្មណ៍ (Emotional intelligent) យល់ពីការប្រើអំណាច និងភាពរំជើបរំជួលនៃអារម្មណ៍ដែលអាចបង្កើនកម្រិតនៃការសហការ និងបង្កើនផលិតភាពខ្ពស់របស់អ្នកក្រោមបង្គាប់។ ភាពជោគជ័យ គឺជាការរួមបញ្ចូលគ្នារវាងការស្គាល់ខ្លួនឯង យល់ដឹងពីអារម្មណ៍ខ្លួនឯង សមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍រំខាន គួបផ្សំនិងការលើកទឹកចិត្តខ្លួនឯង គឺជាកត្តាដ៏សំខាន់ដើម្បីសម្រេចបានគោលដៅប្រកបដោយប្រសិទ្ធភាព។ បើអ្នកស្គាល់ខ្លួនឯងច្បាស់ និងអាចគ្រប់គ្រងខ្លួនឯងបានល្អ អ្នកក៏អាចប្រើប្រាស់វិធីនេះដឹកនាំអ្នកដទៃបានដែរ។

២. ពូកែខាងផ្នែកទំនាក់ទំនង

អ្នកដឹកនាំដ៏ពូកែ ដឹងពីសារៈសំខាន់ក្នុងការប្រាស្រ័យទាក់ទងគ្នា និងស្គាល់កាលៈទេសៈ។ គ្រប់ពេលពួកគេតែងតែយកចិត្តទុកដាក់លើការទំនាក់ទំនង ព្យាយាមស្គាល់មនុស្សឱ្យបានច្រើន និងសិក្សាពីរបៀបទាក់ទងគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតប្រកបដោយស្ថេរភាព និងការចុះសម្រុងគ្នា។ ពួកគេអាចដឹកនាំមនុស្សពីរក្រុមផ្សេងគ្នាឱ្យមកធ្វើការជាមួយគ្នាពោរពេញដោយស្នាមញញឹម និងភាពស្និតស្នាល។

៣. អ្នកដឹកនាំជាគ្រូបង្វឹក
មនុស្សភាគច្រើន គឺមិនចូលចិត្តឱ្យនរណាមកប្រាប់ថាត្រូវធ្វើអ្វី និយាយអ្វីនៅពេលណា ឬបញ្ជាលិចកើតនោះទេ។ របៀបគ្រប់គ្រងបែបបញ្ជាឆ្វេងស្តាំគឺហួសសម័យហើយ។ គោលដៅរបស់អ្នកដឹកនាំក្នុងនាមជាគ្រូបង្វឹក គឺជួយឱ្យក្រុមរីកចម្រើន និងបុគ្គលិកបង្កើតលទ្ធផលដោយឯករាជ្យ។ អ្នកដឹកនាំដែលជាគ្រូបង្វឹកនឹងកំណត់នូវអ្វីដែលទប់ស្កាត់ប្រសិទ្ធភាពរបស់មនុស្ស និងផ្តល់ឱ្យពួកគេនូវឧបករណ៍ដើម្បីបង្រៀនខ្លួនឯងជំនួសឱ្យការដែលគ្រាន់តែប្រាប់ថាត្រូវធ្វើនេះធ្វើនោះ។ នៅពេលដែលរចនាបថបែបបញ្ជាត្រូវបានប្រើ វាតែងតែបង្កើតឧបសគ្គដល់ការចូលរួមរបស់បុគ្គលិក ហើយប្រសិនបើអ្នកប្រាប់និយោជិករបស់អ្នកជានិច្ចនូវអ្វីដែលពួកគេត្រូវធ្វើ នោះវាអាចជាការហាមឃាត់ពួកគេមិនឱ្យមានគំនិតផ្តួចផ្តើមនិងវិធីសាស្រ្តចាប់ផ្តើមដោយខ្លួនឯង។

៤. ពួកគេមានជំនាញអន្តរបុគ្គល

អ្នកដឹកនាំដែលមានជំនាញអន្តរបុគ្គល (Interpersonal skills) តែងមានការគោរពជានិច្ចចំពោះបុគ្គលិក និងមានសមត្ថភាពក្នុងការបង្កើតទំនាក់ទំនង។ អ្នកដឹកនាំប្រភេទនេះព្យាយាមមើលស្ថានភាពពីការយល់ឃើញរបស់អ្នកដទៃ ស្តាប់ដោយយកចិត្តទុកដាក់ និងចេះយល់ពីគ្នា។ អ្នកដឹកនាំដែលមានជំនាញ Interpersonal skills អាចជួយក្រុមរបស់ពួកគេក្នុងការបង្កើតទំនាក់ទំនងដោយជំរុញឱ្យមានការយល់ដឹង និងចេះគិតគូរបានត្រឹមត្រូវ។ អ្នកដឹកនាំទាំងនេះក៏អាចបង្ហាញពីការយល់ដឹងអំពីបញ្ហាផ្សេងៗ ធ្វើការបែងចែកក្រុម និងជួយសម្រួលទំនាក់ទំនងរវាងមនុស្សដែលមានលក្ខណៈខុសគ្នា។

៥. អ្នកដឹកនាំជាអ្នកតម្រែតម្រង់អ្នកដ៏ទៃ

អ្នកដឹកបែប Others-oriented ឬ អ្នកដឹកនាំដែលចេះតម្រែតម្រង់អ្នកដ៏ទៃ អាចធ្វើឱ្យមនុស្សរួមការងារមានអារម្មណ៍ថាមានសារៈសំខាន់ ចេះស្តាប់ យល់ពីបុគ្គលិក និងឱ្យតម្លៃពួកគេ។

ការកោតសរសើរដល់បុគ្គលិកពាក់ព័ន្ធទៅនឹងការទទួលស្គាល់គំនិតរបស់ពួកគេ និងការចូលរួមចំណែកដល់ក្រុម ឬគម្រោងការនានា។ ប្រសិនបើអ្នកបង្កើតទម្លាប់លើកសរសើរដល់មនុស្សម្នាក់ៗនៅក្នុងក្រុមរបស់អ្នកជារៀងរាល់ខែ ឬប្រចាំត្រីមាស អ្នកនឹងឃើញពីការផ្លាស់ប្តូរចំពោះសេចក្តីស្មោះត្រង់ និងភាពសកម្មរបស់ពួកគេ។

សរុបមក ជំនាញទន់ទាំងប្រាំនេះមានលក្ខណៈប្រទាញប្រទុងគ្នាទៅវិញទៅមក ប៉ុន្តែនៅពេលដែលអ្នកសាកល្បងអនុវត្តវា អ្នកអាចនឹងក្លាយទៅជាអ្នកដឹកនាំដ៏គំរូ ជាមនុស្សល្អដែលអ្នកដទៃចង់រាប់អានជាមួយ បង្កើនផលិតភាពកាន់តែច្រើនពីបុគ្គលិក ហើយអ្នកក៏អាចឆ្ពោះទៅរកគោលដៅដែលអ្នកចង់បានផងដែរ៕

ប្រែសម្រួលដោយ៖ Ciel

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