តើអ្នកជំនួញអាចរៀនអ្វីបានខ្លះពីក្រុមសង្គមងងឹត?

1855

ពិភពជំនួញមិនសូវខុសគ្នាពីពិភពសង្គមងងឹតប៉ុន្មានឡើយដោយយើងដកចេញតែការជួញដូរខុសច្បាប់ ឬការសម្លាប់គ្នាទៅវិញទៅមកប៉ុណ្ណោះ។ ម្ដាយរបស់លោក Richard Brandson ធ្លាប់បាននិយាយថាពេលធំឡើងកូនរបស់គាត់ បើកូនគាត់មិនក្លាយទៅជាជនពាលទេ ក៏ក្លាយទៅជាអ្នកជំនួញដែរ ដោយការនិយាយបែបនេះបង្ហាញថាដើម្បីជោគជ័យបានក្នុងពិភពទាំងពីរនេះគឺអ្នកជំនួញ និងជនពាលត្រូវមានលក្ខណៈសម្បត្តិប្រហាក់ប្រហែលគ្នាទើបអាចសម្រេចកិច្ចការធំៗបាន។ ខាងក្រោមនេះគឺជាវិធីសាស្ត្រក្នុងការធ្វើការដែលអ្នកជំនួញអាចរៀនបាន ពីក្រុមជនពាល។ 

១. ពូកែចរចា៖ ពួកជនពាលល្បីៗ ពូកែបំផុតគឺការចរចាមិនថាជាមួយប៉ូលីស ក្រុមជនពាលដទៃទៀត ឬ អ្នកក្រោមបញ្ជាឡើយ។ នេះគឺជាការចាំបាច់សម្រាប់ពួកគេ មិនដូច្នោះទេនឹងត្រូវជនពាលដទៃធ្វើស៉ីមិនខាន។ 

២. ជួបមុខគ្នាផ្ទាល់៖ ការជួបមុខគ្នាផ្ទាល់គឺល្អជាងការចរចាគ្នាតាមទូរស័ព្ទឬ តាមអ្នកតំណាង ដើម្បីជៀសវាងការយល់ច្រឡំ និងការបកស្រាយមិនអស់សេចក្ដី ដែលអាចនាំអោយមានរឿងដល់ថ្ងៃក្រោយ។ បើចង់សហការរកស៉ីជាមួយនរណាម្នាក់គឺយើងត្រូវទៅជួបផ្ទាល់ភ្លាមៗ កុំបង្អង់យូរ ហើយត្រូវរៀបចំពាក្យនិយាយអំពីផែនការអោយបានច្បាស់លាស់និងម៉ឺងម៉ាត់។ 

៣. ធ្វើអោយមានការភ្ញាក់ផ្អើលដល់គូរប្រជែង៖ ពួកជនពាលរៀបយុទ្ធសាស្ត្រថ្មីៗដែលដៃគូរប្រជែងមិនអាចគិតទុកមុនបាន។ បើនៅក្នុងជំនួញវិញយើងអាចយកឧទាហរណ៍ក្រុមហ៊ុន Apple ដែលកាលពីឆ្នាំ ២០០៧ បានបញ្ចេញ iPhone។ ពេលនោះ Nokia ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទធំបំផុតរបស់ពិភពលោក មិនសូវចាប់អារម្មណ៍ ហើយមានអំនួតថាផលិតផលខ្លួននៅតែល្អជាងគេ។ ចុងបញ្ចប់យើងដឹងហើយថាពេលនេះ Nokia នៅទីណា។

៤. ពូកែបង្កើតក្រុម៖ ជនពាលដែលអាចសម្រេចកិច្ចការបាន គឺពួកគេចេះជ្រើសរើសមនុស្សដែលមានសមត្ថភាពសម្រាប់ធ្វើការងារធំៗនិងគ្រោះថ្នាក់បាន។ 

