ហេតុអ្វីអ្នកមានកាន់តែមាន អ្នកក្រកាន់តែក្រ?

4170

ឃ្លាមួយដែលអ្នកតែងតែលឺគឺ អ្នកមានកាន់តែមាន ចំណែកឯអ្នកក្រកាន់តែក្រទៅ។ មិនត្រឹមតែប៉ុណ្ណោះអ្នកនិយាយឃ្លាទាំងនេះតែងបន្ថែមថាអ្នកមានទាំងនោះលោភលន់ មិនចេះស្កប់ស្កល់ ហើយគាបសង្កត់អ្នកទន់ខ្សោយដើម្បីបានទ្រព្យទាំងនោះ។ ការពិតអ្នកមានទ្រព្យសម្បត្តិមួយចំនួនបានលុយមកពីការរកស៊ីមិនទៀងត្រង់ ប៉ុន្ដែភាគច្រើនគឺកើតឡើងដោយការខិតខំផ្ទាល់ខ្លួនរបស់គេ និងការចេះវិនិយោគលើចំណេះដឹងណាដែលអាចនាំអោយទ្រព្យរបស់គេកើនឡើងបាន។ គម្លាតរវាងអ្នកមាននៅទូទាំងពិភពលោកនឹងកាន់តែកើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ហើយខាងក្រោមនេះគឺជាហេតុផលដែលធ្វើអោយទ្រព្យរបស់ពួកគេកាន់តែកើនឡើង។

១. ទ្រព្យសម្បត្តិកើនឡើងជាស្វ័យគុណ៖
ឧទាហរណ៍បុគ្គល ក និង ខ មានទ្រព្យចំនួន ១ ម៉ឺនដុល្លា ដូចគ្នា។ បុគ្គល ក ដាក់ប្រាក់សន្សំដែលមានការប្រាក់ចំនួន ៣% រីឯ បុគ្គល ខ ដាក់ប្រាក់សន្សំដែលមានការប្រាក់ចំនួន ១២% ។ តាមពិតវាខុសគ្នាតែ ៤ ដងប៉ុណ្ណោះ តែបើមើល ២៤ ឆ្នាំក្រោយមក បុគ្គល ក មានប្រាក់ប្រហែល ២ ម៉ឺនដុល្លា ចំណែកឯបុគ្គល ខ មានប្រាក់រហូតដល់ ១៦ ម៉ឺនដុល្លា ដែលវាខុសគ្នារហូតដល់ ៨ ដង។ ២៤ ឆ្នាំបន្ដទៀត ប្រាក់របស់បុគ្គល ក កើនបាន ៤ ម៉ឺនដុល្លា តែប្រាក់របស់បុគ្គល ខ កើនឡើងរហូតដល់ ២.៥៦ លានដុល្លា។ នេះគឺជាហេតុផលដែលទ្រព្យសម្បត្តិរបស់អ្នកមានកាន់តែកើនឡើងច្រើនទៅៗ តែមានមនុស្សមួយចំនួនចោទប្រកាន់អ្នកមានគ្រប់បែបយ៉ាង ប៉ុន្ដែគេមិនដែលយកខួរក្បាលមកគិតឬប្រដាប់គិតលេខមកគណនាឡើយ ដែលនេះគ្រាន់តែជាការគណនាសាមញ្ញប៉ុណ្ណោះ។ 

២. ការគិតរយៈពេលវែងឆ្ងាយ៖
លោក Warren Buffet នៅអាយុ១៩ឆ្នាំមានប្រាក់ ១ ម៉ឺនដុល្លា។ នៅអាយុ៣២ឆ្នាំគាត់មានប្រាក់ ១ លានដុល្លា ហើយនៅអាយុ៤០ឆ្នាំគាត់មានប្រាក់ប្រហែល ៣៤ លានដុល្លា តែនៅឆ្នាំបន្ទាប់ទ្រព្យគាត់ធ្លាក់មកនៅ ១៩លានដុល្លាដោយសារតែបញ្ហាសេដ្ឋកិច្ចពិភពលោក។ មនុស្សភាគច្រើនប្រសិនបើបាត់បង់ប្រាក់ ១៥លានដុល្លានោះពួកគេនឹងព្រួយបារម្មណ៍ ឈប់វិនិយោគ ឬធ្វើអ្វីទាំងអស់ ហើយដកប្រាក់មកទុក ប៉ុន្ដែលោក Warren Buffet ជឿជាក់លើគម្រោងជំនួញរបស់ខ្លួនដោយមិនតក់ស្លុតឡើយ។ នៅប៉ុន្មានឆ្នាំបន្ទាប់ ទ្រព្យរបស់លោកកើនឡើងបាន ៦៧លានដុល្លា ហើយនៅអាយុ៥៦ឆ្នាំគាត់មានប្រាក់ ១ពាន់លានដុល្លា និងសព្វថ្ងៃនេះគាត់មានប្រាក់ ៨១ពាន់លានដុល្លា។ ពេលខ្លះសេដ្ឋកិច្ចតែងតែមានការធ្លាក់ចុះប៉ុន្ដែវាគង់តែនឹងវិលមករកភាពប្រសើរឡើងវិញទេ ដូចនេះយើងត្រូវជឿជាក់លើគម្រោងរកស៊ីរបស់យើងផងដែរ ដោយមិនចេះតែជឿតាមគេដែលអាចនាំអោយខូចផែនការរបស់យើងទេ។

