បច្ចេកទេសរកស៊ីធម្មតាៗដែលអ្នកប្រហែលជាមិនធ្លាប់ដឹង ឬក៏មិនដែលចាប់អារម្មណ៍

1390

នៅក្នុងពិភពរកស៊ី សម្រាប់អ្នកដែលរកស៊ីធំៗ ពួកគាត់ប្រាកដជាដឹង និងចេះក្បួនច្បាប់រកស៊ីតាមបច្ចេកទេសកំពូលៗ និងមានប្រសិទ្ធភាពបំផុត។ មេរៀន និងបទពិសោធន៍ទាំងអស់នោះមិនងាយនិងមានអ្នកមកនិយាយ ឬបង្រៀននោះទេ សូម្បីតែ Jack Ma, Bill Gates និង Warren Buffett ក៏ពួកគាត់មិននិយាយអំពីបច្ចេកទេសទាំងនោះប្រាប់អ្នកដទៃជាសារធាណៈដែរ ពួកគាត់តែងតែចែករំលែកចំណេះដឹងអំពីការតស៊ូក្នុងជីវិតប៉ុណ្ណោះ។ ឥឡូវនេះ apamat.com និងនាំយកល្បិចរកស៊ីតូចតាចមួយចំនួនមកប្រាប់អ្នក ប៉ុន្តែបើអ្នកបានដឹងហើយអាចអានជាការរំលឹកបាន៖

១. នៅពេលអ្នកផ្តល់កម្មវិធីបញ្ចុះតម្លៃ ការលក់និងកើនឡើង

មានវិធីជាច្រើនក្នុងការបង្កើនការលក់ ដូចជាការផ្តល់រង្វាន់ដល់អ្នកទិញ-អ្នកលក់បន្ត ការបង្កើតកម្មវិធីបញ្ចុះតម្លៃ ការបង្កើតកម្មវិធីថែមជូនទំនិញ និងការបង្កើតកម្មវិធីលើកទឹកចិត្តដល់បុគ្គលិកលក់ជាដើម ប៉ុន្តែកម្មវិធីលក់បញ្ចុះតម្លៃគឺជាវិធីដែលពេញនិយមជាងគេ ហើយអ្នកប្រាកដជាបានឃើញហាងលក់សំលៀកបំពាក់ ហាងអាហារ និងហាងផ្សេងៗទៀតកំពុងតែដាក់ស្លាក និងប្រកាសលក់បញ្ចុះតម្លៃក្នុងរដូវធ្លាក់ភ្លៀងនេះ។ ហាងទាំងនោះដាក់បញ្ចុះតម្លៃ គឺដោយសារតែពួកគេចង់បង្កើនការលក់របស់ពួកគេ។ សំណួរសួរថា តើពួកគេនិងចំណេញតិច ទោះជាលក់បានច្រើនមែនទេ? មានរឿងជាច្រើនដែលពាក់ព័ន្ធក្នុងកម្មវិធីបញ្ចុះតម្លៃនោះ តែវាអាស្រ័យលើគោលបំណងរបស់ពួកគេដែរ។ វាអាចជា៖

  • បញ្ចុះតម្លៃបង្កើនការលក់៖ ទោះបីជាចំណេញតិចជាងមុនក្តី ប៉ុន្តែបើលក់បានច្រើន និងចំណញបានច្រើន ហើយអាចទាក់ទាញអតិថិជនថ្មី និងចាស់មកទិញជាបន្តទៀត។
  • ដាក់ស្លាក់បញ្ចុះតម្លៃ ប៉ុន្តែបញ្ចុះតែលើទំនិញដែលពួកគេលក់មិនចេញ ឬលក់មិនសូវដាច់តែប៉ុណ្ណោះ។
  • ដាក់បញ្ចុះតម្លៃដើម្បីឲ្យអតិថិជនចូលទិញ ប៉ុន្តែនៅពេលដែលអតិថិជនចូលដល់ក្នុងហាង អតិថិជនទាំងនោះអាចមានលទ្ធភាពទិញទំនិញដែលមិនបញ្ចុះតម្លៃ។ (ចង់ចូលទិញទំនិញបញ្ចុះតម្លៃ តែពេលទៅដល់ ឃើញទំនិញល្អៗផ្សេងទៀតដែលមិនបញ្ចុះតម្លៃ)
  • ល្បិចកំណត់តម្លៃ៖ ឧទាហរណ៍ថា អាវយឺតមួយដែលបើលក់ក្នុងតម្លៃធម្មតា មានតម្លៃតែ $15 ទេ។ អ្នកលក់ដាក់បញ្ចុះតម្លៃ 50% ប៉ុន្តែអ្នកលក់នោះកំណត់តម្លៃលក់មិនទាន់បញ្ចុះតម្លៃ $30។ ដូច្នេះ តាមពិតអាវនោះនៅតែលក់បានក្នុងតម្លៃ $15 ដដែល គេដាក់ស្លាកបញ្ចុះតម្លៃគឺគ្រាន់តែចង់ទាក់ទាញអ្នកទិញតែប៉ុណ្ណោះ។-ល-។