៥. ប្រើមនុស្សដោយប្រើទឹកលុយ៖ មនុស្សស្ទើរតែទាំងអស់សុទ្ធតែចូលចិត្តលុយ ក្នុងរឿងជនអន្ដពាលយើងតែងតែឃើញថាមុនឬក្រោយមេធំបញ្ជាអោយកូនចៅទៅធ្វើរឿងអ្វីមួយគឺតែងតែអោយលុយឬតម្លើងតំណែងអោយ។ ចំណែកឯក្នុងការរកស៉ីវិញដើម្បីជួលមនុស្សធ្វើកិច្ចការសំខាន់បានល្អហើយលឿនគឺយើងត្រូវចេះអោយកំរៃជើងសារដល់ពួកគេផងដែរ។ បទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំគឺទាក់ទងនឹងការលក់ផ្ទះល្វែង ដោយបុគ្គលិកអ្នកលក់ម្នាក់ៗអាចរកប្រាក់បានខ្ទង់ពាន់ដុល្លារក្នុងការលក់ផ្ទះនីមួយៗ។ ប្រសិនបើអ្នកឆ្ងល់ថាពេលខ្លះកូនចៅធ្វើការមិនបានល្អឬមិនទាន់ពេល នេះអាចមកពីការមិនផ្ដល់អ្វីគ្រប់គ្រាន់ដល់ពួកគេហើយ។

៦. មានលុយទុកនៅខ្លួនច្រើន៖ ប្រសិនបើលុយយើងកប់ច្រើនដោយសារការទិញរបស់ ឬអចលនទ្រព្យច្រើន វាអាចនឹងធ្វើអោយរាំងស្ទះដល់ការធ្វើកិច្ចការបន្ទាន់ណាមួយដែលប្រើលុយច្រើន។ ឧទាហរណ៍ Apple មានលុយក្នុងធនាគាររហូតដល់ ៦០ពាន់លានដុល្លា ហើយប៉ុន្មានឆ្នាំមុន Apple ទិញ Beat អស់ ៣ពាន់លានដុល្លា បានយ៉ាងងាយស្រួលដោយខ្លួនមានប្រាក់ក្នុងធនាគារសម្រាប់បង្វិលបានទាន់ពេល។ 

៧. រក្សាពាក្យសច្ចៈ៖ បើពួកជនពាលមិនរក្សាពាក្យសន្យាមុននឹងឆាប់នឹងត្រូវគេសម្លាប់ចោល រីឯក្នុងការរកស៉ីបើយើងមិនស្មោះត្រង់ជាមួយដៃគូរសហការនោះទេ មុននឹងក្រោយគេនឹងឈប់រកស៉ីជាមួយយើងហើយដើរប្រាប់ពីចំនុចអាក្រក់យើងអោយទៅអ្នករកស៉ីដទៃទៀត។

៨. ភាពស្មោះត្រង់៖ ក្រុមជនពាលប្រើពាក្យជនបង្កប់សម្រាប់សមាជិកណាដែលមិនស្មោះត្រង់ក្នុងក្រុមរបស់ខ្លួន។ នៅក្នុងជំនួញរបស់យើង បើមានបុគ្គលិកណាជាជនបង្កប់ហើយតែងតែបញ្ចេញកិច្ចការផ្ទៃក្នុងរបស់យើងអោយទៅអ្នកដទៃ នោះយើងត្រូវដេញចោលភ្លាម ជៀសវាងការបែកធ្លាយយុទ្ធសាស្ត្ររកស៉ីរបស់យើងទៀត។
៩. មានទំនាក់ទំនងជាមួយជនពាលដទៃទៀត៖ ជនពាលអាចរកស៉ីបានដោយសារការសហការណ៍ជាមួយជនពាលដទៃទៀតទោះបីជាពេលខ្លះពួកគេមិនត្រូវគ្នាក៏ដោយ ដើម្បីរក្សាស្ថានការណ៍កុំអោយចលាចលនិងមានគ្នាចាំការពារ ហើយចុងក្រោយពួកគេចែកលុយគ្នា។ រីឯការរកស៉ីក៏ប្រហាក់ប្រហែលគ្នាដែរ គឺទាល់តែយើងចេះរកស៉ីជាមួយអ្នកជំនួញដទៃទៀតទើបអាចរីកចម្រើនបានរហ័ស ព្រោះយើងមិនចេះគ្រប់ជំនាញឡើយ។

ចុងបញ្ចប់ អត្ថបទនេះគ្រាន់តែចង់បង្ហាញពីតិចនិចរបស់ពួកជនពាលដែលអាចយកមកប្រើប្រាស់បានក្នុងការរកស៉ីរបស់យើង មិនមែនយើងចង់លើកសរសើរពីពួកជនពាលទេ។ អ្នកអានមិនចាំបាច់ទៅចូលរួមក្រុមអន្ដពាលដើម្បីយល់ដឹងពីការរកស៉ីរបស់ពួកគេទេ តែអ្នកអាចយល់ដឹងពីជនទាំងនោះបានតាមរយៈរឿង ដូចជាThe Godfather, Goodfellar ឬ Ocean’s Eleven ជាដើម៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។