៣. តាំងចិត្តនៅជាមួយក្រុមហ៊ុន ឬជំនួញរបស់យើង៖
ប្រសិនបើអ្នកធ្វើការនៅក្រុមហ៊ុន ចូរកុំផ្លាស់ប្ដូរកន្លែងការងារញឹកពេកព្រោះតែកន្លែងថ្មីទទួលបានប្រាក់ខែច្រើនជាងមុន តែយើងត្រូវមើលថាតើក្រុមហ៊ុននោះលើកទឹកចិត្តបុគ្គលិកណាដែលខិតខំធ្វើការ ហើយតម្លើងតំណែងអោយដែរឬទេ។ បើក្រុមហ៊ុននោះមានគោលការណ៍បែបនេះ អ្នកគួរតែខិតខំធ្វើការសាងកេរ្តិ៍ឈ្មោះជាមួយក្រុមហ៊ុននោះដើម្បីឋានៈក្នុងក្រុមហ៊ុន ដែលនេះគឺជាហេតុផលមួយដែលអាចអោយអ្នករកបានចំនូលច្រើនជាងមុន និងមានឱកាសកាន់តែច្រើន។ សម្រាប់ជំនួញគឺបានបកស្រាយនៅចំនុចទី២។ 

៤. មានជំនាញមួយច្បាស់លាស់៖
អ្នកអានទាំងអស់មិនប្រាកដថាចង់ក្លាយទៅជាអ្នកជំនួញ គ្រប់គ្នាឡើយ ដូចនេះប្រសិនបើចង់រកចំណូលច្រើនអ្នកគួរតែចេះនូវជំនាញណាមួយដែលច្បាស់លាស់ មិនថាជាជំនាញខាងលក់ ទីផ្សារ គណនេយ្យ ហិរញ្ញវត្ថុ ឬធ្វើម្ហូបនោះទេ ប្រសិនបើអ្នកចេះជំនាញណាមួយជាក់លាក់ នោះអ្នកនឹងអាចរកចំណូលបានច្រើនជាងអ្នកដែលមានជំនាញច្រើនតែមិនប្រាកដប្រជា។ ទោះបីជាអ្នកទៅធ្វើការអោយគេក៏ត្រូវបានគេអោយតម្លៃខ្ពស់ និងមានក្រុមហ៊ុនដណ្ដើមយកអ្នកទៅចូលរួមក្រុមហ៊ុនគេ។ នៅក្នុងសម័យនេះអ្នកអាចរៀនបានជំនាញជាច្រើនដែលមាននៅលើអ៉ីនធើណេត និងចំណាយតិចមែនទែន។ 

៥. ទំនាក់ទំនង៖
នៅពេលមានឧ៌កាសទៅចូលរួមកម្មវិធីទំនាក់ទំនងគ្នាណាមួយដែលទាក់ទងច្រើនទៅនឹងការធ្វើជំនួញ ឬកម្មវិធីបណ្ដុះបណ្ដាល
ខ្លីៗ (workshop) អ្នកគួរតែទៅចូលរួមដើម្បីស្គាល់ពីសង្គមនៃការធ្វើជំនួញ ឬអាចស្គាល់អ្នកជំនួញម្នាក់ឬច្រើននាក់នៅក្នុងកម្មវិធីនោះទៀតផង។ ទំនាក់ទំនងមនុស្សគឺតគ្នា ដូចនេះបើអ្នកស្គាល់នរណាម្នាក់ដែលធ្វើជំនួញ គេក៏អាចណែនាំអ្នកអោយទៅស្គាល់អ្នកជំនួញដទៃទៀតដែរ។ ពេលដំបូងអ្នកគិតថាគ្មានប្រយោជន៍ ប៉ុន្ដែនៅពេលធ្វើជំនួញអ្នកប្រាកដជាត្រូវការគ្នាដើម្បីទិញលក់ផលិតផលឬចាប់ដៃវិនិយោគ មិនត្រឹមតែប៉ុណ្ណោះពួកគេក៏អាចបង្រៀនអ្នកពីយុទ្ធសាស្ដ្រល្អៗក្នុងការធ្វើជំនួញហើយអ្នកក៏ចេះបណ្ដុះនូវគំនិតបែបរកស៊ីដូចពួកគេផងដែរ។ ប្រសិនបើកំពុងសិក្សា អ្នកត្រូវចេះសម្លឹងរកមើលមិត្តភក្តិណាដែលចូលចិត្តខាងជំនួញ និងរក្សាមិត្តភាពនោះព្រោះថាពេលណាមួយអ្នកអាចនឹងចាប់ដៃគ្នារកស៊ីបាន។

៦. ចេះប្រើមនុស្ស៖                                                                                                             អ្នកអាចធ្វើការបានច្រើនបំផុតគឺ ២៤ម៉ោងក្នុងមួយថ្ងៃ ប៉ុន្ដែអ្នកមានគេចេះប្រើមនុស្សរាប់រយ រហូតដល់រាប់ពាន់នាក់ដើម្បីធ្វើការអោយគេបានរាប់ពាន់ម៉ោងក្នុងមួយថ្ងៃ។ ដូចនេះអ្នកត្រូវចេះរៀនប្រើមនុស្សអោយធ្វើការណាដែលអាចរកផលប្រយោជន៍ដល់អ្នកបាន ដោយចាប់ពីម្នាក់ឡើងទៅដល់ច្រើនអ្នក នោះអ្នកប្រាកដជាក្លាយទៅជាអ្នកមាន ហើយកាន់តែមានមិនខាន៕ ស៉ី

ប្រភព៖ Valuetainment

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។