តើអ្នកគួរចាប់ផ្តើមទម្លាប់បែបណាក្នុងវ័យខ្ទង់​ ២០ឆ្នាំ ដើម្បីក្លាយជាសេដ្ឋីម្នាក់នៅថ្ងៃអនាគត?

4748

ប្រសិនបើអ្នកចង់ទទួលបាននូវទ្រព្យសម្បត្តិច្រើននោះ កន្លែងល្អដែលអ្នកគួរចាប់ផ្តើមគឺជាទម្លាប់ប្រចាំថ្ងៃរបស់អ្នក។ កាលណាអ្នកបង្កើតទម្លាប់ដែលឆ្លាតវៃកាន់តែលឿន នោះអ្នកនឹងមានឱកាសឈានដល់ការចាប់យកប្រាក់លានយ៉ាងឆាប់រហ័ស។

ខាងក្រោមនេះ គឺជាទម្លាប់មួយចំនួនដែលមនុស្សសាមញ្ញជាច្រើនបានអនុវត្តដើម្បីសំរេចគោលដៅដូចជាទទួលបាននូវសេរីភាពខាងផ្នែកហិរញ្ញវត្ថុ ឬការចូលនិវត្តន៍លឿនជាដើម។ តោះស្វែងយល់ចំណុចទាំងអស់នេះជាមួយនឹង Apamat.com ដូចតទៅ៖

១. ផ្តោតលើការរកប្រាក់

សេដ្ឋី Grant Cardone ជាបុគ្គលម្នាក់ដែលមានបំណុលយ៉ាងច្រើនមុនពេលក្លាយជាសេដ្ឋីដែលមានប្រាក់ខ្ទង់លានដុល្លារក្នុងដៃបាននិយាយថា “អ្នកនឹងមិនក្លាយជាអ្នកមានទេបើគ្មានលំហូរប្រាក់ចំណូលច្រើន។ វាចាប់ផ្តើមពីប្រាក់ចំណូលដែលអ្នកមាននាពេលបច្ចុប្បន្ន ហើយអ្នកត្រូវបង្កើនប្រាក់ចំណូលនោះ និងចាប់ផ្តើមបន្ថែមលើលំហូរសាច់ប្រាក់ឲ្យកាន់តែច្រើន”។

ការបង្កើនប្រាក់ចំណូលជាច្រើនមានន័យថា ចាប់ផ្ដើមធ្វើការងាររកប្រាក់តាមវិធីសាស្រ្តផ្ទាល់ខ្លួន បង្កើតប្រាក់ចំណូលអកម្ម ឬរើសយកការងារដែលមានប្រាក់ឈ្នួលខ្ពស់។

២. ចេញដើរជាមួយអ្នកដែលមានស្នាដៃខ្ពស់

លោក Steve Siebold ដែលជាមហាសេដ្ឋី និងជាអ្នកនិពន្ធសៀវភៅ “តើអ្នកមានគិតយ៉ាងម៉េច” បាននិយាយថា “ក្នុងករណីភាគច្រើន ប្រាក់ចំណូលសុទ្ធរបស់អ្នកបង្ហាញពីកម្រិតមិត្តភក្តិជិតស្និទ្ធរបស់អ្នក … មានន័យថាយើងនឹងក្លាយជាមនុស្សដូចជាមនុស្សដែលយើងរាប់អាន ហើយវាជាមូលហេតុដែលអ្នកជោគជ័យនឹងទាញអ្នកអោយជោគជ័យដែរ។

៣. គិតអោយបានធំ ឬជ្រៅ

Keith Cameron Smith ដែលជាអ្នកនិពន្ធសៀវភៅ “The Top 10 Distinctions Between Millionaires and Middle Class” បាននិយាយថា “មហាសេដ្ឋីសុទ្ធតែមានភាពច្នៃប្រឌិតខ្ពស់”។ ពួកគេចំណាយពេលគិតអំពីគំនិតថ្មីៗ។ យើងត្រូវដឹងថា ខណៈពេលដែលមហាជននិយាយពីរថយន្ត និងខ្សែភាពយន្ត មហាសេដ្ឋីមានក្រុមហ៊ុនរថយន្តនិងផលិតខ្សែភាពយន្ត។ ពួកគេយល់ថា “គំនិត គឺជាទ្រព្យដ៏មានតំលៃបំផុតនៅក្នុងពិភពលោក”។

៤. វិនិយោគ

 Cardone បាននិយាយថា “ការវិនិយោគប្រាក់ គឺជារបៀបដែលអ្នកនឹងក្លាយជាអ្នកមានទ្រព្យច្រើនមហាសាល។ មូលហេតុតែមួយគត់ក្នុងការសន្សំលុយ គឺដើម្បីយកទៅវិនិយោគនៅថ្ងៃណាមួយ”។

