កត្តាដែលធ្វើអោយ ប្រោនកាហ្វេ នៅតែខ្លាំង

40

សព្វថ្ងៃនេះយើងឃើញថាហាងកាហ្វេកាន់តែរីកច្រើនដូចផ្សិតនៅសឹងតែគ្រប់ផ្លូវសំខាន់ៗក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តធំៗមួយចំនួន។ មិនត្រឹមតែម៉ាករបស់ពាណិជ្ជករក្នុងស្រុកប៉ុណ្ណោះទេ សូម្បីតែម៉ាកល្បីៗបរទេសដូចជា Starbucks ឬ Amazon ក៏ប្រឹងប្រជែងគ្នាបើកសាខាថ្មីផងដែរ។ ប្រោនកាហ្វេ (Brown Coffee) គឺជាហាងកាហ្វេមួយដ៏ល្បីនៅក្នុងប្រទេសយើង ហើយក៏ជាកន្លែងដែលសមាជិករបស់ Apamat ជ្រើសយកសម្រាប់ការពិភាក្សាការងារ ឬជួបជុំគ្នានាពេលទំនេរជាដើម។ បច្ចុប្បន្ន ប្រោនកាហ្វេ នៅរាជធានីភ្នំពេញមានចំនួន ១៧ សាខា និង នៅក្រុងសៀមរាបមានចំនួន ២ សាខា។  ថ្ងៃនេះ Apamat សូមវិភាគពីចំនុចខ្លាំងរបស់ ហាងកាហ្វេ ប្រោន (Brown) ដែលអាចឈរជើងប្រកួតប្រជែងនឹងហាងកាហ្វេល្បីៗបរទេសបាន។ 

១. គុណភាព
យើងទទួលស្គាល់ថា កាហ្វេ ភេសជ្ជៈ និង អាហារ របស់ប្រោនពិតជាមានគុណភាព និងឆ្ងាញ់ ដែលអាចប្រកួតប្រជែងជាមួយនឹងម៉ាកបរទេស ដូចជា Starbucks ជាដើម។ ចំណែកឯតម្លៃក៏មានលក្ខណៈប្រកួតប្រជែងផងដែរ។

២. ផាសុខភាព
ក្នុងហាងរបស់ប្រោននីមួយៗសុទ្ធតែផ្ដល់នូវផាសុខភាពនិងភាពងាយស្រួល ដល់អតិថិជនគ្រប់ៗរូប។ ការរចនាគឺមានលក្ខណៈបែបខ្មែរ លាយលោកខាងលិច រីឯកន្លែងធំទូលាយ ងាយស្រួលក្នុងការអង្គុយ ក៏ដូចជាការពិភាក្សាការងារ ឬជំនួញ ដែលមិនរំខានដល់ភ្ញៀវដទៃទៀត។

៣. សេវាកម្ម
ចំនុចនេះក៏សំខាន់ផងដែរព្រោះបើទោះជាផលិតផលមានគុណភាពយ៉ាងណាក៏ដោយ បើការបម្រើសេវាកម្មមិនល្អក៏គ្មានអ្នកគាំទ្រដែរ។ បុគ្គលិកជាទូទៅមានភាពរួសរាយរាក់ទាក់ យកចិត្តទុកដាក់ចំពោះអតិថិជន ចំណែកឯការរៀបចំរចនាសម្ព័ន្ធការងារក៏ច្បាស់លាស់ ដោយមានអ្នកមើលការខុសត្រូវ អ្នកបម្រើអតិថិជន និង អ្នកឆុងកាហ្វេជាដើម។

៤. ទីតាំង
ទីតាំងរបស់ប្រោនទាំងអស់គឺសុទ្ធតែនៅទីតាំងសំខាន់ៗដែលងាយស្រួលរក និងនៅក្នុងបណ្ដុំអាជីវកម្មដទៃទៀត ដែលផ្ដល់ភាពងាយស្រួលដល់អតិថិជនក្នុងការចូលញុំកាហ្វេ ឬដើរទិញទំនិញផ្សេងទៀត ដោយមិនចាំបាច់ជិះទៅជិះមក។ ក្រៅពីនេះកន្លែងចតឡានម៉ូតូក៏ធំគ្រាន់បើ និងមានអ្នកនៅចាំថែរក្សាយានយន្ដរបស់អតិថិជន។ 

៥. ជាស្នាដៃរបស់ខ្មែរ
ចំនុចពិសេសចុងក្រោយគឺដោយសារតែ ប្រោនកាហ្វេ គឺស្នាដៃបង្កើតឡើងរបស់ពាណិជ្ជករខ្មែរតាំងតែពីឆ្នាំ ២០០៩ មកម្ល៉ោះ ហើយយើងអាចនិយាយបានថា មកដល់ពេលនេះក៏មានអ្នកគាំទ្រមិនក្រោមមុឺននាក់ឡើយ។ ដោយសារតែនេះជាស្នាដៃរបស់ខ្មែរអញ្ចឹងហើយទើប អតិថិជនចូលចិត្តគាំទ្រជាងម៉ាករបស់បរទេស ដែលពួកគាត់មិនត្រឹមតែទទួលបានភេសជ្ជៈ និងអាហារឆ្ងាញ់ប៉ុណ្ណោះទេ ពួកគាត់ថែមទាំងជួយលើកទឹកចិត្ត និងបង្កើតការងារដល់ខ្មែរយើងទៀតផង៕

* បញ្ជាក់៖ រាល់រូបភាពទាំងអស់គឺជាកម្មសិទ្ធរបស់ ប្រោនកាហ្វេ

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។