នៅក្នុងពិភពលោកនេះ មានលំហូរសាច់ប្រាក់ច្រើនណាស់ ហើយអ្នកអាចរកទុនបានរាប់មិនអស់មករកស៊ី ប៉ុន្តែវាមិនមែនសម្រាប់មនុស្សគ្រប់គ្នានោះទេ។ មនុស្សភាគច្រើនមានគំនិតច្នៃប្រឌិតតិចតួច នៅពេលដែលពួកគេចាប់ផ្តើមស្វែងរកទុនមករកស៊ី ហើយនេះជាមូលហេតុដែលពួកគេពិបាករកដើមទុន។ រឿងល្អគឺនៅត្រង់ថា មានវិធីដែលអ្នកអាចចេញរកស៊ីដោយប្រើទុនតិចតួច។ ប៉ុន្តែមុនពេលដែលអ្នកអានបន្តទៀត សូមចំណាយពេលមួយនាទីអានអត្ថបទនេះសិន របៀបបង្កើតគំនិតអាជីវកម្ម (Business Idea) ដើម្បីធ្វើឲ្យប្រាកដថាអ្នកនិងមិនចំណាយពេលអត់ប្រយោជន៍។
ប្រសិនបើអ្នកមានទំនុកចិត្តថាអាជីវកម្មកម្មដែលអ្នកចង់បង្កើត វានិងទទួលបានការគាំទ្រខ្លាំង ហើយផលិតផល ឬសេវាកម្មរបស់អ្នកនិងចូលទីផ្សារបានដោយរលូន ហើយអ្នកមានអ្វីដែលពិសេសប្លែកខុសពីគេ បន្តអានអត្ថបទនេះឲ្យចប់ ព្រោះវានិងជួយអ្នកច្រើន។
ប្រកាន់ខ្ជាប់គំនិតនៃការចាប់ផ្តើម
ការប្រកាន់គំនិតថាត្រូវតែចាប់ផ្តើម មានន័យថាត្រូវតែរកវិធីចាប់ផ្តើម ទោះជាគ្មានលុយក៏ដោយ។ ការចាប់ផ្តើមទាំងអស់ មិនមែនមានន័យថាត្រូវតែប្រើលុយនោះទេ អ្នកអាចមានវិធីផ្សេងក្នុងការធ្វើវា ដូចជាគន្លឹះធ្វើទីផ្សារ អ្នកអាចប្រើយុទ្ធសាស្រ្តឲ្យមនុស្សនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយ និងដោយប្រើបណ្តាញនៃមនុស្សដែលអ្នកស្គាល់ ដើម្បីធ្វើឲ្យផលិតផល ឬសេវាកម្មរបស់អ្នកហក់ចូលទីផ្សារបាន។
រកទុនពីប្រភពផ្សេងៗ
អ្នកមិនចាំបាច់ដកលុយពីហោប៉ៅរបស់អ្នកមកបើកអាជីវកម្មនោះទេ ប៉ុន្តែអ្នកត្រូវរកទុននោះពីប្រភពផ្សេង។ ប្រភពទាំងនោះអាចជា៖
-ឥណទានសម្រាប់អាជីវកម្មខ្នាតតូចពីគ្រិះស្ថានហិរញ្ញវត្ថុដែលនៅជិតអ្នក
-បញ្ចុះបញ្ចូលមិត្តភក្តិ ឬគ្រួរសារឲ្យដាក់ទុន
-ប្រកាសប្រមូលទុន(Crowdfunding)
-លុយបានមកពីការសន្សំផ្ទាល់ខ្លួន
-វិនិយោគិន Angel Investors និង Venture Capitalists។
ពិចារណាលើប្រភពនិមួយៗខាងលើ ថាមានមួយណាដែលសាកសម្យនិងអ្នក ប៉ុន្តែបើមួយបានតិចពេក អ្នកគួរយកមកពីប្រភពទីពីរ ទីបី ឬទីបួន រួចហើយបូកបញ្ជូលគ្នា។
បង្កើតក្រុមដ៏អស្ចារ្យ
មានកិច្ចការខ្លះដែលអ្នកមិនអាចធ្វើបាន ប៉ុន្តែបើអ្នកមានមនុស្សពូកែៗមកចូលរួម ពួកគេអាចធ្វើកិច្ចការដែលអ្នកមិនចេះ។ មិនតែប៉ុណ្ណោះ បើពួកគេជឿលើគំនិតរបស់អ្នក ហើយពួកគេមានលុយ វានិងកាន់តែងាយថែមទៀតប្រសិនបើអ្នកមិនសូវមានលុយ។ អ្នកអាចចុះកិច្ចសន្យាក្នុងនាមជាដៃគូររកស៊ីជាមួយក្រុមរបស់អ្នក ដើម្បីបើកអាជីវកម្មរួមគ្នា។ ប៉ុន្តែ អ្នកត្រូវធ្វើឲ្យប្រាកដនូវចំណុចនៅក្នុងកិច្ចសន្យានោះ ថាវានិងមិនបង្កបញ្ហាដល់អ្នក និងអាជីវកម្មរបស់អ្នកទេ ប្រសិនបើមានសមាជិកណាម្នាក់បង្កបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេដូចជាជំពាក់លុយគេគ្មានលុយសង ឬក៏ប្រព្រឹត្តរឿងខុសច្បាប់។
បន្តធ្វើការឲ្យគេសិន
បើអ្នកកំពុងធ្វើការឲ្យគេ អ្នកគួរធ្វើការឲ្យគេសិន កុំទាន់អាលលាឈប់។ មានន័យថា អ្នកធ្វើការឲ្យគេបណ្តើរ រកស៊ីខ្លួនឯងបណ្តើរ ព្រោះថានៅពេលដែលអ្នកមិនទាន់មានលុយច្រើន ហើយចំណូលក៏មិនទាន់ទៀងទាត់ ប្រាក់ខែដែលបានមកពីធ្វើការឲ្យគេ អាចជួយទប់ចំណាយផ្ទាល់ខ្លួន និងអាចសល់ខ្លះជួយអាជីវកម្មរបស់អ្នកទៀត។ ព្យាយាមបែងចែកពេលវេលារវាងការងារធ្វើឲ្យគេ និងពេលវេលាដែលអ្នកធ្វើអាជីវកម្មខ្លួនឯង ឲ្យបានច្បាស់លាស់។
អ្នកគួរចាំថា មិនមែនមានតែលុយនោះទេដែលត្រូវវិនិយោគក្នុងការបើកអាជីវកម្មរបស់អ្នក វាមានការវិនិយោគផ្សេងទៀត ដូចជាការវិនិយោគពេលវេលា កម្លាំង និងចំណេះដឹង។ តើអត្ថបទនេះបង្ហាញផ្លូវដល់អ្នកហើយឬនៅ បើអ្នកឃើញផ្លូវហើយ ចាប់ផ្តើមវាភ្លាមទៅ!
