រឿងពិបាកទាំង ៦ ដែលអ្នកប្រហែលជាត្រូវធ្វើ ប្រសិនបើចង់ក្លាយជាអ្នកមាន

2488

មហាសេដ្ឋីប្រាក់លាន លោក Steve Diebold បាននិយាយថា “ការរកទ្រព្យឲ្យបានច្រើន គឺជាការរៀន”។ លោក Steve Diebold ជាអ្នកនិពន្ធសៀវភៅដ៏ល្បីដែលមានចំណងជើងថា “របៀបដែលអ្នកមានគិត” ឬ “How Rich People Think”។

រឿងទាំង ៦ ចំណុចនេះ បើអ្នកអាចធ្វើបាន អ្នកនឹងក្លាយជាសេដ្ឋី ហើយថាមិនត្រូវ អាចសូម្បីតែឲ្យសេដ្ឋីខ្លះមកធ្វើការឲ្យអ្នកទៀតផង។

១. បោះចោលប្រាក់ខែថេរ

លោក Siebold បានចំណាយពេលជាច្រើនទស្សវត្សរ៍ សិក្សាពីមនុស្សដែលមានទ្រព្យច្រើន ហើយគាត់បានរកឃើញថា ជាទូទៅអ្នកមាន គេធ្វើការឲ្យខ្លួនឯង ខណៈពេលដែលមនុស្សដែលមានជីវភាពមធ្យម ព្យាយាមផ្តោតលើចំណូលជាក់លាក់។ គាត់បានសរសេរក្នុងសៀវភៅ “How Rich People Think” ថា “មនុស្សអស្ចារ្យដែលចេះធ្វើការឲ្យខ្លួនឯង ពួកគេដឹងពីវិធីដ៏លឿនបំផុតក្នុងការរកទ្រព្យ។”

២. ទំលាប់ក្នុងការធ្វើរឿងដែលស្មុគស្មាញ

ប្រសិនបើអ្នកចង់រកលុយឲ្យបានច្រើន ឬចង់មានជីវិតប្រសើរជាងមុន អ្នកត្រូវហ៊ានចេញពីកន្លែងស្រណុក (Comfort Zone)។ លោក Siebold និយាយថា “មនុស្សអស្ចារ្យលំដាប់ពិភពលោក មុនពេលពួកគេក្លាយជាសេដ្ឋីគឺមិនងាយស្រួលនោះទេ ហើយបើពួកគេសម្ងំតែក្នុងកន្លែងស្រណុក ពួកគេអាចនឹងងើបមុខមិនរួចឡើយ”។

កុំដេកដួលរមួលសង់គ្រិច ត្រូវចេញមកខាងក្រៅដើម្បីជួបមនុស្សថ្មី រៀនអ្វីដែលសង្គមកំពុងដើរទៅ និងរៀនតាមរយៈសុំយោបល់ពីមនុស្សពូកែៗ។

៣. ហ៊ានចរចាប្រាក់ខែ

ពិតណាស់ ការចរចាទាមទារឡើងប្រាក់ខែ អាចនឹងមានការប៉ះពារគ្នារវាងថ្នាក់ដឹកនាំស្ថាប័នដែលអ្នកកំពុងធ្វើការឲ្យ ប៉ុន្តែប្រសិនបើអ្នកទទួលបានប្រាក់ឈ្នួលតិចជាងការខិតខំប្រឹងប្រែងរបស់អ្នក វាអាចបង្កើតឲ្យមានគម្លាតរវាងជីវិតថ្នាក់កណ្តាល និងជីវិតរបស់អ្នកមាន។

លោកសេដ្ឋី Grant Sabatier និយាយថា “រឿងទីមួយដែលនឹងកំណត់អនាគតរកប្រាក់របស់អ្នក និងអាចឲ្យអ្នកមានលុយ ១ លានដុល្លារឲ្យបានលឿនបំផុត នោះគឺអាស្រ័យលើថាតើថ្ងៃនេះអ្នករកចំណូលបានប៉ុន្មាន”។

លោកស្រី Suzy Welch បានផ្តល់ដំបូន្មានថា មុនពេលសួររឿងតម្លើងប្រាក់ខែ អ្នកត្រូវធ្វើការឲ្យបានល្អសិន។

