ហេតុអ្វីអាជីវកម្មខ្នាតតូចបរាជ័យ ហើយមានវិធីអ្វីដើម្បីគេចពីការបរាជ័យនោះ?

2510

យោងតាមរបាយការណ៍ផ្នែក វិទ្យាសាស្រ្ត និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកាណាដា សិក្សាពីមូលហេតុនៃការបិទអាជីវកម្មរាប់ពាន់ជារៀងរាល់ឆ្នាំ។ ការសិក្សានោះបានបង្ហាញថា 96% នៃអាជីវកម្មខ្នាតតូច អាចឈរជើងបានមួយឆ្នាំ, 85% អាចឈរជើងបានបីឆ្នាំ និង 70% អាចឈរជើងបានប្រាំឆ្នាំ។ ជាមធ្យមមានអាជីវកម្មចំនួន 7,000 បានក្ស័យធន់ជារៀងរាល់ឆ្នាំ នៅកាណាដា។

អាជីវកម្មខ្នាតតូចបំផុត (Microenterprises) ដែលមានបុគ្គលិកចាប់ពី 1-3នាក់ មានអត្រាបរាជ័យតិចជាងអាជីវកម្មខ្នាតតូច (Small Businesses) ដោយក្នុងរយៈពេលប្រាំឆ្នាំ អាជីវកម្មខ្នាតតូចបំផុតអាចឈរជើងបាន មានចំនួន 70.4% ខណៈអាជីវកម្មខ្នាតតូចអាចឈរជើងក្នុងរយៈពេលប្រាំឆ្នាំដូចគ្នា មានចំនួនតែ 66.9% ប៉ុណ្ណោះ។ 

មូលហេតុដែលអាជីវកម្មខ្នាតតូចបរាជ័យ

តាមការសិក្សាមួយរបស់ប្រទេសកាណាដា បានឲ្យដឹងថា មូលហេតុចម្បងដែលបណ្តាលឲ្យអាជីវកម្មខ្នាតតូចបរាជ័យ គឺដោយសារខ្វះបទពិសោធន៍នៃការគ្រប់គ្រង។ អ្នកគ្រប់គ្រងនៅក្នុងអាជីវកម្មដែលបរាជ័យ ពួកគាត់មិនមានបទពិសោធន៍ ចំណេះដឹង និងមិនមានចក្ខុវិស័យច្បាស់លាស់នៃអាជីវកម្មរបស់ពួកគាត់។ ប៉ុន្តែខ្ញុំគិតថា អ្វីដែលធ្វើឲ្យអាជីវកម្មខ្នាតតូចបរាជ័យ គួរតែត្រូវបញ្ជាក់ឲ្យច្បាស់លាស់ជាងនេះ។ មូលហេតុចម្បងនៃការបរាជ័យរបស់អាជីវកម្មខ្នាតតូច គឺដោយសារការរៀបចំគម្រោងមិនបានល្អ។ ខាងក្រោមនេះ គឺជាចំណុចដែលអាចជួយអ្នកឲ្យជៀសផុតពីការបរាជ័យ៖

ធ្វើការស្រាវជ្រាវទីផ្សារ ដើម្បីដឹងថាផលិតផល ឬសេវាកម្មរបស់អ្នកមានទីផ្សារឬអត់

នេះគឺជាមូលហេតុធំជាងគេដែលអូសអាជីវកម្មខ្នាតតូចឲ្យធ្លាក់ទឹក។ មនុស្សចាប់ផ្តើមរកស៊ី ដោយសារតែពួកគាត់ស្រលាញ់ផលិតផលណាមួយ ហើយចង់យកវាមកលក់ឲ្យអ្នកផ្សេង ប៉ុន្តែខ្ញុំសូមផ្តល់ជាយោបល់ថា វាមិនមែនសម្រាប់អ្វីដែលអ្នកចង់បានទេ តែវាសម្រាប់អ្នកដទៃ គឺសំដៅលើអតិថិជនគោលដៅរបស់អ្នក។ អ្វីដែលអ្នកចង់បាន មិនមែនមានន័យថាអតិថិជនចង់បានដែរទេ ហើយអ្វីៗគឺសម្រាប់អតិថិជន ព្រោះពួកគាត់គឺជាម្ចាស់លុយ ទាល់តែពួកគាត់ពេញចិត្ត ទើបអ្នកអាចយកលុយពីពួកគាត់បាន។

នេះគឺជាមូលហេតុដែលអ្នកចង់រកស៊ី គួរតែមានគម្រោងអាជីវកម្ម។ នៅពេលដែលអ្នកសរសេរគម្រោង អ្នកនិងឆ្លងកាត់ចំណុចមួយ គឺការស្រាវជ្រាវទីផ្សារ។ 

ត្រៀមលុយតិចពេកមុនបើកអាជីវកម្មខ្នាតតូច

មុនពេលចេញរកស៊ី អ្នកត្រូវស្វែងរកឲ្យឃើញថា តើអ្នកត្រូវការលុយប៉ុន្មានសម្រាប់ការចាយវាយលើការរស់នៅប្រចាំថ្ងៃ និងតើអ្នកត្រូវការលុយប៉ុន្មានដើម្បីដំណើរការអាជីវកម្មរបស់អ្នក។ អ្នកមិនអាចមិនខ្វល់និងចំនួនលុយ ហើយគ្រាន់តែសន្មត់យកៗថាអស់ប៉ុន្មាន ដោយមិនបានរាយការចំណាយទាំងអស់នោះទេ។

ការរៀបគម្រោង គឺតែងតែពិបាកជាងការធ្វើ ព្រោះថាវាមិនមែនគ្រាន់តែគិតលេងៗ វាត្រូវការការគិតច្រើន វាត្រូវការពេល វាត្រូវការការលះបង់របស់អ្នក។ មានពាក្យដ៏ត្រឹមត្រូវមួយគេនិយាយថា “ប្រសិនបើអ្នកបរាជ័យក្នុងការសរសេរគម្រោង មានន័យថាអ្នកកំពុងតែរៀបគម្រោងដើម្បីបរាជ័យ។” សូមកុំបណ្តោយឲ្យវាកើតឡើងចំពោះអ្នក!

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។