ប្រវិត្តិ និងដំណើរជោគជ័យរបស់ម្ចាស់ក្រុមហ៊ុនផលិតរឿងតុក្កតាដ៏ល្បី Walt Disney

870

Walt Disney គឺជាបុគ្គលដែលមានគំនិតច្នៃប្រឌិតមួយរូបក្នុងចំណោមបុគ្គលជោគជ័យផ្សេងទៀតដែលបានប្រែក្លាយក្តីសុបិន្តរបស់ខ្លួនឱ្យទៅជាការពិត។ នៅថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ១៩២៣ Walt Disney និងបងប្រុសរបស់គាត់ Roy O. Disney បានរួមគ្នាបង្កើតក្រុមហ៊ុនផលិតខ្សែភាពយន្តមួយឈ្មោះ ‘The Walter Disney Company’ ដែលមនុស្សទូទៅស្គាល់ថា ‘Disney’និងជាក្រុមហ៊ុនដែលរកចំណូលបានច្រើនជាងគេបំផុតលើលោកទី ២ បន្ទាប់ពី Netflix នាពេលបច្ចុប្បន្ន។ តទៅនេះ គឺជាដំណើរចាប់ផ្តើមជីវិតរបស់ Walt Disney និងការសម្រេចក្តីស្រម៉ៃរបស់លោកការបង្កើតក្រុមហ៊ុនផលិតរឿងតុក្កតាដ៏ល្បីល្បាញបំផុតមួយនេះ។

ជីវិតក្នុងវ័យកុមារភាពរហូតដល់សង្រ្គាមលោកលើកទី

លោក Walt Disney បានកើតនៅថ្ងៃទី ៥ ខែ ធ្នូរ ឆ្នាំ ១៩០១ ក្នុងគ្រួសារត្រកូល Disney ដែលមានឪពុករបស់គាត់ឈ្មោះ Elias Charles Disney និង Flora Call Disney។ កាលពីតូច ការសិក្សារបស់កុមារា Walt បានរងការរំខានជាញឹកញាប់ដោយសារការផ្លាសប្តូរទីលំនៅជាបន្តបន្ទាប់របស់គ្រួសារគេ ដែលប្តូរទីតាំងពី Chicago ទៅកាន់ Missouri និងក្រោយមកទៀតទៅកាន់រដ្ឋ Kansas សហរដ្ឋអាមេរិក។ Walt ធ្លាប់ធ្វើជាធ្លាប់ជាក្មេងលក់កាសែតនៅតាមចិញ្ចើមថ្នល់ដើម្បីរកប្រាក់មកទ្រទ្រង់គ្រួសារ ដែលធ្វើឱ្យគេមិនបានសាលារៀនទៀងទាត់។ រហូតដល់រដូវស្លឹកឈើជ្រុះ ឆ្នាំ ១៩០៩ ទើបគេហើយប្អូនស្រីឈ្មោះ Ruth Flora Disney បានចូលរៀនដូចក្មេងធម្មតានៅសាលា Park School of Marceline

ពេលទំនេរ កុមារា Walt ចូលចិត្តទៅលេងនៅសាលមហោស្រពដើម្បីរៀនសម្តដែងល្ខោន។ តួសម្តែងដែលធ្វើឱ្យ Walt Disney ចាប់អារម្មណ៍ខ្លាំងបំផុតគឺតារាកំប្លែងស្ងួត Charlie Chaplin (ហៅក្រៅថា តាសាក់ឡូ) ហើយគេស្រលាញ់ការគូរូបណាស់ ជាពិសេសគឺរូបត្លុកកំប្លែង។

នៅអាយុ ១៦ ស្របពេលដែលអាមេរិកបានចូលប្រឡូកក្នុងសង្គ្រាមលោកលើទី ១ (ចាប់ផ្តើមពីថ្ងៃទី ២៨ កក្កដា ១៩១៤ និងបញ្ចប់ទៅវិញនៅថ្ងៃទី ១១ វិច្ឆិកា ១៩១៨) Walt Disney បានបង្ហាញពីឆន្ទៈស្នេហាជាតិ និងសុំបម្រើខ្លួនជាកងទ័ព ប៉ុន្តែត្រូវបានបដិសេធពីព្រោះតែគេមានវ័យក្មេងពេក។ ដោយស្មារតីជាតិនិយមខ្លាំង Walt បានចូលរួមក្នុងអង្គភាពកាកបាទក្រហមជាអ្នកបើឡានសង្រ្គោះ ដើម្បីបម្រើប្រទេសរបស់គេដែលកំពុងធ្វើសង្រ្គាម។

