7 ចំណុចដែលបង្ហាញថាអ្នកនឹងជោគជ័យនាពេលអនាគត

1843

អ្នកអាចសង្កេតមើលបុគ្គលដែលជោគជ័យតាមរយៈ៧ចំនុចដូចខាងក្រោម ហើយប្រសិនបើអ្នកចង់ជោគជ័យដូចពួកគេ អ្នកគួរតែសិក្សាស្វែងយល់និងធ្វើសកម្មភាពដូចគេផងដែរ។

១. ចូលចិត្តប្រកួតប្រជែង៖ ក្នុងការរកស៊ី មានតែការប្រកួតប្រជែងប៉ុណ្ណោះដែលអាចអោយយើងជោគជ័យបាន ហើយបើអ្នកគឺជាមនុស្សបែបនេះ អ្នកនឹងមានប្រៀបជាងអ្នកដទៃ។ តាមការសង្កេតមើលមិនថាក្នុង កីឡា ការសិក្សា និយាយរួមគឺស្ទើរតែគ្រប់ជំនាញទាំងអស់ អ្នកដែលទទួលបានលទ្ធផលល្អជាងគេគឺអ្នកចូលចិត្តការប្រកួតប្រជែង និងយកគំរូតាមអ្នកដែលខ្លួនយល់ថាខ្លាំងពូកែ។

២. តែងតែបញ្ចប់ការងារបានទាន់ពេល៖ អ្នកចូលចិត្តបញ្ចប់ការងារណាមួយមុននឹងឈប់។ អ្នកអាចសង្កេតមើលខ្លួនឯងតាមរយៈការអានសៀវភៅ ប្រសិនបើអ្នកអានតែប៉ុន្មានទំព័រដំបូងទុកចោល ហើយចូលចិត្តទិញសៀវភៅមកគរទុកចោល នោះអ្នកគួរតែកែប្រែទម្លាប់នេះ ព្រោះវាបង្ហាញថាអ្នកជាមនុស្សមិនសូវចូលចិត្តធ្វើអ្វីអោយចប់ចុងចប់ដើម មុននឹងចាប់ផ្ដើមការងារថ្មី។ 

៣. ស្ថិតនៅក្នុងក្រុមមនុស្សដែលជោគជ័យ៖ ទោះបីជាពួកគេជោគជ័យជាងអ្នកក៏ដោយ មុននឹងក្រោយអ្នកក៏នឹងជោគជ័យតាមគ្នាដែរ។ ហើយនេះគឺជាការសង្កេតរបស់លោក Jim Rohn ដែលជាមហាសេដ្ឋីអាមេរិចដោយគាត់និយាយថា “អ្នកគឺជាមធ្យមភាគរបស់មនុស្សទាំង៥ដែលអ្នកចំណាយពេលនៅជាមួយច្រើនជាងគេ”។ ដូចនេះអ្នកគួរចំនាយពេលវេលារបស់អ្នកជាមួយបុគ្គលជោគជ័យអោយបានច្រើនដើម្បីរៀនសូត្រនិងស្ដាប់យោបល់របស់ពួកគេ។ 

៤. ចូលចិត្តគិតនិងវិភាគពីការរកស៊ី៖ ទោះបីជាពេលរៀបនឹងចូលដេកក៏ដោយ តែអ្នកនៅតែគិតពីនេះពីនោះ អំពីការរកស៊ីថ្មីៗ ឬគិតអំពីការរកដើមទុនមកបង្កើតអាជីវកម្ម។ អ្នករៀបចំគម្រោងនៅក្នុងខួរក្បាលដើម្បីធ្វើសកម្មភាពណាមួយ ឬទៅសួរយោបល់ពីបុគ្គលណាម្នាក់ដែលធ្លាប់មានបទពិសោធន៍…ហើយអ្នកតែងតែលួចស្រមៃមើលនិងមានអារម្មណ៍រំភើបអំពីការជោគជ័យដោយសារគំនិតជំនួញទាំងនោះ។ អ្នកអានទាំងអស់គ្នាក៏ប្រហែលជាធ្លាប់មានពេលវេលាបែបនេះដែរ។

៥. បុគ្គលជោគជ័យសរសើរអ្នក៖ ប្រសិនបើបុគ្គលមានបទពិសោធន៍ក្នុងជំនួញ ឬជោគជ័យក្នុងការងារ កោតសរសើរអ្នកពីការខិតខំប្រឹងប្រែង នោះអ្នកមានភាគរយជោគជ័យខ្ពស់ ព្រោះការនិយាយរបស់ពួកគាត់គឺកើតឡើងពីបទពិសោធន៍យូរឆ្នាំរបស់គាត់ក្នុងការធ្វើការនិងរកស៊ីជាមួយបុគ្គលជោជ័យផ្សេងៗទៀត។

៦. ចូលចិត្តរៀនអ្វីដែលថ្មី៖ អ្នកតែងចំណាយពេលអានឬរៀនសូត្រពីអ្នកដទៃនូវចំណេះដឹង និងជំនាញណាដែលមានប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍ខ្លួន។ 

៧. មានការព្យាយាមខ្ពស់៖ នៅពេលដែលអ្នកចង់បានរបស់អ្វីមួយ អ្នកតែងតែព្យាយាមយកអោយបាននូវរបស់នោះ។ នេះគឺជាអត្តចរិតមួយរបស់បុគ្គលជោគជ័យទូទាំងពិភពលោក ដោយពួកគេមិនព្រមឈប់ធ្វើឡើយទាល់តែគេអាចយកបាន ឬសម្រេចនូវគោលដៅណាមួយ៕

ប្រភព៖ Valuetainment

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។