ភ្នំពេញ-ទំហំទឹកប្រាក់ប្រមាណជាង ១១០ លានដុល្លារអាមេរិក ត្រូវបានបម្រុងទុកសម្រាប់គម្រោងជួសជុលកែលម្អផ្លូវជាតិលេខ ៤ ឡើងវិញដែលជាច្រកសេដ្ឋកិច្ចដ៏សំខាន់អាចនឹងធ្វើឡើងនៅដើមឆ្នាំក្រោយ នេះបើយោងតាមមន្រ្តីក្រសួងកិច្ចការសាធារណម្នាក់ប្រាប់ដល់សារពត៌មាន phnompenhpost។
គម្រោងនេះនឹងធ្វើឡើងនៅលើកំណាត់ផ្លូវប្រវែងប្រមាណជាង ២០០ គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយពេល ១៨ ខែដើម្បីសម្រេចការសាងសង់ និងក្នុងគោលបំណងអភិវឌ្ឍផ្លូវជាតិតភ្ជាប់ពីរាជធានីទៅកាន់កំពង់ផែអន្តរជាតិខេត្តព្រះសីហនុ។
ថវិការក្នុងគម្រោងសា្តរផ្លូវជាតិលេខ ៤ នេះ បានមកពីកម្ចីពីធនាគារ World Bank ដែលត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន។
អ្នកនាំពាក្យក្រសួងលោក វ៉ាស៊ីម សុរិយា បានប្រាប់ដល់ phnompenhpost ថា ផ្លូវជាតិលេខ ៤ ចិញ្ចើមផ្លូវ ប្រព័ន្ធបង្ហូរទឹក ស្ពាន ស្លាកសញ្ញាចរាចរ ប្រព័ន្ធភ្លើងប្រើថាមពលពន្លឺព្រះអាទិត្យ កាមេរ៉ាចាប់ល្បឿន និងជញ្ជីងថ្លឹងយានយន្តដែលផ្ទុកទម្ងន់ហួសកំណត់ នឹងត្រូវបានកែលម្អនិងដំឡើងបន្ថែម។
លោក សុរិយា បន្តទៀតថា បន្ទាប់ពីទទួលបានមូលនិធិកម្ចីពីធនាគារពិភពលោក (World Bank) រួចមក ក្រុមការងារក្រសួងកំពុងរៀបចំប្រមូលការដេញថ្លៃសាងសង់មួយសម្រាប់គម្រោងនេះ។
លោក ស៊ិន ចន្ធី ប្រធានសមាគមន៍ដឹកជញ្ជូនទំនិញកម្ពុជា មានប្រសាសន៍ថា កិច្ចអភិវឌ្ឍផ្លូវជាតិលេខ ៤ គឺជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យដឹកជញ្ជូន។
លោកបន្ថែមថា “ប្រទេសកម្ពុជា ទៅថ្ងៃអនាគត នឹងមានផ្លូវធំភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ក្រុងព្រះសីហនុ ដូច្នេះការកែលម្អផ្លូវជាតិលេខ ៤ គឺពិតជាសំខាន់ខ្លាំងណាស់”៕
ប្រែសម្រួលដោយ៖ Ciel