ដំណើរឆ្ពោះទៅរកជោគជ័យក្នុងជីវិត

Walt Disney តែងបង្ហាញពីក្តីស្រលាញ់ចង់ធ្វើជាអ្នកសម្ដែងមួយរូប ប៉ុន្តែក្រោយមក គាត់បែរជាចូលចិត្តគូសរូបកំប្លែងបែបពាក់ព័ន្ធនិងនយោបាយ និងរូបគំនូរអាក្រាតកាយនៅលើទំព័រកាសែត។ បន្ទាប់មក បងប្រុសរបស់គាត់ Roy Disney បានផ្តល់ការងារដល់គាត់នៅក្នុងស្ថានីយ Presmen Rubun Art Studio ដែលគាត់អាចសរសេរផ្ទាំងពាណិជ្ជកម្មសម្រាប់កាសែត ទស្សនាវដ្ដី និងសម្រាប់រោងភាពយន្ត។ នៅឯស្ថានីយសិល្បៈនោះ Walt បានជួបនិងវិចិត្រករគូសរូបកំប្លែងមួយរូបឈ្មោះ Ubbe Iwerks ហើយបានសហការគ្នាបង្កើតក្រុមហ៊ុនផលិតភាពយន្តខ្នាតខ្លីមួយឈ្មោះ Iwerks-Disney Commercial Artists

ក្រោយមកទៀត Walt Disney បានបង្កើតក្រុមហ៊ុនគំនូរជីវចលខ្នាតខ្លី “Lugh-O-Grams” មួយខ្លួនឯង ដោយខ្ចីកាមេរ៉ាថតពី Iwerks-Disney Commercial Artists។ មិនយូរប៉ុន្មាន រូបត្លុកំប្លែងរបស់ Disney បានទទួលការគាំទ្រជាខ្លាំងក្នុងទីក្រុង កាន់សាស ហើយគាត់ចាប់ផ្តើមជ្រើសរើសតួសម្តែងសម្រាប់ភាពយន្តគំនូរជីវចល​ ប៉ុន្តែគាត់មិនទាន់មានប្រាក់គ្រប់គ្រាន់សម្រាប់ចំណាយលើបុគ្គលិកនៅឡើយ។

រឿងនេះបានធ្វើឱ្យ Walt Disney សម្រេចចិត្តផ្លាស់មកកាន់ Hollywood ដោយគាត់បានលក់ម៉ាស៊ីនថតខ្សែភាពយន្តរបស់គាត់នៅខែ កក្កដា ឆ្នាំ ១៩២៣។ គាត់បានដើររកការងារធ្វើនៅតាមស្ថានីយជាច្រើន ប៉ុន្តែរកមិនបានសោះ។ ចុងក្រោយគាត់សុំឱ្យ Roy Disney ដែលបងប្រុសបង្កើត និងមិត្តរបស់គាត់ Iwerks ចូលរួមជាមួយគាត់ដើម្បីបង្កើតស្ថានីយ Disney Brother’s Studio

ភាពយន្តគំនូរជីវចលដំបូងរបស់ Disney គឺ Mortimer ដែលចុងក្រោយត្រូវប្តូរមកជា Mickey Mouse វិញ។ នៅពេលដែលភាពយន្តគំនូរជីវចល Mickey Mouse កាន់តែពេញនិយមពីសំណាក់អ្នកគាំទ្រកុមារៗ Disney បានបង្កើតរូបតុក្កតាពិតៗជាមួយនិងសម្លៀកបំពាក់ស្អាតៗ ដែលនេះបានធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងធំក្នុងវិស័យឧស្សាហកម្មគំនូរត្លុកកំប្លែង។

ក្រោយពីនោះមកទៀត Walt Disney បានប្រមូលគំនិតបង្កើតរូបភាពកំប្លែងទាំងអស់ ទៅបង្កើតពិភពតុក្កតាពិតប្រាកដមួយសម្រាប់មនុស្សគ្រប់គ្នាចូលលេងកម្សាន្តហៅថា Disneyland ហើយវាបានធ្វើឱ្យលោកបានទទួលជោគជ័យ និងសម្រេចក្តីសុបិន្តក្នុងជីវិតរបស់លោក។

នៅថ្ងៃទី ១៥ ខែ ធ្នូរ ឆ្នាំ ១៩៦៦ លោក Walt Disney បានទទួលមរណៈភាព ១០ ថ្ងៃក្រោយពីថ្ងៃខួបកំណើត ៦៥ របស់លោក ដោយជម្ងឺមហារីក។

ជោគជ័យរបស់ Walt Disney គឺកើតចេញពីភាពច្នៃប្រឌិត ទេពកោសល្យ និងចំណង់ចំណូលចិត្តដ៏ជា្រលជ្រៅរបស់លោកក្នុងការបង្កើតឧស្សាហកម្មគំនូរជីវចល និងរូបត្លុកកំប្លែងដ៏ល្បីរហូតមកទល់បច្ចុប្បន្ន ហើយលោកក៏បានបង្ហាញ​ឱ្យមនុស្សគ្រប់គ្នាឃើញថា សុបិន្ត អាចក្លាយជាការពិតបាន គឺអាស្រ័យលើការខិតខំប្រឹងប្រែងឥតឈប់ឈរ៕

រូបភាពខ្លះៗពី Disneyland

ប្រភព៖ digitalperiod

ប្រែសម្រួលដោយ៖ Ciel

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