CEO របស់ Microsoft និយាយថាលោកភ្លេចប្រាប់ចំណុចខ្លាំងមួយពេលសម្ភាសន៍ចូលការងារដំបូង

1204

នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft លោក Satya Nadella ជាជនជាតិឥណ្ឌា-អាមេរិក បច្ចុប្បន្នមានវ័យ ៥០ ឆ្នាំ ហើយគាត់បានឡើងគ្រងដំណែងជា CEO របស់ Microsoft ក្នុងឆ្នាំ ២០១៤ បន្ទាប់ពីលោក Steve Ballmer

Satya Nadella មានប្រសាសន៍ថា កាលពីលោកមានអាយុ ២៥ ឆ្នាំ លោកបានចូលសម្ភាសន៍សម្រាប់ការងារមួយកន្លែង តែពេលកំពុងត្រូវបានគេសម្ភាសន៍ លោកបែរជាភ្លេចប្រាប់ពីចំណុចខ្លាំងមួយដែលធ្វើឱ្យលោកជោគជ័យដល់បច្ចុប្បន្ន នោះគឺ ការឆាប់យល់ពីអារម្មណ៍អ្នកដទៃ

Empathy ឬមានន័យជាភាសារខ្មែរថា ការយល់ពីចិត្តរបស់មនុស្សនៅជុំវិញខ្លួន គឺជាជំនាញមួយដែលអាចធ្វើឱ្យមនុស្សទទួលបានជោគជ័យក្នុងជីវិត ជាពិសេសថ្នាក់អ្នកដឹក។

ជំនាញនេះ លោក Satya និយាយថា មនុស្សគ្រប់រូបសុទ្ធតែមាន ប៉ុន្តែខ្លាំង ឬខ្សោយអាស្រ័យលើការយល់ដឹងផ្នែកអារម្មណ៍របស់មនុស្សម្នាក់ៗ។ លោកបន្តថា Empathy គឺមិនអាចគ្រាន់តែដឹង និងអភិវឌ្ឍទៅមុខបានតាមរយៈបំណកស្រាយដែលមាននៅក្នុងសៀវភៅតែម្យ៉ាងបាននោះទេ។ វាត្រូវការការអនុវត្តជាមួយស្ថានភាពជីវិតជាក់ស្តែង រហូតដល់អ្នកមានអារម្មណ៍ថាឆាប់យល់ពីចិត្តរបស់មនុស្សដែលនិយាយជាមួយអ្នក។

លើសពីនេះ “វាមិនមែនជាអ្វីៗដែលអ្នកអាចគ្រប់គ្រងបានដោយងាយនោះទេ។ ជាមួយរាល់កំហុសពីអតីតកាលដែលអ្នកបានប្រព្រឹត្តិ អ្នកនិងបង្កើនវិញ្ញាណដែលអាចយល់ពីជីវិតតាមរយៈភ្នែករបស់អ្នកដទៃ” លោក Nadella បាននិយាយដូច្នេះ។

រំលឹកដល់ពេលកំពុងត្រូវបានគេសម្ភាសន៍សម្រាប់ការងារ លោក Satya Nadella ត្រូវបានគេសួរសំណួរមួយថា តើលោកនឹងធ្វើយ៉ាងបើសិនជាឃើញក្មេងម្នាក់យំបន្ទាប់ពីដួលរួច? លោកបានគិតថានេះគ្រាន់តែជាសំណួរបញ្ឆោត ហើយលោកបានឆ្លើយដោយត្រង់ថាលោកនឹងហៅទូរសព្ទទៅកាន់ ៩១១ ប៉ុន្តែ ចម្លើយនេះបានធ្វើឱ្យ Satya Nadella ចាកចេញពីកន្លែងសម្ភាសន៍ទាំងមិនអស់ចិត្ត។

មុនចាកចេញ អ្នកសម្ភាសន៍បានប្រាប់ចម្លើយដល់គាត់ថា បើសិនជាអ្នកឃើញក្មេងម្នាក់យំបន្ទាប់ពីដួល អ្នកត្រូវលើកគេឡើងហើយឱបគេដោយភាពកក់ក្តៅ

នៅវ័យ ២៩ ឆ្នាំ លោក Satya បានប្រទះរឿងស្រដៀងគ្នាទាក់ទងនិងផ្នែកអារម្មណ៍ម្តងទៀត ដោយពេលនោះកូនប្រុសច្បងរបស់គាត់ Zain បានកើតមកមានជម្ងឺផ្នែកខួរក្បាលដែលអាចវិវឌ្ឍទៅជាជម្ងឺបាត់បង់អវៈយវៈចងចាំនៅក្នុងខួរក្បាលយ៉ាងធ្ងន់ធ្ងរ។

គាត់បានសួរហាក់ដូចជាទម្លាក់កំហុសដល់ខ្លួនឯងនិងមិនគូរឱ្យជឿថា ហេតុអ្វីរឿងនេះធ្លាក់លើគាត់និងកូនប្រុសរបស់គាត់?

ក្រោយពេលដែលកូនរបស់គាត់ Zain បានកើតចេញមករួចរាល់ គាត់បានទទួលស្គាល់ការពិត និងគិតថា វាជាពេលដែលគាត់ត្រូវតស៊ូ យល់ពីជីវិត និងធ្វើអ្វីដែលគាត់គួរធ្វើក្នុងនាមជាអាណាព្យាបាល។

Empathy ឬការយល់ពីចិត្តអ្នកដទៃ មិនមែនសំខាន់ត្រឹមតែជោគជ័យផ្ទាល់ខ្លួននោះទេ តែក្នុងមុខជំនួញ វាពិតជាចាំបាច់ខ្លាំងណាស់។

មនុស្សភាគច្រើនគិតថា ការយល់ពីអារម្មណ៍អ្នកដទៃ គឺជាអ្វីដែលអ្នកត្រូវមានសម្រាប់ជីវិតខ្លួនឯង ក្រុមគ្រួសារ និងមិត្តភកិ្ត ប៉ុន្តែធាតុពិត វាជាអទិភាពចម្បងនៅក្នុងវិស័យអាជីវកម្ម។ Satya Nadella

CEO របស់ក្រុមហ៊ុន Microsoft បានបន្ថែមទៀតថា Empathy អាចធ្វើឱ្យអ្នកក្លាយជាឪពុកម្តាយដ៏ល្អ និងជាដៃគូដ៏ពូកែ៕”

ប្រភព៖ cnbc

អត្ថបទដោយ៖ Ciel

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