លោក Chris Reining បានលះបង់ការងារដែលជាក្តីសុបិនរបស់គាត់ក្នុងវិស័យព័ត៌មានវិទ្យាពីមហាវិទ្យាល័យ ដែលវាបានផ្តល់អោយគាត់ជាមួយនឹងប្រាក់បៀរវត្សរ៍ដ៏ច្រើន អាចរស់នៅក្នុងជីវិតដ៏ស្រស់ស្អាត។
បច្ចុប្បន្នលោកមានអាយុ ៣៨ឆ្នាំ លោកប្រាប់ស្ថានីយទូរទស្សន៍ CNBC ថា “នៅវ័យខ្ទង់ ២០ ឆ្នាំខ្ញុំបានទិញខុនដូរ រថយន្ត BMW ហើយខ្ញុំតែងតែទៅញាំអាហារជុំគ្នាជាមួយមិត្តភក្តិជារៀងរាល់សប្ដាហ៍” ។ លោក Reining ដែលមានទីលំនៅនៅ Madison, Wisc., ចង់បានអ្វីដែលមានលក្ខណៈខុសពីគេ គាត់បាននិយាយថា “ខ្ញុំមានសេរីភាពក្នុងការធ្វើអ្វីដែលខ្ញុំចង់ធ្វើ នៅពេលណាដែលខ្ញុំចង់ធ្វើវា។ ហើយនោះជាពេលដែលខ្ញុំបានធ្វើការផ្លាស់ប្តូរពីការចំណាយលុយទាំងអស់លើវត្ថុដែលពិតជាមិនបានធ្វើអោយខ្ញុំសប្បាយចិត្ត ទៅជាការសន្សំនិងវិនិយោគវិញ”។
គាត់បានខិតខំសន្សំប្រាក់ចំនួន ៥៤ ភាគរយនៃប្រាក់ចំណូលរបស់គាត់ និងផ្តោតលើការបង្កើនប្រាក់ចំណូលរបស់គាត់ដែលអាចអោយគាត់រកប្រាក់ចំណូលបាន ១ លានដុល្លារនៅអាយុ ៣៥ឆ្នាំ។ ហើយរយៈពេលពីរឆ្នាំក្រោយ Reining ក៏បានចូលនិវត្តន៍ជាផ្លូវការ។
គាត់បានប្រាប់ CNBC ថា គន្លឹះសំខាន់ក្នុងការសន្សំប្រាក់ច្រើនជាងពាក់កណ្តាលនៃចំណូលរបស់គាត់ គឺចាប់ផ្តើមជាមួយការផ្លាស់ប្តូរតិចតួច: “ខ្ញុំដឹងថាមានមនុស្សមួយចំនួននៅទីនោះដែលនិយាយថាអ្នកមិនគួរព្រួយបារម្ភអំពីប្រាក់ ៥ ដុល្លារសម្រាប់ការចំណាយលើការទិញកាហ្វេទេ ប៉ុន្តែពេលដែលខ្ញុំគិតអំពីវាកាន់តែច្រើន ការកាត់បន្ថយការចំណាយ ៥ដុល្លារ នេះគឺជាកន្លែងចាប់ផ្តើមដ៏ល្អ។ ព្រោះថាភ្លាមៗប្រសិនបើត្រូវអោយអ្នកព្យាយាមកាត់បន្ថយទំហំនៃផ្ទះរបស់អ្នក លុបចោលការចំណាយលើរថយន្តរបស់អ្នកទាំងអស់ ហើយធ្វើអោយមានការផ្លាស់ប្តូរយ៉ាងខ្លាំងនូវអ្វីទាំងអស់នោះ វាពិតជាមានការពិបាកណាស់ ហើយអ្នកនឹងមិនធ្វើពីណាទៅណាទេ។”
បន្ទាប់ពីកាត់បន្ថយចំណាយលើកាហ្វេពេលព្រឹករបស់គាត់ Reining បានលុបចោលការចំណាយលើអាហារថ្ងៃត្រង់ចំនួន ១៥ ដុល្លារដែលគាត់តែងតែទិញជារៀងរាល់ថ្ងៃ។ បន្ទាប់មកគាត់បានកាត់បន្ថយការចំណាយលើរឿងធំៗដូចជា ១,០០០ ដុល្លារក្នុងមួយខែដែលគាត់បានចំណាយលើថ្លៃហោះហើរម្តងៗ។
Reining និយាយថា “ការផ្លាស់ប្តូរតិចតួច អាចនាំអ្នកអោយមានការផ្លាស់ប្តូរធំៗបាន។ លើសពីនេះទៀត អ្នកក៏អាចត្រឡប់ក្រោយវិញនិងបន្ថែមការផ្លាស់ប្តូរតិចតួចនៅពេលក្រោយផងដែរ។”
“ឥឡូវខ្ញុំអាចទិញកាហ្វេតម្លៃ ៥ដុល្លារ ហើយវាគ្មានបញ្ហាអ្វីទេ ប៉ុន្តែខ្ញុំគិតថាវាពិតជាមានសារសំខាន់ណាស់ក្នុងការធ្វើអោយបាល់មានចលនា ដោយចាប់ផ្តើមធ្វើចលនាជាមួយនឹងអ្វីដែលតូចៗជាមុនសិន៕”
ប្រភពអត្ថបទ៖ CNBC
