វិធីធ្វើឲ្យអាជីវកម្មខ្នាតតូចរបស់អ្នក កាន់តែជោគជ័យជាងពេលណាៗទាំងអស់

1542

តើអ្នកកំពុងតែមានអារម្មណ៍ថាអាជីវកម្មខ្នាតតូចរបស់អ្នកកំពុងតែរអាក់រអួល មិនអាចទៅដល់គោលដៅដែលអ្នកចង់បានមែនទេ?

មូលហេតុដែលមិនអាចទៅដល់គោលដៅមានច្រើន វាអាចដោយសារតែអ្នកជ្រើសរើសគោលដៅខុសតាំងពីដំបូង។ ម្ចាស់អាជីវកម្មខ្នាតតូចគ្រប់រូប តែងតែចង់ជោគជ័យ និងរកចំណូលបានច្រើន ប៉ុន្តែតើអ្នកអាចទទួលបានជោគជ័យនោះដោយចាប់ផ្តើមពីចំណុចណា?

ប្រសិនបើអ្នកចង់ឲ្យអាជីវកម្មខ្នាតតូចរបស់អ្នកអាចរកប្រាក់ចំណេញបានច្រើនជាងមុន ខាងក្រោមនេះគឺជាវិធីមួយចំនួនដែលគេហទំព័រ apamat.com ចង់ចែករំលែកជូនអ្នក ប៉ុន្តែអ្នកគួរចងចាំថា ការបង្កើតអាជីវកម្មមួយឲ្យជោគជ័យគឺប្រៀបបាននិងការរត់ប្រណាំង មិនមែនគ្រាន់តែធ្វើលេងៗនោះទេ។

១. ផ្តោតលើការផ្តល់សេវាកម្មជូនអតិថិជន

តាមការស្រាវជ្រាវរបស់ក្រុមហ៊ុន American Express ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិច បានរកឃើញថា អតិថិជនដែលមិនទិញ ឬក៏កម្មង់ទិញហើយលុបចោលវិញ មាន 78% គឺដោយសារតែកម្សោយនៃការផ្តល់សេវាកម្មជូនអតិថិជន។

ការផ្តល់សេចក្តីទុកចិត្តឲ្យអតិថិជន គឺងាយជាងការលក់ទៅទៀត តាមរយៈការបង្កើតកម្មវិធីផ្តល់សេវាកម្មជូនអតិថិជន។ ពិនិត្យមើលការផ្តល់សេវាកម្មរបស់អ្នកដល់អតិថិជន ថាវាកំពុងតែផ្តល់ឲ្យអតិថិជនល្អគ្រប់គ្រាន់ហើយរឺនៅ ឬក៏អន់ជាងគូប្រជែងរបស់អ្នក។ ប្រសិនបើអ្នករកឃើញថាវាអន់ជាងគូប្រជែង អ្នកត្រូវបង្វឹកបុគ្គលិករបស់អ្នកឡើងវិញ កែលក្ខណ្ឌមួយចំនួនចេញ ឬក៏អាចឧស្សាហ៍ខល និងផ្ញើរសារទៅអតិថិជនរបស់អ្នក។

២. ធ្វើឲ្យមនុស្សនិយាយសរសើរពីផលិតផល ឬសេវាកម្មរបស់អ្នកតៗគ្នា (Word of Mouth)

មិនថាអ្នករកស៊ីជាលក្ខណៈខ្នាតតូចក្នុងភូមិ ឬក៏ក្នុងក្រុងនោះទេ វិធីធ្វើទីផ្សារពីមាត់មួយទៅមាត់មួយគឺសំខាន់បំផុតសម្រាប់រាល់អាជីវកម្ម។ មនុស្សសម័យនេះចូលចិត្តស៊ើបមើលសិនថាផលិតផល ឬសេវាកម្មដែលពួកគេចង់ទិញ មានចំណុចល្អអ្វីខ្លះ តាមរយៈការសួរមិត្តភ័ក្រ និងមើល Review នៅលើទំព័រ Facebook។ ដូច្នេះការបង្កើតគេរិ៍ឈ្មោះល្អ គឺពិតជាសំខាន់ណាស់ក្នុងការរកស៊ី។

តើអ្នកអាចទទួលបានកេរិ៍ឈ្មោះល្អ អាចឲ្យគេនិយាយល្អពីអាជីវកម្មរបស់អ្នកដោយវិធីណា? អ្នកប្រាកដជាធ្លាប់ឃើញក្រុមហ៊ុនទាំងខ្នាតតូច មធ្យម និងធំ ធ្វើកម្មវិធីមនុស្សធម៌ដូចជាចែកអំណោយ បរិច្ចាកប្រាក់ជូនមន្ទីពេទ្យ បង្កើតកម្មវិធីបរិច្ចាកឈាម និងសកម្មភាពជួយសង្គមដទៃទៀត។ ទាំងនេះគឺដើម្បីសាងកេរិ៍ឈ្មោះល្អនេះឯង។ 

