គំនិតអាជីវកម្មល្អៗចំនួន ៤ សម្រាប់អ្នកដែលចូលចិត្តដើរលេង 

4609

អ្នកប្រហែលជាធ្លាប់ឃើញជនបរទេសបង្ហោះវីឌីអូដើរកំសាន្តនៅកម្ពុជា ពួកគេរកចំណូលបានយ៉ាងច្រើនដោយគ្រាន់តែថតហើយបង្កើតជាវីឌីអូបង្ហោះនៅក្នុងយូធូប។ វីធីមួយទៀត អ្នកប្រហែលជាធ្លាប់ឃើញវីឌីអូដែលថតនៅតាមរម្មណីយដ្ឋានផ្សេងៗដែលត្រូវបានគេបង្ហោះចូលក្នុង Facebook ដោយផេកទាំងនោះរកចំណូលពីការជួលឲ្យទៅថតនៅកន្លែងកម្សាន្តទាំងនោះ ឬក៏មានក្រុមហ៊ុនឧបត្ថម្ភក្នុងកម្មវិធីរបស់ពួកគេ ឲ្យតែផេករបស់ពួកគេមានអ្នក likes ច្រើន ហើយសារព័ត៌មានធំៗក្នុងស្រុកយើងមួយចំនួនក៏រកចំណូលពីផ្នែកនេះដែរ។ ប៉ុន្តែវាមិនទាន់អស់នោះទេ នៅមានវិធីជាច្រើនទៀតដែលអ្នកអាចរកចំណូលពីការដើរលេង ជាពិសេសសម្រាប់អ្នកដែលចូលចិត្តដើរលេងតែម្តង។

១. សរសេរអត្ថបទពីការដើរកំសាន្តរបស់អ្នក រួចហើយបង្ហោះចូលក្នុងគេហទំព័រផ្ទាល់ខ្លួន

ថ្មីៗនេះ ខ្ញុំឃើញមានគេហទំព័រដែលផ្សាយផ្តោតលើដំណើរកំសាន្តនៅក្នុងស្រុកខ្មែរ។ កិច្ចការនេះ វាមិនពិបាកពេក ហើយក៏មិនស្រួលពេកដែរ ព្រោះថាវាទាមទារឲ្យអ្នកសរសេររៀបរាប់ពីបទពិសោធន៍ និងទីកន្លែងដែលអ្នកបានទៅ។ វានឹងពិបាកប្រសិនបើអ្នកមិនចូលចិត្តសរសេរ ឬតាក់តែងអត្ថបទ ប៉ុន្តែអ្នកអាចរៀនបាន។ ចំណែកការងារផ្សេងទៀតគ្រាន់តែថតរូប ហើយបើចេះថតវីឌីអូទៀតរឹតតែល្អ។ 

និយាយពីចំណូលវិញ អ្នកអាចរកពីការដាក់ផ្ទាំងផ្សាយពាណិជ្ជកម្មលើគេហទំព័ររបស់អ្នក ឬក៏ភ្ជាប់ជាមួយ Instant Article របស់ Facebook ក៏បាន ឬរកបានពី Youtube ប្រសិនបើអ្នកផលិតវីឌីអូ ។ ប្រសិនបើអ្នកសរសេរបានល្អ ថតរូបបានស្អាត ហើយចេះរើសកន្លែងដើរកំសាន្តដែលទាក់ទាញទៀត អ្នកប្រាកដជារកចំណូលបានកាន់តែច្រើន។ ម្យ៉ាងវិញទៀត មុខរបរនេះ អ្នកមានឯករាជ្យពេញលេញ អាចធ្វើពេលណាក៏បាន នៅកន្លែងណាក៏បាន ហើយមិនបាច់ឈឺក្បាលចុះច្បាប់បញ្ចី និងបង់ពន្ធទៀត ព្រោះវាគ្រាន់តែជាគេហទំព័រផ្ទាល់ខ្លួន។ មានអ្វីពិសេសជាងនេះជាច្រើនទៀតក្នុងមុខរបរនេះ ដូចជាបានគេង បានញាំដោយឥតគិតថ្លៃទៀតផងដែរ រាល់ពេលអ្នកត្រូវបានគេហៅឲ្យថត ឬសរសេរផ្សាយអំពីកន្លែងណាមួយ។ ឧទាហរណ៍ថា អ្នកសរសេរណែនាំពីកន្លែងរីស៊តមួយ ដូច្នេះបើអ្នកជូនដំណឹងទៅខាងរីស៊តនោះថាអ្នកជាម្ចាស់គេហទំព័រណែនាំកន្លែងកំសាន្តទុកជាមុន ខាងរីស៊តនឹងរៀបចំជូនអ្នកជាពិសេស ព្រោះថាអ្នកក៏អាចជួយផ្សាយពីកន្លែងរបស់ពួកគេផងដែរ។  

