ប្រភេទនៃពាណិជ្ជកម្មអេឡិចត្រូនិច B2B, B2C, C2B និង C2C

2328

អ្នកតែងតែឃើញពាក្យដូចជា B2B, B2C, C2B ឬ C2C ហើយឆ្ងល់ថាពួកវាប្រើសម្រាប់សម្គាល់អ្វី។ តាមពិតវាសុទ្ធតែជាការធ្វើអាជីវកម្មលើអ៉ីនធើណេត ហើយការទូទាត់ក៏ដូចគ្នាដែរ។ ពីមួយថ្ងៃទៅមួយថ្ងៃយើងសង្កេតឃើញថាអាជីវកម្មប្រភេទនេះកាន់តែត្រូវបានប្រើប្រាស់ច្រើនឡើងនៅក្នុងប្រទេសរបស់យើង ហើយពេលនេះ Apamat សូមបកស្រាយជូនអ្នកអានទាំងអស់គ្នា។

១. B2B ( Business to Business)
ផ្ដោតលើការផ្ដល់ទំនិញពីអាជីវកម្មមួយទៅអាជីវកម្មមួយទៀតមានដូចជាការផ្ដល់សេវាកម្ម ទំនិញ គ្រប់ប្រភេទជាលក្ខណៈបោះដុំ ឬ ផ្ដល់ជា Server សម្រាប់ផ្ទុកទិន្នន័យជាដើម។ ឧទាហរណ៍ប្រភេពអាជីវកម្ម B2B មានដូចជា ExxonMobil និង Chevron ដែលសុទ្ធតែជាក្រុមហ៊ុនខាងផលិតប្រេង ឬ Alibaba ដែលជាក្រុមហ៊ុនលក់ផលិតផលបោះដុំធំបំផុតរបស់ពិភពលោក។ 

២. B2C (Business to Consumer)
ស្រដៀងទៅនឹងការលក់រាយធម្មតាដោយខុសគ្នាតែអាជីវកម្មទាំងនោះលក់ផលិតផលរបស់ខ្លួនទៅអោយអតិថិជនម្នាក់ៗតាមការកម្ម៉ង់អនឡាញ។ នេះគឺជាប្រភេទពាណិជ្ជកម្មអេឡិចត្រូនិចដែលគេប្រើប្រាស់ច្រើនជាងគេហើយឧទាហរណ៍របស់វាមានដូចជា Amazon ឬ Wal-Mart សូម្បីតែការលក់អនឡាញនៅប្រទេសយើងមួយចំនួនក៏អាចចាត់ថាជា B2C ផងដែរ។

៣. C2C (Consumer to Consumer)
អាជីវកម្មប្រភេពនេះអនុញ្ញាតអោយបុគ្គលម្នាក់លក់ទៅកាន់បុគ្គលម្នាក់ទៀត ដោយមិនចាំបាច់មានស្ដុកទុកច្រើនដូចហាងធំៗឡើយ។ ជាទូទៅគេលក់តែផលិតផលតិចតួច ឬរបស់ប្រើហើយ ដូចជានៅលើ eBay រីឯនៅកម្ពុជាយើងគឺមាន khmer24។

៤. C2B (Consumer to Business)
អាជីវកម្មប្រភេទនេះគឺរាងប្លែកពីគេ និងមិនសូវមានអ្នកចាប់អារម្មណ៍ទៀតផង។ បើសិនជាយើងប្រៀបធៀបនឹងអាជីវកម្មធម្មតាគឺវាប្រៀបដូចជា ការលក់ពីហាងលក្ខណៈតូចតាចទៅកាន់ក្រុមហ៊ុនធំៗ ហើយអាជីវកម្មប្រភេពនេះទើបតែចាប់ផ្ដើមមានសន្ទុះរយៈពេលប៉ុន្មានឆ្នាំចុងក្រោយដោយសារតែការរីកចម្រើននៃបច្ចេកវិទ្យា។ ការធ្វើអាជីវកម្មបែបអេឡិចត្រូនិចគឺយើងអាចចាត់ទុកថាជាក្រុមហ៊ុនជួលអ្នកប្រើប្រាស់អោយផ្សព្វផ្សាយផលិតផលរបស់ខ្លួនជាការដោះដូរនឹងប្រាក់កាស ទំនិញ ឬសេវាកម្មផ្សេងៗ ពេលខ្លះក៏អ្នកប្រើប្រាស់អាចលក់ទំនិញទៅអោយក្រុមហ៊ុនផងដែរ។ ឧទាហរណ៍ដូចជាការអនុញ្ញាតអោយមានការផ្សាយពាណិជ្ជកម្មលើវីដេអូក្នុងយូធូបរបស់យើង ឬ យើងលក់រូបថត ស្នាដៃសិល្បៈ និងឌីស្សាញ ទៅកាន់ក្រុមហ៊ុនដែលចាប់អារម្មណ៍ក្នុងការទិញយកទៅប្រើប្រាស់៕

ប្រភព៖ selfstartr

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។