៣. បង្កើនសកម្មភាពធ្វើទីផ្សារ

ដូចដែលអ្នកបានដឹងរួចហើយថា ឥទ្ធិពលនៃការធ្វើទីផ្សារ គឺជាគន្លឹះនៃការបង្កើនការលក់ ប៉ុន្តែអ្នកមិនត្រូវប្រមូលលុយដែលមានទាំងប៉ុន្មាន យកមកចំណាយលើការធ្វើទីផ្សារនោះទេ។ មានវិធីធ្វើទីផ្សារដែលមិនសូវចំណាយច្រើនដូចជា៖

  • ប្រើកម្មវិធីបញ្ចុះតម្លៃ ឬក៏លក់ផ្កួបគ្នាជាមួយទំនិញផ្សេងទៀត (ឧទាហរណ៍ ទិញថ្នាំដុសធ្មេញ ថែមច្រាស់ដុសធ្មេញ)
  • ភ្ជាប់ពាក្យផ្សាយពានិជ្ជកម្មជាមួយវិក្កយបត្រ
  • ចូលរួមក្នុងកម្មវិធីជួបជុំម្ចាស់អាជីវកម្ម
  • ធ្វើកម្មវិធីមនុស្សធម៌ ឬកិច្ចការសង្គមផ្សេងៗ រួចហើយថតបង្ហោះលើទំព័រ Facebook ឬក៏ជួលគេហទំព័រពត៌មានល្បីៗឲ្យផ្សាយ
  • បង្កើតកម្មវិធីសិក្ខាសិលាដែលជាប់ពាក់ព័ន្ធនិងផលិតផល ឬសេវាកម្មរបស់អ្នក
  • អភិវឌ្ឍន៍ភាពជាដៃគូជាមួយអាជីវកម្មផ្សេងៗទៀត រួចហើយសហការគ្នាបង្កើតកម្មវិធីផ្សាយពានិជ្ជកម្មឲ្យគ្នាទៅវិញទៅមក
  • ផ្សាយលើបណ្តាញសង្គម (Instagram, Facebook, Twitter…)
  • ខលសួរនាំដោយផ្ទាល់ទៅកាន់អតិថិជន
  • បិទផ្ទាំងផ្សាយពានិជ្ជកម្មនៅលើយានជំនិះផ្ទាល់ខ្លួនរបស់អ្នក…។

៤. កាត់បន្ថយការចំណាយមិនចាំបាច់

អ្នកអាចកាត់បន្ថយការចំណាយដែលឥតប្រយោជន៍ចេញ ដើម្បីបង្កើនប្រាក់ចំណេញ។ ពិនិត្យមើលរបាយការណ៍ចំណាយរបស់អ្នក ប្រសិនបើរកឃើញការចំណាយណាដែលមិនចាំបាច់ អ្នកគួរតែលុបចោល ដូចជាការជួលការិយាល័យ ធានារ៉ាប់រង  ចំណាយលើប្រាក់ខែបុគ្គលិក និងការចំណាយឧបករណ៍ធ្វើដំណើរជាដើម។ នៅពេលដែលអ្នកចំណាយលើសម្ភារៈ ឬរបស់អ្វីមួយ អ្នកគួរសួររកការបញ្ជុះតម្លៃ ឬតថ្លៃ ឬដើរជ្រេតម្លៃសិនចាំទិញ។

 

៥. រកបុគ្គលិកថ្មីដែលពូកែៗ ហើយរក្សាបុគ្គលិកដែលពូកែនៅក្នុងក្រុមហ៊ុនស្រាប់

ការទាក់ទាញបុគ្គលិកឆ្នើមៗបន្ថែម និងរក្សាបុគ្គលិកឆ្នើមដែលមានស្រាប់ គឺជារឿងដែលសំខាន់បំផុតនៅក្នុងអាជីវកម្មដែលអ្នកអាចធ្វើបាន។ អាជីវកម្មជោគជ័យភាគច្រើន គឺដោយសារមានបុគ្គលិកឆ្នើមច្រើនធ្វើការ។

៦. ធ្វើកំណែទម្រង់គម្រោងអាជីវកម្មរបស់អ្នក

តើអ្នកបានសរសេរគម្រោង មុននិងបើកអាជីវកម្មដែររឺអត់? គម្រោងអាជីវកម្ម គឺជាចង្កៀងបំភ្លឺផ្លូវនាំអ្នកទៅរកគោលដៅដែលអ្នកចង់ទៅ លើសពីនេះវាអាចជួយធានាហានិភ័យបំណុលរបស់អ្នកបានទៀតផង។ 

ប្រសិនបើអ្នកមិនទាន់មានគម្រោងអាជីវកម្ម វាមិនទាន់ហួសពេលពេកនោះទេ។ អាជីវកម្មដែលជោគជ័យ ពួកគេតែងតែធ្វើកំណែទម្រង់គម្រោងអាជីវកម្មរបស់ពួកគេជារៀងរាល់ឆ្នាំ ដើម្បីពិនិត្យមើលសមិទ្ធផលដែលសម្រចបានពេញមួយឆ្នាំ និងដាក់គោលដៅថ្មីសម្រាប់ឆ្នាំថ្មីបន្តទៀត។ 