ជាការពិតណាស់ទំហំទឹកប្រាក់ដែលអ្នកសន្សំ និងវិនិយោគ អាចមានសារៈសំខាន់ជាងទំហំនៃប្រាក់ខែរបស់អ្នក។ ក្នុងនាមជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួនលោក Ramit Sethi បានសរសេរថា “ខ្ញុំនឹងបង្រៀនអ្នកឱ្យក្លាយជាអ្នកមាន, ជាមធ្យមសេដ្ឋីធ្វើការវិនិយោគ ២០% នៃចំណូលក្នុងគ្រួសាររបស់ពួកគេជារៀងរាល់ឆ្នាំ។ ទ្រព្យសម្បត្តិរបស់ពួកគេមិនត្រូវបានគេវាស់ដោយចំនួនប្រាក់ដែលពួកគេរកបានក្នុងមួយឆ្នាំៗ នោះទេ ប៉ុន្តែគេធ្វើការវាស់តាមរយៈចំនួនទឹកប្រាក់ដែលពួកគេបានសន្សំ និងវិនិយោគកន្លងមក។”

៥. រៀបផែនការ

លោក Bell បានសរសេរថា “អ្នកដែលរក្សាបញ្ជីចំណាយ និងបញ្ជីការងារដែលត្រូវធ្វើ មានឱកាសច្រើនជាង ២៨៩% ក្លាយជាមហាសេដ្ឋី បើប្រៀបធៀបទៅនឹងអ្នកដែលមិនមានកាលវិភាគច្បាស់លាស់” ។ គាត់ក៏បានរកឃើញថាមនុស្សដែលទទួលបានជោគជ័យគឺជាមនុស្ស ដែលមានការយល់ដឹងអំពីសារៈប្រយោជន៍នៃឯកសារ។

មហាសេដ្ឋីលោក Bill Gates និងលោក Richard Branson គឺជាអ្នកយកចិត្តទុកដាក់ក្នុងការកត់ត្រា។ លោក Branson មានប្រសាសន៍ថា “វាមិនមានបញ្ហាទេដែលអ្នកកត់ត្រាកំណត់ត្រារបស់អ្នក  ដរាបណាអ្នកធ្វើវា នៅពេលអ្នកមានគំនិតក្នុងការធ្វើអ្វីមួយ អ្នកត្រូវក្តោបក្តាប់វាអោយបាន”។

៦​​. ក្រោក​ពីព្រលឹម

មនុស្សដែលមានទ្រព្យសម្បត្តិច្រើនបំផុតនិងមានភាពជោគជ័យបំផុត គឺជាមនុស្សដែលមានទំនោរចាប់ផ្តើមថ្ងៃថ្មីរបស់គេនៅពេលថ្ងៃរះ ឬមុនពេលនេះទៀត។

នៅក្នុងការសិក្សារយៈពេល ៥ ឆ្នាំទៅលើមហាសេដ្ឋីដែលទទួលបានភាពជោគជ័យដោយខ្លួនឯងចំនួន ១៧៧នាក់ អ្នកនិពន្ធលោក Tomas C. Corley បានរកឃើញថាស្ទើរតែ ៥០ ភាគរយនៃអ្នកទាំងនោះបានភ្ញាក់ឡើងយ៉ាងហោចណាស់បីម៉ោងមុនម៉ោងធ្វើការងាររបស់ពួកគេ។

វាជាយុទ្ធសាស្រ្តមួយដែលអាចជួយអ្នកដោះស្រាយការរំខានដែលចៀសមិនផុតដូចជាកិច្ចប្រជុំរយៈពេលយូរ ដូច្នេះអ្នកនៅតែមានពេលដើម្បីសម្រេចអ្វីគ្រប់យ៉ាងដែលអ្នកបានកំណត់ទុក។ Corley សរសេរក្នុងសៀវភៅរបស់គាត់ “ការផ្លាស់ប្តូរទម្លាប់របស់អ្នក ជាការផ្លាស់ប្តូរស្ថានភាពជីវិតរបស់អ្នក”: “ការក្រោកនៅម៉ោង ៥ ព្រឹក ដើម្បីដោះស្រាយបញ្ហាធំៗ ដែលអ្នកចង់សម្រេចនៅថ្ងៃនេះ អនុញ្ញាតអោយអ្នកគ្រប់គ្រងជីវិតរបស់អ្នកឡើងវិញ។ វាផ្តល់អោយអ្នកនូវទំនុកចិត្តថាអ្នកពិតជាអាចដឹកនាំជីវិតរបស់អ្នកបាន។

៧. បង្កើតគម្រោងប្រាក់ជាក់លាក់

មហាសេដ្ឋីម្នាក់ឈ្មោះ T. Harv Eker បានសរសេរនៅក្នុងសៀវភៅរបស់គាត់ “អាថ៌កំបាំងនៃគំនិតរបស់មហាសេដ្ឋី” ថា មូលហេតុចម្បងដែលមនុស្សភាគច្រើនមិនទទួលបាននូវអ្វីដែលពួកគេចង់បាន នោះគឺពួកគេមិនដឹងថាតើអ្វីដែលគេចង់បាននោះជាស្អីគេ។