២. ធ្វើជាអ្នកសរសេរអត្ថបទដំណើរកំសាន្ត

វាស្រដៀងគ្នានឹងគំនិតអាជីវកម្មទីមួយខាងលើ ប៉ុន្តែខុសគ្នាត្រង់លេខពីរនេះ មិនប្រើគេហទំព័រនោះទេ។ របរប្រភេទនេះ អាចល្អសម្រាប់អ្នកចូលចិត្តតាក់តែង និងចូលចិត្តភាពស្ងប់ស្ងាត់ ហើយអាចរកចំណូលពីការសរសេរអត្ថបទឲ្យសារព័ត៌មាននានា និងជាពិសេសបើអ្នកមិនមានទុនចំណាយលើការបង្កើតគេហទំព័រ ឧបករណ៍ និងធ្វើទីផ្សារ អ្នកអាចចាប់ផ្តើមសរសេរយកចំណូលសិនតាមរយៈការសរសេរឲ្យអ្នកដែលមានគេហទំព័រ ឬសរសេរឲ្យទស្សនាវដ្តីកំសាន្តជាដើម។

៣. ធ្វើជាអ្នកប្រឹក្សាអំពីការធ្វើដំណើរកំសាន្ត

ខុសពីភ្នាក់ងារនាំភ្ញៀវដើរកំសាន្ត អ្នកប្រឹក្សាធ្វើការជាមួយតែនរណាដែលមានបញ្ហាជាមួយនឹងការធ្វើដំណើរកំសាន្តរបស់ពួកគេប៉ុណ្ណោះ។ អ្នកអាចរកចំណូលពីការប្រឹក្សាយោបល់ ដោយយោងលើបទពិសោធន៍ និងជំនាញរបស់អ្នកក្នុងនាមជាអ្នកដើរលេងអាជីព។ ឧទាហរណ៍ថា មានគេចង់ទៅលេងខេត្តប៉ៃលិន ប៉ុន្តែគេមិនសូវស្គាល់កន្លែងដើរលេងច្រើន ដូច្នេះអ្នកអាចណែនាំប្រាប់អតិថិជនថានៅខេត្តប៉ៃលិនមានកន្លែងណាដើរលេងខ្លះ ត្រូវការយកអ្វីទៅខ្លះ ហើយគួរស្នាក់នូវផ្ទះសំណាក់ ឬសណ្ឋាគារណាដែលមានសេវាល្អ តម្លៃសមរម្យ គួរចូលទទួលទានអាហារនៅកន្លែងណាឆ្ញាញ់ជាដើម។ ប្រសិនបើប្រឹក្សាសម្រាប់អតិថិជនដែលទៅលេងក្រៅប្រទេស អ្នកអាចណែនាំបន្ថែមពីច្បាប់ទំលាប់ ប្រពៃណី វប្បធម៌ និងរបៀបរបបរស់នៅជាដើម។  ប្រសិនបើអ្នកយកគំនិតនេះទៅបូកចូលក្នុងគំនិតអាជីវកម្មទីមួយ អ្នកនឹងកាន់តែមានប្រភពចំណូលច្រើន។ 

៤. ធ្វើជាភ្នាក់ងារនាំភ្ញៀវដើរកំសាន្ត

ខុសពីគំនិតអាជីវកម្មទីបី ដោយសារការធ្វើជាភ្នាក់ងារនេះ អ្នកអាចរកចំណូលពីប្រាក់ខែដែលអ្នកធ្វើការឲ្យក្រុមហ៊ុននាំភ្ញៀវដើរកំសាន្ត ដោយប្រើបទពិសោធន៍ដែលអ្នកធ្លាប់ឆ្លងកាត់ពីការដើរកំសាន្តដោយខ្លួនផ្ទាល់។ ប៉ុន្តែប្រសិនបើអ្នកមិនចង់ធ្វើការឲ្យគេ អ្នកក៏អាចយកបទពិសោធន៍ដើរលេងរបស់អ្នក ធ្វើជាភ្នាក់ងារនាំភ្ញៀវដើរលេងបានដែរ។ ក្រៅពីនាំភ្ញៀវដើរលេង​ អ្នកក៏អាចទាញចំណូលពីសេវាកម្មផ្សេងទៀតផងដែរ ដូចជារកលុយទឹកតែពីសណ្ឋាគារដែលអ្នកនាំភ្ញៀវទៅស្នាក់នៅ ឬកន្លែងកំសាន្តនានា។ សេវាកម្មរត់ឯកសារពាក់ព័ន្ធ ក៏អាចទាញចំណូលពីវាបានដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។