ចំណុចល្អនៃហិរញ្ញវត្ថុក្នុងអាជីវកម្មរបស់អ្នក គឺជាការសង្ខេបរបាយការណ៍ចំណូល ឬហៅថា (Income Statement), គម្រោងលំហូសាច់ប្រាក់ (Cashflow) និងតារាងតុល្យភាព (Balance Sheet) ដែលមាននៅក្នុងផ្នែកហិរញ្ញវត្ថុនៃគម្រោងអាជីវកម្មរបស់អ្នក។  ចាប់ផ្តើមពីចំណុចនេះ អ្នកអាចធ្វើការសម្រេចចិត្តថាតើត្រូវបង្កើនប្រាក់ចំណញដោយការបង្កើនការលក់ ឬក៏ត្រូវកាត់បន្ថយការចំណាយ ឬក៏ត្រូវធ្វើទាំងពីរ។ ប្រសិនបើអ្នកចង់ឲ្យអាជីវកម្មរបស់អ្នកជោគជ័យ អ្នកត្រូវមានគម្រោងដែលមានវិធីដើម្បីទៅដល់គោលដៅជោគជ័យនោះ។

៧. ទ្រព្យសម្បត្តិ គឺមិនមានប្រយោជន៍នោះទេ ប្រសិនបើអ្នកមានសុខភាពមិនល្អ

ការនៅក្នុងតែបន្ទប់ធ្វើការពេញមួយថ្ងៃដើម្បីតែការសម្រេចក្តីស្រមៃ គឺមិនល្អនោះទេ។ មានម្ចាស់អាជីវកម្មជាច្រើនកំពុងតែបំផ្លាញសុខភាពខ្លួនឯង ទំនាក់ទំនងក្នុងគ្រួសារ និងមិត្តភ័ក្រ ដោយសារតែចង់សម្រេចគោលដៅពេក។ 

អ្នកមិនគួរធ្វើបែបនេះទេ អ្នកគួរតែមានតុល្យភាពនៃការចំណាយពេលលើការងារ និងជីវិតផ្ទាល់ខ្លួន។ អ្នកអាចគិតមើលទៅថា ប្រសិនបើអ្នកអាចសម្រេចគោលដៅ តែអ្នកចាប់ផ្តើមឈឺ អ្នកបាត់បង់ការស្រលាញ់ពីគ្រួសារ និងមិត្តភ័ក្រ តើភាពជោគជ័យនេះមានន័យអ្វី? អ្នកគួរតែមានពេលគេងឲ្យបានគ្រប់គ្រាន់ មានពេលនៅជាមួយគ្រួសារ ជួបជុំមិត្តភ័ក្រ និងមានពេលហាត់ប្រាណជាប្រចាំអាចជួយអ្នកឲ្យមានសុខភាពល្អ ហើយវាទាំងនេះនិងធ្វើឲ្យអ្នកដឹកនាំអាជីវកម្មរបស់អ្នកកាន់តែជោគជ័យ និងបានយូអង្វែង។

៨. ធ្វើឲ្យឆ្នាំនេះ ក្លាយជាឆ្នាំដ៏អស្ចារ្យរបស់អ្នក

ប្រសិនបើមានរឿងមួយដែលខ្ញុំអាចស្នើរសុំអ្នកបាន ខ្ញុំចង់ឲ្យអ្នកដឹងថា “ភាពជោគជ័យគឺមិនមែនបានស្រាប់ៗនោះទេ”។ ប្រសិនបើអ្នកចង់ឲ្យអាជីវកម្មរបស់អ្នកកាន់តែជោគជ័យនៅក្នុងឆ្នាំនេះ អ្នកត្រូវបង្កើតការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីធ្វើឲ្យវាក្លាយជាការពិត។ 

ជីវិតគឺមិនមានន័យអ្វីនោះទេ ប្រសិនបើយើងមិនបានធ្វើអ្វីដែលយើងចង់ធ្វើ ប៉ុន្តែអ្វីៗដែលយើងចង់ធ្វើមិនមែនសុទ្ធតែត្រូវ និងជោគជ័យទាំងអស់នោះទេ។ ពេលខ្លះអ្វីៗគ្រប់យ៉ាងសុទ្ធតែល្អ ប៉ុន្តែមិនល្អតែរឿងមួយទេ គឺពេលវេលាមិនទាន់ល្អ ដូច្នេះវាត្រូវការឲ្យយើងចេះអត់ធ្មត់ និងរងចាំ តែពេលខ្លះយើងក៏ត្រូវហ៊ានប្រថុយខ្លះដែរ ប៉ុន្តែអ្វីៗគួរតែច្បាស់លាស់នៅពេលយើងសម្រេចចិត្តធ្វើអ្វីមួយ។ សង្ឃឹមថាឆ្នាំនេះ ជាឆ្នាំដ៏អស្ចារ្យរ បស់អ្នក!

អត្ថបទផ្សេងទៀតអំពីការធ្វើទីផ្សារ និងការលក់៖ https://apamat.com/category/យុទ្ធសាស្រ្តពង្រីកខ្លួ/

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។