បុរសវ័យ ២៧ឆ្នាំ ចែករំលែករបៀបសន្សំប្រាក់ឱ្យបាន ២០ ម៉ឺនដុល្លារ

2277

Sean ត្រូវបានគេដាក់រហ័សនាមថា The Money Wizard មានវ័យ ២៧ ឆ្នាំ មានអាជីពជាអ្នកវិភាគហិរញ្ញវត្ថុ និងសន្សំលុយបានជិត ២០០,​០០០ ដុល្លារក្នុងគណនីសន្សំប្រាក់សម្រាប់ចូលនិវត្តមួយដែលគាត់សង្ឃឹមថាគាត់នឹងបានចូលនិវត្តមុនអាយុ ៣០ ឆ្នាំ។

គាត់និយាយថា នៅពេលគាត់មានអាយុ ១៦ ឆ្នាំ គាត់មានការងារមួយដែលអាចឱ្យគាត់សន្សំប្រាក់ក្នុងកុងធរនាគាបាន ៥០០ ដុល្លារ។ ដល់វ័យ ១៨ ឆ្នាំ Sean បានយកប្រាក់ ៥០០ ដុល្លារនោះទៅវិនិយោគក្នុងផ្សារភាគហ៊ុន។ នៅអាយុ ២៥ គាត់អាចសន្សំប្រាក់បាន ១០០,០០០ ដុល្លារ ហើយប្រាក់នេះបានកើនដល់ ១៥០,០០០ ដុល្លារនៅពេលគាត់មានអាយុ ២៦ ឆ្នាំ។ បច្ចុប្បន្ន Sean មានវ័យ ២៧ ឆ្នាំ និងសន្សំប្រាក់បាន ២០០,០០០ ដុល្លារ។ តើ Sean អាចសន្សំប្រាក់ ទាំងនេះបានដោយរបៀបណា? ខាងក្រោមគឺជាតិចនិចទាំង ៦ ដែលគាត់ប្រើដើម្បីសន្សំលុយ។

១. មានជំនាញពិតប្រាកដមួយបន្ទាប់ពីរៀនចប់សកលវិទ្យាល័យ

សញ្ញាប័ត្រពីសកលវិទ្យាគឺជាភស្តុតាងបញ្ជាក់ថា អ្នកបានបំពេញតួនាទីជាសិស្សបានត្រឹមត្រូវតាមលក្ខខន្តរបស់គ្រឹះស្ថានអប់រំ ប៉ុន្តែអ្វីដែលអ្នកត្រូវមានបន្ទាប់ពីរៀនចប់គឺ ជំនាញមួយច្បាស់លាស់។ ក្រោយពីបញ្ចប់បរិញ្ញាប័ត្រថ្នាក់សេដ្ឋកិច្ច និងហិរញ្ញវត្ថុ Sean មានការងារមួយជាអ្នកវិភាគហិរញ្ញវត្ថុដែលអាចឱ្យគាត់មានប្រភពចំណូលមួយពិតប្រាកដ ហើយគាត់បានចាប់ផ្តើមយកចំណូលដែលគាត់រកបានទៅវិនិយោគក្នុងទីផ្សារភាគហ៊ុន។

២. ចៀសវាងបំណុល

ក្រោយពីចាកចេញពីគ្រឹះស្ថានសិក្សា ជំហានបន្ទាប់របស់អ្នកគឺត្រូវរកលុយ ហើយដំណាក់កាលនេះ អ្នកត្រូវចៀសវាងឱ្យបានពីការជំពាក់បំណុល​ ព្រោះថាការជាប់បំណុលនឹងធ្វើឱ្យអ្នកបាត់បង់ចំណូលសំខាន់ដែលអ្នកខំរកមួយចំណែក។

៣. រៀនវិនិយោគ

មនុស្សគំរូ គឺជាតួអង្គមួយយ៉ាងសំខាន់ក្នុងដំណើរជីវិតឆ្ពោះទៅរកជោគជ័យ។ ចំពោះ Sean គាត់តែងតែស្រមៃថាគាត់គឺជាកំពូលអ្នកវិនិយោគ Warren Buffet ទី ២ ដូច្នេះហើយទើបគាត់សម្រេចយកប្រាក់ដែលគាត់បានទៅបណ្ដាក់ទុនក្នុងទីផ្សារភាគហ៊ុន។

៤. ចំណាយឱ្យចំគោលដៅ

Sean ក៏មិនខុសពីបុគ្គលជោគជ័យមួយចំនួនដែរចំពោះរឿងចាយលុយ។ លោកបន្តទៀតថា ការចំណាយដែលចំគោលដៅគឺជារឿងដែលអ្នកត្រូវយកចិត្តទុកដាក់បំផុតក្នុងតំណាក់កាលសន្សំប្រាក់។ ការចំណាយទៅលើតម្រូវដែលចាំបាច់នឹងធ្វើឱ្យអ្នកមានភាពរីករាយចំពោះការចាយវាយប្រាក់របស់អ្នក។

៥. ចៀសវាងការចំណាយទៅលើ lifestyle ច្រើនពេក

នៅពេលពេញវ័យ មនុស្សភាគច្រើផ្តោតសំខាន់លើរូបរាងខាងក្រៅ ជាពិសេសការតុបតែងខ្លួន។ lifestyle គឺជារបៀបរស់នៅរបស់មនុស្សម្នាក់ៗតាមរបៀបដែលគេចូលចិត្ត ប៉ុន្តែមនុស្សមួយចំនួនព្យាយាមធ្វើឱ្យខ្លួនឱ្យទាន់សម័យទៅតាមគេទាំងដែលចំណូលរបស់ខ្លួនឯងមិនសមាមាត្រនិងការចំណាយ។ Sean និយាយថា បើសិនជាអ្នកចង់សន្សំប្រាក់ឱ្យបានច្រើន អ្នកមិនត្រូវយកចិត្តទុកដាក់ទៅលើ lifestyle ពេកទេ ដូចជាទិញសម្លៀកបំពាក់ថ្លៃៗជាដើម។

៦. កុំបង្ខំ

មនុស្សដែលចាប់ផ្តើមវិនិយោគភាគហ៊ុនថ្មីថ្មោងតែងតែគិតថា វិធីមួយដើម្បីក្លាយជាអ្នកមានគឺត្រូវហ៊ានសាកល្បងននិងហានិភ័យធំៗ ប៉ុន្តែចុងក្រោយពួកគេបែរជាមានអារម្មណ៍ជ្រួលច្របល់នៅពេលដែលពួកគេបាត់បង់លុយ។ Seanផ្តល់យោបល់ថា អ្នកមិនគួរប្រញាប់ប្រញាលពេកទេក្នុងការបណ្ដាក់ទុន។ អ្វីៗត្រូវធ្វើទៅតាមសម្រួលទោះបីជាត្រូវប្រើពេលយូរដើម្បីសម្រេចជោគជ័យក៏ដោយ ប៉ុន្តែភាពជោគជ័យរបស់អ្នកនឹងនៅជាមួយអ្នកបានយូរអង្វែង៕

ប្រភព៖ businessinsider

អត្ថបទដោយ៖ Ciel

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។