ប្រសិនបើអ្នកចង់ទទួលបានទ្រព្យសម្បត្តិដែលអ្នកចង់បាន អ្នកត្រូវតែមានគោលដៅច្បាស់លាស់ ផែនការជាក់លាក់ និងពេលវេលាកំណត់ម៉ត់ចត់។ ហើយនៅពេលអ្នកកំពុងកំណត់គោលដៅចូរកុំភ័យខ្លាចចំពោះការគិតធំ (ស្រមៃខ្ពស់)។ អ្នកដែលមានទ្រព្យគឺជាមនុស្សដែលបានកំណត់ការស្រមៃរំពឹងទុកខ្ពស់ និងមានភាពតស៊ូគ្រប់កាលៈទេសៈ។ Siebold មានប្រសាសន៍ថា “គ្មាននរណាម្នាក់អាចមានទ្រព្យស្តុកស្តម្ភ និងរស់នៅដូចក្នុងក្តីសុបិន្តរបស់ពួកគេបានទេ បើសិនជាគ្មានការរំពឹងទុកដ៏ធំធេងទេនោះ”។

៨. ចាត់ទុកការសងបំណុលជារឿងចាំបាច់

Kevin O’Leary និយាយថា វាមិនមានភាពងាយស្រួលនោះទេក្នុងការរកប្រាក់នៅពេលដែលអ្នកមានវ័យចាស់ តែវាមានភាពងាយស្រួលក្នុងការរកប្រាក់នៅពេលដែលអ្នកនៅវ័យក្មេង។ ដូច្នេះអ្នកគួររកប្រាក់ឥឡូវនេះ ហើយប្រើវាដើម្បីសងប្រាក់កម្ចីរបស់អ្នក មិនដូចច្នោះនៅពេលអ្នកមានអាយុប្រហែល ៤៥ឆ្នាំ អ្នកនឹងជំពាក់បំណុលសូម្បីតែគ្មានប្រាក់កម្ចី។

មហាសេដ្ឋី និងអ្នកនិពន្ធលោក David Bach យល់ស្របថា “ខ្ញុំអាចប្រាប់អ្នក តាមរយៈការធ្វើជាទីប្រឹក្សាហិរញ្ញវត្ថុនៅក្រុមហ៊ុន Morgan Stanley អតិថិជនរបស់ខ្ញុំដែលអាចចូលនិវត្តន៍នៅអាយុ ៥០ឆ្នាំ អាថ៌កំបាំងនោះគឺពួកគេបានបង់ប្រាក់កម្ចីរបស់ពួកគេលឿនទាន់ពេល។

៩. ទទួលបានភាពសុខស្រួលជាមួយទាំងពិបាក (លំបាកមុន ស្រណុកក្រោយ)

ប្រសិនបើអ្នកចង់រកប្រាក់ចំណូលបន្ថែម ឬឈានមុខគេក្នុងជីវិត អ្នកត្រូវតែមានឆន្ទៈក្នុងការចេញពីកន្លែងដែលអ្នកមានភាពកក់ក្តៅ មានន័យថាអ្នកត្រូវហ៊ានចេញប្រឡូក។

នេះរួមបញ្ចូលទាំងការចរចាប្រាក់ខែរបស់អ្នក។ វាជាវិធីមួយដ៏សាមញ្ញបំផុតដើម្បីបង្កើនសក្តានុពលនៃការរកប្រាក់ចំណូលរបស់អ្នកព្រោះអ្នកដែលហ៊ានស្នើសុំច្រើនតែងតែទទួលបាន។ ប៉ុន្ដែមនុស្សភាគច្រើនមិនបានព្យាយាមធ្វើវានោះទេ។

ប្រាកដណាស់ការចរចាអាចជាអាជីវកម្មពិបាក ប៉ុន្តែមិនទទួលបានអ្វីដែលមានតម្លៃសាកសម អាចមានន័យថាគឺជាភាពខុសគ្នារវាងជីវិតមធ្យម និងអ្នកមានស្តុកស្តមម្នាក់។ តាមរយៈមហាសេដ្ឋី Grant Sabatier បាននិយាយថា “រឿងទី ១ ដែលនឹងកំណត់នូវសក្តានុពលនៃការរកលុយនាពេលអនាគតរបស់អ្នក ដែលនិងនាំអ្នកអោយរកបាន ១ លានដុល្លារលឿនបំផុតនោះ គឺថាតើអ្នកទទួលបានប្រាក់ប៉ុន្មាននាថ្ងៃនេះ?”

ប្រភពអត្ថបទ៖ CNBC

ផ្ទាំងឃោសនាពាណិជ្ជកម្ម
I'm a freelance writer of APAMAT. Mostly, my articles are about youth, businesswomen, money and life. This moment, I'm also running my own business, an import and export company between China-Cambodia. I'm here because I love to share my experiences with you about both life and business. Enjoy!