ក្រុមហ៊ុនលក់ទំនិញ Walmart Inc បានព្រមព្រៀងចាប់ដៃគូយុទ្ធសាស្រ្តជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Microsoft Corp ក្នុងការប្រើប្រាស់ប្រព័ន្ធផ្ទុកទិន្នន័យ cloud និងបច្ចេកវិទ្យា AI ដែលនេះជាសញ្ញានៃការរួមគ្នាមួយដើម្បីប្រកួតប្រជែងនិង Amazon.com Inc។
កិច្ចសហការរវាងក្រុមហ៊ុនយក្សទាំងពីរធ្វើឡើងក្រោយពេលដែលវត្តមានរបស់ Walmart ក្នុងការប្រជែងជាមួយក្រុមហ៊ុនលក់ទំនិញអនឡាញ Amazon ហាក់មានការធ្លាក់ចុះខ្លាំង។
Walmart មើលឃើញថា Microsoft គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដៃគូរដ៏សំខាន់មួយដែលអាចជួយសម្រួលប្រតិបត្តិការនៃការលក់ទំនិញរបស់ខ្លួន និងដើម្បីបន្តការប្រកួតប្រជែងគ្នាជាមួយ Amazon Go ដែលកំពុងប្រើប្រាស់ឧបករណ៍បញ្ជាការលក់ស្វ័យប្រវត្តិ។
ចំណែកក្រុមហ៊ុនផលិតកម្មវិធី Windows software (Microsoft) ក៏បានបង្ហាញបច្ចេកវិទ្យាជំនួយការលក់ និងបានពិភាក្សាគ្នាជាមួយ Walmart អំពីកិច្ចសហប្រតិបត្តិការរួមគ្នាដែលអាចទៅរួច។
តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រជាមួយ Microsoft នេះ ក្រុមហ៊ុនលក់ទំនិញ Walmart មានគម្រោងការពារខ្លួនពីមហិច្ឆិតាធ្វើជាក្រុមហ៊ុនលក់ទំនិញអនឡាញគ្មានគូរប្រៀបរបស់ Amazon។
គួររំលឹកផងដែរ កាលពីដើមខែ ឧសភា ឆ្នាំ ២០១៨ នេះ Walmart ទើបតែបានទិញភាគហ៊ុន ៧៧% ក្នុងតម្លៃ ១៦ ពាន់លានដុល្លារអាមេរិក របស់ក្រុមហ៊ុនលក់ទំនិញតាមអនឡាញធំបំផុតរបស់ឥណ្ឌា Flipkart៕
ចុចអានបន្ត៖ Walmart បើកការប្រកួតប្រជែងជាមួយ Amazon Prime
ប្រភព៖ reuters
អត្ថបទដោយ៖ Ciel