ទោះបីជាយ៉ាងណា មុននិងម្ចាស់អាជីវកម្មសម្រេចបញ្ចុះតម្លៃ ពួកគេសុទ្ធតែបានសិក្សាពីលទ្ធភាពចំណេញរួចទៅហើយ លើកលែងតែហាងដែលលក់ឡៃឡុងដើម្បីបិទទ្វាតែប៉ុណ្ណោះ។

២. នៅពេលអ្នកតម្លើងតម្លៃ វានិងប៉ះពាល់ការលក់

នៅពេលដែលអ្នកសម្រចចិត្តតម្លើងតម្លៃ អ្នកត្រូវដឹងពីផលប៉ះពាល់នៃចំនួនការលក់។ ប្រសិនបើអតិថិជនគ្មានជម្រើស ហើយចាំបាច់ត្រូវតែទិញ វាគឺជារឿងមួយ ប៉ុន្តែប្រសិនបើពួកគេមានជម្រើសដែលល្អជាងអ្នក ពួកគេនិងទៅទិញកន្លែងផ្សេង។ អ្នកនិងចំណេញកាន់តែច្រើនបន្ទាប់ពីតម្លើងតម្លៃ ប៉ុន្តែបើតម្លើងហើយគ្មានអ្នកទិញ ក៏គ្មានចំណេញដែរ។ មានករណីខ្លះ ចាំបាច់ត្រូវតម្លើងថ្លៃព្រោះថ្លៃដើមផលិត ឬក៏អ្នកទិញមកពីគេឡើងថ្លៃដែរ។

៣. នៅពេលតម្រូវការធ្លាក់ចុះ អ្នកក៏ត្រូវទម្លាក់តម្លៃដែរ

វាស្រដៀងគ្នានិងចំណុចលេខមួយ ការបញ្ចុះតម្លៃដែរ ប៉ុន្តែវាខុសគ្នាត្រង់ថា ការទម្លាក់តម្លៃនេះគឺដោយសារតម្រូវការធ្លាក់ចុះ ដូចជានៅពេលដែលទូរស័ព្ទ iPhone X ចេញមក ទូរស័ព្ទស៊េរីមុនៗនិងធ្លាក់ថ្លៃ។

៤. នៅពេលតម្រូវការកើនឡើង អ្នកអាចបង្កើនតម្លៃ ប៉ុន្តែវាអាចធ្វើឲ្យអតិថិជនបាត់ទំនុកចិត្ត 

ផ្ទុយពីចំណុចលេខបី នៅពេលដែលតម្រូវការកើនឡើង វាគឺជាឱកាសល្អក្នុងការប្រមូលប្រាក់ចំណេញ ប៉ុន្តែបើអ្នកចង់ឲ្យអតិថិជនស្រលាញ់ស្លាកយីហោររបស់អ្នកបានយូរ កុំធ្វើបែបនេះអី។ ឧទាហរណ៍ដូចជារ៉ឺម៉កកង់បីឥណ្ឌាដែលយកមកលក់នៅស្រុកខ្មែរ ដំបូងតែជាង $1,200 ក្នុងមួយគ្រឿង ប៉ុន្តែឥឡូវនេះមានតម្លៃជាង $3,000។

