តើនរណានៅពីក្រោយក្រុមហ៊ុនលក់ទំនិញដ៏ធំបំផុតក្នុងលោក Walmart?

917

Walmart គឺជាឃ្លាំងផ្ទុកទំនិញ និងលក់រាយទំនិញគ្រប់ប្រភេទដែលរកចំណូលបានច្រើនជាងគេបំផុតមួយក្នុងលោក ដែលត្រូវបានបង្កើតឡើងដោយអតីតនាយទាហានអាមេរិកសម័យសង្រ្គាមលោកលើកទី ២ ម្នាក់។

លោក Sam Walton កើតនៅឆ្នាំ ១៩១៨ ក្នុងទីក្រុង Kingfisher រដ្ឋ Oklahoma សហរដ្ឋអាមេរិក។ ឆ្នាំ ១៩៤២ នៅពេលដែលគាត់មានអាយុ ២៤ ឆ្នាំ គាត់បានចូលបម្រើខ្លួនជាកងទ័ពក្នុងអំឡុងសង្គ្រាមលោកទី២។ ឆ្នាំ ១៩៤៣ Sam Walton បានរៀបការជាមួយលោកស្រី Helen Robson។ លុះដល់ឆ្នាំ ១៩៤៥ ភារកិច្ចបម្រើទ័ពរបស់គាត់ក៏ត្រូវបានបញ្ចប់ ហើយ Walton និង Robson ក៏បានផ្លាស់ទីលំនៅទៅកាន់រដ្ឋ Iowa តែក្រោយមកទៀតបានផ្លាស់ទៅកាន់ Newport រដ្ឋ Arkansas សហរដ្ឋអាមេរិក។ កំឡុងពេលនោះ Sam Walton បានបើកហាងលក់រាយមួយ និងបានចាប់បង្កើតស្តរផ្ទុកទំនិញតូចៗជាបន្តបន្ទាប់។

ឆ្នាំ ១៩៥០ លោក Sam បានផ្លាស់ទីលំនៅមកកាន់ក្រុង Bentonville ដោយសារប្រពន្ធរបស់គាត់ Helen ចង់រស់នៅក្នុងទីក្រុងតូច ដែលនៅទីនោះ Sam បានបើហាងលក់ទំនិញមួយឈ្មោះ Walton’s 5&10

ជោគជ័យពីការបើកហាងលក់ទំនិញតូចជាច្រើនគឺជាកម្លាំងចលករមួយដែលជម្រុញឱ្យ Sam Walton បើកក្រុមហ៊ុន Walmart ដំបូងឆ្នាំក្នុង ១៩៦២ ក្នុងក្រុង Rogers រដ្ឋ Arkansas គឺពេលដែលគាត់មានអាយុ ៤៤ឆ្នាំ។

ផ្លាស់ប្តូរទម្លាប់លក់រាយ

គូប្រជែងរបស់ Sam Walton គិតថា គំនិតដែល Walton យល់ថា ភាពជោគជ័យនៅក្នុងអាជីវកម្មអាចធ្វើឡើងដោយការកំណត់តម្លៃទំនិញទាប និងផ្តល់សេវាកម្មល្អបំផុតដល់អតិថិជន នឹងមិនអាចទៅរួចឡើយ។ ប៉ុន្តែ ចុងក្រោយដោយសារគំនិតនេះ បាននាំមកនូវជោគជ័យដល់ Sam លើសពីការរំពឹងទុករបស់គាត់ទៅទៀត។ ក្រុហ៊ុន Walmart របស់ Sam Walton ចាប់ផ្តើមល្បីល្បាញជាសាធារណៈនៅឆ្នាំ១៩៧០ ហើយគាត់បានឆ្លៀតឱកាសនេះពង្រីកក្រុមហ៊ុនកាន់តែធំ។ ការរីកលូតលាស់ដ៏លឿនរបស់ Walmart មិនមែនពឹងផ្អែកតែលើការបញ្ចុះតម្លៃទំនិញឲ្យនៅទាប ដើម្បីទាក់ទាញអតិថិជនប៉ុណ្ណោះទេ ប៉ុន្តែ Sam ក៏បានពឹងផ្អែកលើដៃគូសហការរបស់គាត់ ដែលបានផ្តល់បទពិសោធន៍ទិញទំនិញដ៏អស្ចារ្យដល់អតិថិជនផងដែរ។ ជាងនេះទៅទៀត គាត់បានភ្ជាប់បណ្ដាដៃគូររបស់គាត់ទៅនឹងភាពជោគជ័យរបស់ក្រុមហ៊ុន ហើយគាត់ជឿជាក់ថា ភាពជាដៃគូរនេះគឺជាអ្វីដែលធ្វើឱ្យ Walmart អស្ចារ្យ។

ភាពក្លាហានរបស់ Sam Walton ក្នុងការផ្តល់ទំនិញក្នុងតម្លៃទាប និងការនាំយកតម្លៃស្នូលដែលជាសេវាកម្មដ៏ល្អបំផុតរបស់ Walmart ជូនដល់អតិថិជននៅសហរដ្ឋអាមេរិក បានធ្វើឱ្យអតិថិជនមានសេក្តីទុកចិត្ត និងមានភាពល្បីល្បាញរហូតមកទល់បច្ចុប្បន្ន។ ជោគជ័យនេះក៏បានធ្វើឱ្យ Sam Walton ទទួលបានមេដាយ Presidential Medal of Freedom ដែលបំពាក់ដោយប្រធានាធិបតីសហរដ្ឋអាមេរិក George H. W. Bush ក្នុងឆ្នាំ ១៩៩២។

Sam Walton មានប្រសាសន៍ថា ប្រសិនបើយើងសហការគ្នា យើងនឹងអាចបន្ទាបការចំណាយនៃការរស់នៅរបស់មនុស្សគ្រប់រូប ហើយយើងក៏ផ្តល់ឱកាសឱ្យពិភពលោកបានស្គាល់ថាអ្វីជាការសន្សំ និងជីវិតដ៏ប្រសើរ

ប្រភព៖ walmart

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