សហស្ថាបនិក Jimmy Choo៖ នៅគ្រប់ទីកន្លែងសុទ្ធតែជាឱកាសដរាបណាអ្នកមិនបោះបង់

773

អ្នកស្រី Tamara Mellon គីជាស្ថាបនិកមួយរូបក្នុងចំណោមស្ថាបនិកដទៃទៀតនៃក្រុមហ៊ុន Jimmy Choo។ គួរំលឹកផងដែរថា Jimmy Choo ជាក្រុមហ៊ុនដ៏ល្បីឈ្មោះមួយនៅអង់គ្លេសដែលជំនាញក្នុងការច្នៃម៉ូតស្បែកជើងកែង កាបូបដៃ គ្រឿងតុបតែងផ្សេងៗ ក៏ដូចជាទឹកអប់ផងដែរ។ ក្នុងនោះទៀតសោត ឈ្មោះក្រុមហ៊ុននេះគឺតំណាងលោក Jimmy Choo ដែលជាស្ថាបនិកផ្ទាល់តែម្តង។

អ្នកស្រី Mellon ចាប់ផ្តើមការងារដំបូងបង្អស់ជាអ្នកច្នៃម៉ូតលើគ្រឿងតុបតែងក្នុងក្រុមហ៊ុន British Vogue។ ប៉ុន្តែក្រោយមក គាត់ក៏បានជួប Jimmy Choo ដែលពេលនោះ Jimmy Choo គ្រាន់តែជាអ្នកជួសជុលស្បែកជើងធម្មតាហើយធ្វើការនៅ London’s East End តែប៉ុណ្ណោះ។ ក្រោយពីបានជួប Jimmy Choo ហើយ អ្នកស្រីក៏បានណែនាំអោយ Jimmy Choo គួរតែធ្វើប្រភេទស្បែកជើងសម្រាប់ថតម៉ូតលើគម្របទស្សនាវដ្តីវិញ។ បន្ទាប់ពីនោះមក ការច្នៃម៉ូតស្បែកជើងទទួលបានការគាំទ្រយ៉ាងខ្លាំង ដូច្នេះហើយទើបអ្នកទាំងពីរសម្រេចចិត្តបង្កើតរោងចក្រដោយខ្លួនឯងតែម្តង។ ក្រោយមកស្លាកយីហោ Jimmy Choo ក៏បានលេចជារូបរាងឡើង។ អ្នកស្រី Mellon ធ្វើការជាអ្នកគ្រប់គ្រងទទួលបន្ទុកផ្នែកច្នៃម៉ូតនៅ Jimmy Choo ចាប់តាំងពីឆ្នាំ 1996 រហូតដល់ 2011។ ពេលនោះគាត់ផ្តោតសំខាន់លើការផ្សព្វផ្សាយសក្តានុពលនៃម៉ាក Jimmy Choo ដើម្បីអោយទីផ្សាក្នុងស្រុកក៏ដូចជាហាងលក់ឥវ៉ាន់ទាំង 100 ដទៃទៀតក្នុងពិភពលោកបានស្គាល់។

ក្នុងឆ្នាំ 2016 អ្នកស្រីក៏ទទួលបានពានរង្វាន់ OBE (Order of the British Empire)។ អ្នកស្រីក៏ធ្លាប់ធ្វើជាក្រុមនាយកនៅក្រុមហ៊ុន Revlon ផងដែរ ហើយក្រោយមកអ្នកស្រីក៏ចាប់ផ្តើមបង្កើតនូវស្លាកយីហោស្បែកជើងថ្មីមួយឈ្មោះថា Tamara Mellon ។

ឆ្លើយតបនឹងសំនួរដែលអ្នកកាសែតតែងតែសួរគាត់ថា​ “តើអ្វីដែលជម្រុញទឹកចិត្តគាត់រហូតមកដល់សព្វថ្ងៃនេះ?” គាត់ឆ្លើយថា អ្វីគ្រប់យ៉ាង មានដូចជា សិល្បៈ វប្បធម៌ តន្រ្តី និងមនុស្សជុំវិញខ្លួន។ អ្នកស្រីជឿជាក់ថា មនុស្សគ្រប់រូបសុទ្ធតែអាចស្វែងរកកម្លាំងចិត្តនិងឱកាសនៅគ្រប់ទីកន្លែង អោយតែអ្នកទាំងនោះមានការតាំងចិត្តដើម្បីបន្តទៅមុខនិងមិនបោះបង់។ អ្នកស្រីថែមទាំងផ្តល់យោបល់ថា កុំឈប់ធ្វើការអោយសោះ ពីព្រោះមិនសំខាន់ថាអ្នកកំពុងធ្វើអ្វីទេ ការងារបង្កើតឱកាសហើយឱកាសនេះហើយដែលនាំអ្នកទៅកន្លែងដែលអ្នកចង់ទៅ។ វាមិនសំខាន់ថា អាយុអ្នកប៉ុន្មាន ឬអ្នកចង់ធ្វើអ្វីទេ អ្វីដែលសំខាន់រឿងទាំងអស់នោះគឺអាស្រ័យលើឱកាសដែលអ្នកជួបអ្នកដទៃផ្សេងទៀត។ ម្យ៉ាងវិញទៀត កុំស្តាប់ដំបូន្មានមួយចំនួនដែលគ្រាន់តែបង្អាក់ផ្លូវអ្នកអោយសោះ។ ជាក់ស្តែងដូចជាពេលដែលគាត់ចាប់ផ្តើមដំបូង អ្នកណាក៏ប្រាប់គាត់កុំអោយបង្កើតក្រុមហ៊ុន Jimmy Choo ដែរ។ ប៉ុន្តែចុងក្រោយ គាត់បែរជាអរគុណខ្លួនឯងហើយដែលមិនស្តាប់ពាក្យសម្តីទាំងនោះ៕

ប្រភព៖ Entrepreneur

ប្រែសម្រួលដោយ៖ Xiao Mey

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.