៤. កុំចាយលុយដើម្បីអួតភ្នែកអ្នកដទៃ

សេដ្ឋីប្រាក់លាន លោក Grant Cardone បាននិយាយថា “ខ្ញុំមិនទិញនាឡិការ ឬក៏ឡានប្រណិតនោះទេ ដរាបណាអាជីវកម្មរបស់ខ្ញុំ ហើយនិងការវិនិយោគរបស់ខ្ញុំ មិនទាន់អាចបង្កើតប្រភពចំណូលជាក់លាក់ជាច្រើនទៀតបាន។ កាលពីខ្ញុំក្លាយជាសេដ្ឋីប្រាក់លានដំបូង ខ្ញុំនៅតែបន្តជិះឡាន Toyota Camry ចាស់របស់ខ្ញុំដដែល”។ ផ្តោតលើការងារដែលអ្នកចង់ធ្វើ ជាជាងទិញសម្ភារៈលំអខ្លួនដើម្បីលំអភ្នែកអ្នកដទៃ។

មហាសេដ្ឋីលេខបីពិភពលោកដែលមានប្រាក់ ៨២ ពាន់លានដុល្លារអាមេរិច លោក Warren Buffett គឺជាគម្រូមួយ ដែលគាត់នៅតែចំណាយថ្លៃអាហារពេលព្រឹករបស់គាត់តិចជាង ៣.១៧ ដុល្លារដដែល។

៥. ហ៊ាន និងចេះប្រើលុយរបស់អ្នកដទៃ

អ្នកមាន មិនដែលខ្លាចក្នុងការស្នើរសុំលុយ ឬទុនពីអ្នកដទៃមករកស៊ីនោះទេ។ លោក Siebold បានសរសេរនៅក្នុងសៀវភៅរបស់គាត់ថា “ប្រសិនបើអ្នកមានគំនិតដ៏អស្ចារ្យមួយ តែមិនមានទុនរកស៊ី អ្នកត្រូវប្រើលុយរបស់អ្នកដទៃដើម្បីធ្វើឲ្យគំនិតនោះក្លាយជាការពិត”។

ការប្រើលុយរបស់អ្នកដទៃ មិនមែនមានន័យថាត្រូវទៅខ្ចីលុយរបស់អ្នកដទៃនោះទេ វាសំដៅលើការវិនិយោគ។ អ្នកអាចទៅបញ្ចុះបញ្ជូលនរណាម្នាក់ឲ្យវិនិយោគប្រាក់ក្នុងអាជីវកម្មដែលអ្នកចង់បង្កើត។

សេដ្ឋីក្នុងវិស័យខ្សែរភាពយន្ត លោក Spike Lee បាននិយាយថា “ខ្ញុំមិនមានបញ្ហាអ្វីនោះទេក្នុងការស្នើរសុំទុនពីអ្នកដទៃ។ ព្រោះខ្ញុំជឿ ខ្ញុំជឿលើសមត្ថភាពរបស់ខ្ញុំ ហើយគំនិតរបស់ខ្ញុំក៏មានចំណុចពិសេសច្រើន ធ្វើឲ្យមនុស្សនៅជុំវិញខ្ញុំចង់វិនិយោគលុយ ក្នុងគម្រោងរបស់ខ្ញុំដែរ”។

៦. ហ៊ានប្រថុយ ហើយនិងហ៊ានបង្កើតកំហុស

សេដ្ឋីប្រាក់លាន លោក Marcus Lemonis បាននិយាយថា “មានមនុស្សជាច្រើន បណ្តោយឲ្យភាពភ័យខ្លាចទាញពួកគេឲ្យថយក្រោយពីការសម្រេចចិត្តដ៏អស្ចារ្យ”។

គាត់បាននិយាយទៀតថា “អ្នកនឹងបរាជ័យក្នុងរឿងណាមួយ ប៉ុន្តែតើនរណាខ្លះខ្វល់ពីអ្នកទៅ?” ជំនួសដោយភាពភ័យខ្លាច មើលរាល់ឱកាសឲ្យដូចជាផ្លូវមួយក្នុងការរៀនអ្វីដែលថ្មី។

មហាសេដ្ឋីពាន់លានដុល្លារ លោក Richard Branson បាននិយាយថា “គ្មាននរណាម្នាក់ អាចទទួលបានអ្វីៗគ្រប់យ៉ាងក្នុងពេលដំបូងទេ។ ជំនួញ គឺដូចជាការលេងល្បែងអុកយក្សមួយអញ្ចឹង អ្នកត្រូវរៀនឲ្យបានលឿនពីកំហុសរបស់អ្នក។ អ្នកជំនួញជោគជ័យ មិនដែលភ័យខ្លាចការបរាជ័យឡើយ ពួកគេរៀនពីវា ហើយបន្តដំណើរទៅមុខទៀត”៕

ប្រភព៖ CNBC

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi dear readers! I have a chance to work with Apamat.com that I could share my dream and my passion with Cambodian who are in business field. I'm a financial advisor in Apamat Team and also in skill of operating and managing for startups and SMEs. I hope my articles can benefit you...