មិត្តភក្តិ ៤ ប្រភេទដែលអាចនាំអ្នកទៅរកក្តីវិនាសបើអ្នកនៅតែសេពគប់ជាមួយ

3533

មិត្តភាព គឺជាគ្រឿងផ្សំនៃរសជាតិជីវិតដែលមនុស្សគ្រប់រូបមិនអាចខ្វះបាន ព្រោះការរស់នៅរបស់មនុស្សចាំបាច់ត្រូវតែមានការពឹងពាក់អាស្រ័យគ្នាទៅវិញទៅមក។ ប៉ុន្តែ មិត្តចែកចេញជាពីរ ទីមួយគឺប្រភេទមិត្តដែលជួយជ្រោមជ្រែងយើង និងនាំយើងទៅរកផ្លូវល្អ។ ទីពីរគឺប្រភេទមិត្តដែលសេពគប់ហើយគ្រាចុងក្រោយមានតែសេចក្តីហិនហោច។ ដើម្បីជាការក្រើនរំលឹក ក្នុងអត្ថបទនេះ ខ្ញុំសូមលើកយកទស្សនៈរបស់ព្រះពុទ្ធចំពោះមិត្ត ៤ ប្រភេទ ដែលអ្នកមិនគួរសេពគប់ ឬរាប់អានឱ្យបានអង្វែង។

មិត្តគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន

មិត្តបែបនេះ អ្នកមិនគួររាប់រកតទៅមុខយូរទៀតបានទេ ព្រោះពួកគេហ៊ានធ្វើគ្រប់យ៉ាងបំពេញផលចំណេញខ្លួនឯង ដោយមិនគិតពីផលប៉ះពាល់អវិជ្ជមានដល់មិត្តភក្តិរបស់ខ្លួនឡើយ។ លើសពីនេះ មិត្តភក្តិប្រភេទនេះអាចនិងជម្រុញអ្នកឱ្យធ្លាក់ក្នុងអំពើអបាយមុខដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនផងដែរ។

មិត្តនិយាយល្អអំពីអ្នកនៅចំពោះមុខអ្នក

មិត្តភក្តិខ្លះនិយាយល្អអំពីអ្នក លើកសរសេរអ្នកនៅចំពោះមុខអ្នកតែប៉ុណ្ណោះ ប៉ុន្តែនៅពីក្រោយអ្នក ពួកគេបែរជានិយាយរិះគន់អំពីអ្នក និយាយបំផ្លើសពីចំណុចអាក្រក់របស់អ្នក និងធ្វើឱ្យអ្នកដទៃមានការគិតមិនល្អចំពោះអ្នក។ មួយវិញទៀតគឺ មិត្តល្អតែសម្តី ប៉ុន្តែទង្វើរបស់ពួកគេបែរជាធ្វើបញ្ជ្រាស់ពីភាពវិជ្ជមាន។

មិត្តនិយាយហៃអើ

មិត្តភក្តិប្រភេទនេះ និយាយឱ្យតែរួចខ្លួន ចូលចិត្តនិយាយអ្វីចាក់បណ្ដោយ។ ពួកគេជាមនុស្សស្របតាមកាលៈទេសៈ។ ឧទាហរណ៍ដូចជា នៅពេលមានការប្រជុំបើមានអ្នកណានិយាយល្អអំពីបុគ្គលណាម្នាក់ ពួកគេក៏និយាយបែបនោះដែរ បើគេរិះគន់អំពីបុគ្គលម្នាក់នោះ ពួកគេក៏និយាយស្របទៅតាមគេដែរ និយាយឱ្យចំទៅមិត្តដែលពូកែប្រើសម្តីចាក់បណ្ដោយ គឺជាមនុស្សដែលគ្មានជំហរចំពោះគោលគំនិតរបស់ខ្លួនឯង និយាយឱ្យតែបានបាន។

មិត្តនាំទៅរកផ្លូវវិនាស

មិត្តភក្តិដែលដឹកនាំទៅក្នុងផ្លូវវិនាសងាយស្រួលកត់សម្គាល់ណាស់។ ពួកគេចូលចិត្តធ្វើកិច្ចការដែលប្រាស់ចាកពីសេចក្តីល្អដូចជា លេងល្បែងស៊ី សេពគ្រឿស្រវឹងខុសកាលវេលា ប្រព្រឹត្តអំពើលួចប្លន់ទ្រព្យសម្បត្តិអ្នកដទៃ មិនចូលចិត្តរៀនសូត្រ ប្រើប្រាស់គ្រឿងញៀនជាដើម។ ល។

សរុបមក បណ្ដាមិត្តទាំង ៤ ពួកនេះ បើអ្នកនៅតែបន្តរាប់រក ឬបង្កើនភាពស្និតស្នាលជាមួយពួកគេកាន់តែច្រើន នោះស្មើនិងអ្នកកំពុងព្យាយាមបំផ្លាញខ្លួនឯង ថាមិនត្រូវអាចនិងបង្កគ្រោះដល់ក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកដទៃទៀតផងដែរ៕

អត្ថបទដោយ៖ Ciel

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