៥. នៅពេលមានការផ្គត់ផ្គង់តិច អ្នកអាចកំណត់តម្លៃខ្ពស់

ប្រសិនបើអ្នកមានតែឯងមិនមានគូប្រជែង អ្នកអាចកំណត់តម្លៃខ្ពស់ដើម្បីយកចំណេញច្រើន តួរយ៉ាងដូចក្រុមហ៊ុន Wing ដែលចាប់ផ្តើមតាំងពីឆ្នាំ 2009 មុនគេក្នុងទីផ្សារវេរលុយតាមទូរស័ព្ទ កាលណោះតម្លៃមួយវិក្តយបត្រសេវា 6,000៛ ប៉ុន្តែនៅពេលដែលមាន E-money, True Money និង Smart Luy ចូលមក Wing បានទម្លាក់តម្លៃ។

៦. នៅពេលអ្នកលក់ដាច់កាន់តែច្រើន អ្នកក៏ត្រូវបង្កើនការចំណាយធ្វើទីផ្សារកាន់តែច្រើនដែរ

ម្ចាស់អាជីវកម្មខ្នាតតូចមួយចំនួនយល់ច្រឡំនៅពេលដែលពួកគាត់លក់បានកាន់តែច្រើន ពួកគាត់យល់ថាមានអតិថិជនស្គាល់គាត់ច្រើន ហើយកាត់បន្ថយការចំណាយលើការធ្វើទីផ្សារ។ ប្រសិនបើពួកគាត់គាត់កាត់បន្ថយធ្វើទីផ្សារ វាដូចជាបើកភ្លើងខៀវឲ្យគូប្រជងរបស់គាត់ទាញអតិថិជនទៅអញ្ចឹង។ មួយវិញទៀត នៅពេលដែលលក់កាន់តែដាច់ ហើយកាត់បន្ថយការធ្វើទៅផ្សារ ការលក់និងធ្លាក់ចុះវិញមួយរំពេច ផ្ទុយទៅវិញបើបង្កើនការធ្វើទីផ្សារកាន់តែច្រើន ចំនួនការលក់និងកាន់តែកើនរហូតដល់ពិដាននៃទីផ្សារមួយ ហើយវាក៏ជាឱកាសនៃការវាយលុកទីផ្សារផ្តួលគូប្រជែងឲ្យដួលងើបលែងរួចផងដែរ។

៧. នៅពេលមានគូប្រជែងខ្លាំងមកដល់ អ្នកកុំមានអារម្មណ៍ថាខ្លាច ប៉ុន្តែត្រូវត្រៀមខ្លួនឲ្យបានល្អ

នៅពេលដែលទីផ្សារល្អ មិនខ្វះទេគូប្រជែងថ្មីៗចូលមក ប៉ុន្តែបើអ្នកជាម្ចាស់អាជីវកម្មមួយ អ្នកមិនគួរមានចិត្តភ័យខ្លាចឡើយ ទោះជាពេលខ្លះពួកគេធំជាងអ្នកក៏ដោយ ប៉ុន្តែអ្នកជាម្ចាស់ទីផ្សារមុនពួកគេ ពួកគេនិងពិបាកប្រសិនបើអ្នកត្រៀមខ្លួនបានល្អ។ អ្នកតូចជាង ទោះជាចំណេញតិចក៏មិនសូវអី ប៉ុន្តែពួកគេធំ ត្រូវចំណាយធំ ហើយទុនក៏ធំ បើអ្នកទប់ពួកគេជាប់ មិនយូរទេពួកគេនឹងទៅស្រុកវិញដោយខ្លួនឯង។

៨. នៅពេលការលក់ធ្លាក់ចុះខុសធម្មតា អ្នកត្រូវប្រញាប់រកមូលហេតុ និងរៀបចំយុទ្ធសាស្រ្តឡើងវិញ

ការធ្លាក់ចុះនៃចំនួនការលក់ គឺជាសញ្ញាមួយដ៏អាក្រក់ និងគួរឲ្យខ្លាចបំផុតរបស់អាជីវកម្ម ព្រោះវាគឺជាប្រភពចំណូល និងជាដណ្ហើមនៃអាជីវកម្ម។ ការលក់ធ្លាក់ចុះ វាមានមូលហេតុរបស់វា ដូចជាដោយសារតែបុគ្គលិកធ្វើការមិនសូវមានប្រសិទ្ធភាព ផលិតផល ឬសវាកម្មថយគុណភាព មិនសូវធ្វើទីផ្សារ កំណើននៃអ្នកផ្គត់ផ្គង់ក្នុងទីផ្សារ និងពេលខ្លះមកពីបម្រែបម្រួលសេដ្ឋកិច្ច៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។