ម្ចាស់ក្រុមហ៊ុនគ្រឿងសំអាង Kylie Jenner ក្លាយជាមហាសេដ្ឋីពាន់លានក្មេងបំផុតក្នុងលោកដែលរកប្រាក់ដោយសមត្ថភាពខ្លួនឯង

1709
រូបភាពពី elle.mx

Kylie Jenner មានអាយុ 21ឆ្នាំ  បានក្លាយជាមហាសេដ្ឋីពាន់លានដុល្លារក្មេងបំផុតក្នុងលោក ដែលបានបំបែកកំណត់ត្រាម្ចាស់ក្រុមហ៊ុន Facebook លោក Mark Zuckerberg។ ចំណាត់ថ្នាក់នេះ គឺត្រូវបានគេរាប់តែអ្នកដែលរកប្រាក់បានមកដោយសមត្ថភាពខ្លួនឯងប៉ុណ្ណោះ ពោលគឺមិនរាប់អ្នកដែលសល់ទ្រព្យពីឪពុកម្តាយនោះទេ។

នាងបានបង្កើតម៉ាកគ្រឿងសំអាងដោយខ្លួនឯង និងដាក់ឈ្មោះថា Kylie Cosmetics កាលពីជិតបីឆ្នាំមុន មកដល់ពេលនេះវាបានរកប្រាក់ឲ្យនាងបានច្រើនជាង 900 លានដុល្លាររួចទៅហើយ។ យោងតាមទស្សនាវដ្តី Forbes បានចេញផ្សាយថា នាងរកចំណូលពីការលក់គ្រឿងសំអាងបាន 630លានដុល្លារ ចាប់តាំងពីនាងដាក់លក់ផលិតផលរបស់នាងមក ហើយគ្រាន់តែឆ្នាំ 2017 នាងរកចំណូលបាន 330 លានដុល្លារ។ ទស្សនាវដ្តី Forbes បានផ្សាយថា ក្រុមហ៊ុនរបស់នាងត្រូវបានគេវាយតម្លៃថាមានតម្លៃ 800 លានដុល្លារអាមេរិច ហើយនាងគឺជាម្ចាស់ 100%។

ទ្រព្យសម្បត្តិ 100 លានដុល្លារទៀត នាងរកវាបានពីអាជីវកម្មនៃគ្រួសាររបស់នាង ហើយនិងបានពីការផ្សាយយីហោរឲ្យក្រុមហ៊ុនធំៗដូចជាស្បែកជើងម៉ាក Puma និង សម្លៀកបំពាក់ម៉ាក PacSun នៅលើបណ្តាញសង្គម។ Jenner មានអ្នក Follow នៅលើបណ្តាញ Instagram ដល់ទៅ 111 លាននាក់ និងបណ្តាញ Twitter មានអ្នកគាំទ្រ 26 លាននាក់។

មុនពេល Jenner ក្លាយជាមហាសេដ្ឋីពាន់លាន អ្នកដែលកាន់ដំណែងក្លាយជាសេដ្ឋីពាន់លានក្មេងបំផុតគឺជាម្ចាស់ Facebook លោក Mark Zuckerberg ដែលគាត់បានក្លាយជាសេដ្ឋីពាន់លានក្នុងអាយុ 23 ឆ្នាំ។ 

Jenner បានប្រាប់ទស្សនាវដ្តី Forbes ថានាងបានវិនិយោគប្រាក់ 250,000 ដុល្លារដែលរកបានពីការដើរម៉ូតកាលពីឆ្នាំ 2015 ដើម្បីកម្មង់ក្រេមលៀបមាត់ចំនួន 15,000ដើម ពីក្រុមហ៊ុនផ្សេងមកដាក់លក់ដោយដាក់យីហោររបស់នាង។

រូបភាពពី Forbes

Jenner បាននិយាយថា “ខ្ញុំបានត្រៀមលុយផ្ទាល់ខ្លួនដើម្បីរកស៊ី ខ្ញុំមិនចង់ធ្វើវាជាមួយអ្នកដទៃទេ”។

ផលិតផលគ្រឿងសំអាងដំបូងរបស់នាងត្រូវបានលក់អស់គ្មានសល់ក្នុងរយៈពេលតិចជាងមួយនាទី។ អ្នកទិញទៅលក់បន្ត បានដាក់លក់ផលិតផលទាំងនោះក្នុងតម្លៃ $29 ដល់ $1,000 ឯណោះ។

ទោះបីជាយ៉ាងណាក្តី Forbes បានកត់សម្គាល់ថា ការរីកចម្រើនរបស់ Kylie Cosmetics បានចាប់ផ្តើមថមថយ បន្ទាប់ពីរកចំណូលបាន 307 លានដុល្លារកាលពីឆ្នាំ 2016 ប៉ុន្តែចំណូលបានកើនឡើងតែ 7% ប៉ុណ្ណោះក្នុងឆ្នាំ 2017 ទោះបីជាបង្កើនផលិតផលថ្មី 30ប្រភេទទៀតក៏ដោយ៕

ប្រភព៖ Forbes

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។