លោកស្រី CEO Arianna Huffington​ ផ្តល់ដំបូន្មានសំខាន់ៗទៅកាន់ស្រ្តីជំនួញគ្រប់រូបដែលកំពុងមានបញ្ហាតានតឹង

710

នៅមុនថ្ងៃចូលរួមកម្មវិធី Annual Women in the World Submit លើកទី៨ លោកស្រីបានបង្ហោះវីដេអូមួយដែលអនុញ្ញាតអោយប្រិយមិត្តលើ Linkedln សួរសំណួរអ្វីក៏បានមកកាន់លោកស្រី។ ក្នុងនោះផងដែរ គេសង្កេតឃើញថាមានសំណួរច្រើនមែនទែនទាក់ទងនឹងបញ្ហាស្ត្រេស ភាពជាអ្នកដឹកនាំ ផលិតភាពការងារ ការធ្វើអោយមានតុល្យភាពរវាងគ្រួសារនិងការងារ។ ក្រោយមកលោកស្រីក៏បានស្រាយនូវចម្ងល់របស់ប្រិយមិត្តទាំងនោះ។ ខាងក្រោមនេះគឺជាដំបូន្មានដែលអ្នកស្រីឆ្លើយតបជារួមទៅកាន់ម្ចាស់សំណួរ៖

១. តុល្យភាពរវាងគ្រួសារនិងការងារ

ប្រិយមិត្តរបស់លោកស្រីចោទជាសំណួរថា តើយើងគួរធ្វើបែបណាដើម្បីបែងចែកទំនួលខុសត្រូវទាំងពីរព្រមគ្នា ខណៈដែលការងារក៏មានច្រើន និងត្រូវមានកូនៗក៏ដូចជាគ្រួសារត្រូវមើលថែទាំទៀត? Huffington បានអោយយោបល់ថា បញ្ហាទាំងអស់នេះគឺទាក់ទងនឹងការផ្តល់អាទិភាព និងការធ្វើបន្ថែមទៀតនូវពេលវេលានៅសល់ដែលយើងមាន។ លោកស្រីនិយាយថា គួរតែលះបង់ពេលវេលាដែលចំណាយលើការអូសចុះអូសឡើងនៅប្រព័ន្ធបណ្តាញសង្គុមខ្លះ។ ផ្ទុយមកវិញ អ្នកគួរចំណាយពេលវេលាទាំងនោះយកមកអភិវឌ្ឍន៍ផ្នែកជំនួញ ឬផ្នែកណាមួយដែលធ្វើអោយអ្នកពេញចិត្ត។

២. ទម្លាប់គេងមិនលក់

លោកស្រីបាននិយាយថា មុនដំបូងយើងត្រូវធ្វើវាអោយក្លាយជាទម្លាប់មួយសិន។ លោកស្រីលើកឡើងថា រឿងដែលសំខាន់គឺយើងត្រូវធ្វើអោយប្រាកដថា ពេលវេលាណាដែលយើងអាចដកទូរស័ព្ទឆ្ងាយពីខ្លួនបាន ហើយដាក់នៅឆ្ងាយពីដៃដែលអ្នកមិនងាយស្រួសក្នុងការឈោងយកបាន។ ការមានទម្លាប់បែបនេះគឺធ្វើអោយអ្នកក្រោកពីគេងមកមានថាមពលដូចដែលទូរស័ព្ទអ្នកបានសាកថ្មពេញដូច្នោះដែរ។ រឿងមួយទៀត លោកស្រីបានអោយយោបល់ថា ការធ្វើសមាធិក៏ជាជំនួយដ៏មានប្រសិទ្ធភាពក្នងការគេងបានស្កប់ស្កល់ផងដែរ។

៣. ការគ្រប់គ្រងស្ត្រេស ភាពតានតឹង និងការប្រឈមមុខនឹងភាពមិនច្បាស់លាស់

អ្នកគាំទ្រលោកស្រីលើ Linkedln បានសួរថា បច្ចុប្បន្ននាងមានតំណែងការងារមួយ។ ប៉ុន្តែនាងហាក់ដូចជាពិបាកណាស់ក្នុងការបែងចែកជីវិតផ្ទាល់ខ្លួន ពីព្រោះនាងតែងមានបញ្ហាស្ត្រេសជានិច្ច។ លោកស្រី Huffington បានណែនាំអោយការថែទាំសុខភាពអោយបានល្អសិន។ ការមានសុខភាពល្អតាមរយៈការញាំអាហារល្អៗ ព្រមទាំងគេងបានគ្រប់គ្រាន់ប្រៀបបានដូចជាការបញ្ចូលថ្មដូច្នោះដែរ។ នៅពេលអ្នកមានសុខភាពល្អអាចនឹងមានការគិតដ៏ល្អមួយដែលនាំអោយអ្នកសម្រេចចិត្តបានល្អ។ ម្តងទៀត លោកស្រីពន្យល់ថាយើងគួរគេងអោយបានគ្រប់គ្រាន់ និងកាត់បន្ថយពេលវេលាក្នុងពិភពឌីជីថលខ្លះ។ ការគេងមិនលក់គឺបណ្តាលមកពីការធ្វើការច្រើនពេក និងភាពសកម្មជ្រុលលើបណ្តាញសង្គម។

៤. ការប្រឈមមុខនឹងភាពភ័យខ្លាច

អ្នក follow លើ LinkedIn របស់លោកស្រីបានសួរថា តើគួរធ្វើយ៉ាងណាក្នុងការប្រឈមមុខក្នុងភាពភ័យខ្លាច? ឧទាហរណ៍ដូចជាការប្តូរការងារជាដើម។ លោកស្រីបានលើកពីសម្តីដែលម្តាយរបស់គាត់ធ្លាប់ប្រាប់​ “ ការដែលមិនភ័យមិនមែនមានន័យថាវាជាអវត្តមាននៃភាពភ័យខ្លាចទេ ប៉ុន្តែវាជាសមត្ថភាពដែលយើងអាចបង្ហាញថាយើងយល់ពីភាពភ័យខ្លាចហើយនឹងគ្មានបញ្ហាអ្វីទៀតទេក្នុងការប្រឈម”។ ការបរាជ័យមិនមែនផ្ទុយគ្នានឹងការជោគជ័យទេ ប៉ុន្តែវាជាថ្មមួយដែលយើងអាចជាន់ដើម្បីទៅកាន់ភាពជោគជ័យបាន។

ជាចុងក្រោយ Huffington បានសង្កត់ធ្ងន់លើចំណុចបីសំខាន់ៗដែលនាំលោកស្រីទៅកាន់ភាពជោគជ័យដ៏ធំមួយនេះ៖

  • ត្រូវចេះផ្តល់អាទិភាពជានិច្ច ហើយពេញចិត្តនូវភាពមិនពេញលេញ
  • ចេញពីពិភពឌីជីថលខ្លះ ហើយបន្ថែមថាមពលនៃជីវិតរបស់អ្នកអោយដូចជាសាកថ្មទូរស័ព្ទអញ្ចឹង
  • កុំភ័យខ្លាចចំពោះភាពបរាជ័យ ៕

 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi readers, my name's Jing Chhing and I'm currently a junior student studying at IFL. Personally, my daily hobby is reading and reading business news provide me a massive understanding so I would love to share it to all of you too.