ដោយសារតែជាប់ចិត្តជាមួយនំខេក ថៅកែតូចដែលគ្រប់គ្នាស្គាល់ថា Dav ក៏បានរៀនធ្វើនំខេក ហើយដំបូងឡើយនាងគ្រាន់តែដាក់លក់នំខេកនៅលើ Facebook ប៉ុណ្ណោះ។ បន្ទាប់មកការគាំទ្រមានកាន់តែច្រើនឡើងៗ ព្រោះតែនំខេករបស់នាង មានរសជាតិឆ្ងាញ់មិនធម្មតា និងតម្លៃទាប។ មិនយូប៉ុន្មាន Dav ក៏អាចបើកហាងនំខេកទីមួយ ដោយដាក់ឈ្មោះថា The Cake by Dav នៅខេត្តបាត់ដំបង ក្នុងកំឡុងដើមឆ្នាំ 2016 ហើយកាលណោះ Dav មានអាយុត្រឹមតែ 16 ឆ្នាំតែប៉ុណ្ណោះ។ បន្ទាប់ពី The Cake បានជោគជ័យ Dav បានបើកហាងនំមួយទៀតនៅខេត្តបាត់ដំបងដូចគ្នា ប៉ុន្តែដាក់យីហោរថា Cake Thai។ ក្រោយពីទទួលបានជោគជ័យនៅខេត្តបាត់ដំបង The Cake ក៏ឈានជើងចូលទីផ្សារភ្នំពេញ ក្នុងនាមជាហាងសាខាទី3 នៅបឹងកេងកង ហើយបន្ទាប់មកហាងសាខាទី4 នៅផ្លូវកម្ពុជាក្រោម និងថ្មីៗនេះហាងសាខាទី5 ក៏ត្រូវបានសម្ភោធនៅទួលទំពូង។

Dav ក៏មានរោងចក្រផលិតនំបោះដុំទូទាំងរាជធានីភ្នំពេញ ផ្គត់ផ្គង់នៅតាមហាងកាហ្វេ ម៉ាត និងហាងនំតូចៗផ្សេងទៀតដែលគិតមកដល់ពេលនេះមានហាងជាដៃគូប្រមាណ 80 ហាង។
ក្រៅពីមានហាងនំខេក និងរោងចក្រផលិតនំ ថៅកែតូចរូបនេះក៏ជាស្ថាបនិកសាលាបង្រៀនធ្វើនំដែលមានឈ្មោះថា សាលានំ-Salanum ដែលទើបតែសម្ភោធថ្មីៗនេះផងដែរ។ ថៅកែតូចរូបនេះក៏បានបង្ហើបថា នាងកំពុងតែគ្រោងបើកសាលានំបន្ថែមមួយសាខាទៀត។
គិតត្រឹមឥឡូវនេះ Dav មានអាយុ 18ឆ្នាំ គឺជាម្ចាស់ហាងនំខេកចំនួនប្រាំសាខា រោងចក្រផលិតនំបោះដុំទូទាំងរាជធានីភ្នំពេញ និងជាស្ថាបនិកសាលានំ។ ភាពជោគជ័យរបស់ Dav បានជម្រុញឲ្យយុវវ័យខ្មែរយកជាគម្រូ និងកោតសរសើរចំពោះសមត្ថភាព និងភាពក្លាហានរបស់នាង។
កញ្ញាបាននិយាយថា “នៅពេលដែលខ្ញុំធ្វើការងារពិបាកៗ ខ្ញុំមិនដែលចាត់ទុកខ្លួនឯងជាមនុស្សស្រីនោះទេ។ នៅពេលខ្ញុំលឺគេថា មនុស្សស្រីមិនអាចធ្វើបាន វាកាន់តែធ្វើឲ្យខ្ញុំចង់ធ្វើឲ្យបាន។”
ក្រោយពីបានជោគជ័យ ថៅកែរូបស្រស់ខាងលើ ក៏ចង់ឃើញយុវវ័យដែលចាប់ផ្តើមអាជីវកម្មថ្មីៗ បានជោគជ័យដូចនាង ឬអាចជោគជ័យច្រើនជាងនាងផងដែរ៕





